ជាព័ត៌មានពិតកើតឡើងនៅឯប្រទេសចិន ដោយមានករណីក្មេងស្រីម្នាក់អាយុ ១៩ ឆ្នាំ បានកើតជំងឺរលាកក្រពះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ដែលប៊ិះតែនឹងអស់ជីវិត បើបណ្តែតបណ្តោយទុកយូរជាងនេះ។
នាងរស់នៅខេត្តស៊ីឈួន ប្រទេសចិន ជាតំបន់ដែលគេពេញនិយមប្រភេទអាហារហឹរខ្លាំងបំផុត ហើយទម្លាប់បរិភោគរបស់នាង អាហារដែលនាងចម្អិនសុទ្ធតែមានជាតិហឹរទាំងអស់។ យូរទៅក៏ធ្វើឲ្យក្រពះនាងស្តើង ប្រៀបបាននឹងមនុស្សចាស់អាយុ ៧០ ឆ្នាំ ហើយវ័យដែលកំពុងពេញសប្បាយ ពេញរូបរាងពេញរាងស្អាតបាត តែបែរជាមកគេងលើគ្រែពេទ្យបែបនេះទៅវិញ។
តាំងពីពេលនោះមក នាងត្រូវបានណែនាំឲ្យបញ្ចៀសនូវការបរិភោគអាហារហឹរ ឬកាត់បន្ថយឲ្យបានច្រើនបំផុត ក៏ដូចជាអាហារ ៣ ប្រភេទខាងក្រោមនេះទៀត៖
៣) អាហារត្រាំ
ប្រភេទជ្រក់ស្ពៃ ឬជ្រក់បន្លែផ្សេងទៀត ដែលគេយកទៅត្រាំរយៈពេលយូរ ពេលផ្អាប់ទុកយូរ វាកាន់តែមិនល្អចំពោះសុខភាព។ ដោយសារវាមានផ្ទុកជាតិអំបិលច្រើន ដោយនៅពេលលេបចូលពោះ ជាតិនីត្រាតនឹងត្រូវប្តូរទៅជាតិនីត្រូមីទីន ដែលជាសារធាតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្រពះ។
២) សាច់កែច្នៃ
សាច់កែច្នៃដូចជាសាច់ក្រក ឬសាច់ដទៃផ្សេងទៀត រសជាតិរបស់វាឆ្ងាញ់អាចទាក់ទាញចិត្តមនុស្សជាច្រើន។ ប៉ុន្តែវាក៏ដាក់សម្ពាធខ្លាំងទៅលើក្រពះដូចគ្នា ព្រោះកំឡុងពេលកែច្នៃវាបានបន្ថែមចូលនូវគ្រឿងជាច្រើន ហើយនៅពេលយើងយកទៅដុតចម្អិន ការដែលបង្កើតចេញនូវសារធាតុ Benzopyrene គឺវាកាន់តែប៉ះពាល់ដល់ក្រពះរបស់យើង។
១) អាហារបំពង
អាហារបំពង ចៀនដែលមានជាតិខ្លាញ់ច្រើន នៅសីតុណ្ហភាពកាន់តែខ្ពស់ កាន់តែផលិតចេញនូវជាតិពុល។ ជាពិសេសនៅពេលខ្លាញ់ដែលគេយកទៅប្រើប្រាស់នោះ បន្តប្រើម្តងហើយម្តងទៀត វាកាន់តែបង្កនូវគ្រោះថ្នាក់ដល់សុខភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក