ជាទូទៅការបង្កាត់ភ្លើងស្នេហ៍ក្នុងវ័យចាស់ទុំជាមួយនារីណាម្នាក់ដែលយើងស្រលាញ់ វាពុំមែនជារឿងងាយនោះទេ មិនមែនដូចស្នេហាក្មេងខ្ចី ដែលនិយាយពាក្យ "ស្រលាញ់" ចុះឡើង ហើយអាចស្រលាញ់គ្នាបាននោះឡើយ។
ផ្ទុយទៅវិញស្ថិតក្នុងវ័យនេះ គឺទាមទារឲ្យអ្នកចេះយល់ចិត្តគ្នា យល់ពីអត្តចរិតរបស់គេច្បាស់ និងចំណូលចិត្តរបស់គេច្បាស់ ទើបងាយយកបានពិន្ទុខ្ពស់ និងទទួលបានការស្រលាញ់ពីគេត្រលប់មកវិញ។ ខាងក្រោម Knongsrok បង្រៀនយុទ្ធសាស្រ្ត ៤ ដែលបុរសគួរធ្វើនៅថ្ងៃណាត់ជួបដំបូង៖
៤) ប្រើប្រាស់អារម្មណ៍ពិតស្តាប់នាង
នៅពេលដែលនិយាយគ្នា អ្នកត្រូវផ្ទៀងផ្ទាត់ស្តាប់នាងឲ្យបានល្អ ហើយឆ្លើយតបទៅវិញឲ្យចំប្រធានបទ ដែលធ្វើឲ្យនាងមានអារម្មណ៍ថាសន្ទនាជាមួយអ្នក គឺឆាប់យល់គ្នា និងងាយចុះសម្រុងគ្នា។ បើឆ្លងកាត់ចំណុចនេះមួយដោយជោគជ័យហើយ អ្នកនឹងទទួលបានពិន្ទុខ្ពស់មួយផ្នែកធំ។
៣) Surprise ឲ្យចំគោលដៅ
អ្នកត្រូវយល់ឲ្យបានច្បាស់សិន ថានាងចូលចិត្តអ្វី មិនថារបស់ធំតូច ដែលនាងស្រលាញ់ គឺត្រូវបង្កើតភាពភ្ញាក់ផ្អើលឲ្យចាក់ចំកណ្តាលបេះដូងនាង។ ឧទាហរណ៍៖ ចំណូលចិត្តរបស់នាងចូលចិត្តទទួលទានកាហ្វេ ស្ករ ៥០ ភាគរយ តែនាងមិនធ្លាប់ប្រាប់យើងទេ ហើយពេលណាត់ជួប យើងក៏បានកុម្ម៉ង់របស់នោះឲ្យនាង ដោយមិនចាំបាច់សួរនាំនាង។
ជាទូទៅមនុស្សស្រីរីករាយនិងមានអារម្មណ៍កក់ក្តៅបំផុត ពេលដែលបាននៅក្បែរមនុស្សប្រុសដែលនាងយល់ថា គេយល់ច្បាស់ពីនាង ដឹងគ្រប់យ៉ាងពីនាង មិនថាជារឿងតូចឬធំ។
២) គោរពនាង
មនុស្សស្រីត្រូវការការឲ្យតម្លៃខ្ពស់បំផុត។ អ្នកមិនអាចលេងសើចខ្លាំង ឬនិយាយអ្វីដែលហួសព្រំដែនខ្លាំងនោះឡើយ ទាំងកាយវិការក៏ដូចគ្នា អ្នកមិនអាចជ្រុលពេកឡើយទៅលើនាង ដែលអាចធ្វើឲ្យនាងមានអារម្មណ៍ថា មិនសុវត្ថិភាពពេលនៅក្បែរអ្នក។
លើសពីនេះពេលជជែកគ្នាដល់ចំណុចដែលនាងចូលចិត្ត ឧទាហរណ៍៖ ទាក់ទងនឹងក្តីស្រមៃឬបំណងប្រាថ្នាណាមួយ អ្នកត្រូវចេះប្រើពាក្យដែលគោរព និងលើកទឹកចិត្តនូវការចង់បានរបស់នាង ឲ្យនាងអាចសម្រេចទៅដល់គោលដៅ។
១) យល់ពីចំណូលចិត្តនាង
វាស្រដៀងនឹងចំណុចទី ២ ដែរ តែចំណុចនេះរាងចាក់ដោតស៊ីជម្រៅសឹងតែគ្រប់ជ្រុង។ មិនថាតែចំណូលចិត្តនៃការទស្សនាភាពយន្ត ការចូលចិត្តអានសៀវភៅណាមួយ ឬការចូលចិត្តទៅកន្លែងណា អ្នកអាចស្រាវជ្រាវបាន តាមចំណូលចិត្តរបស់នាង ដែលបានចែកចាយលើបណ្ដាញសង្គម ឬស៊ើបសួរតាមរយៈមិត្តភ័ក្ដិរបស់នាង ឬសួរនាំនាងឲ្យចំចំណុចហើយព្យាយាមចងចាំទុកទៅពេលក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក