យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail បានលើកឡើងអំពីបញ្ហាដែលពិបាកនឹងជឿ ដោយបានចោទជាសំណួរសួរថា "ប្រសិនបើ មនុស្សជាង ៧ពាន់លាននាក់ នៅលើភពផែនដីនេះ ពិតជាបាត់ខ្លួនទៅទាំងអស់មែននោះ តើផែនដីនឹងវិវឌ្ឍន៍ទៅជាដូចម្តេច"?
មែនហើយ ចំពោះបញ្ហាមួយនេះ យើងពិតជាពិបាកនឹងរកមូលហេតុជាចម្បង ដែលនឹងអាចធ្វើឱ្យមនុស្សលោកទាំងអស់ លែងមានជីវិតរស់នៅលើភពផែននេះ។
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ជាក់ស្តែង បើតាមក្រុមអ្នកវិភាគតាមបែបវិទ្យាសាស្ត្របានឱ្យដឹងថា ប្រសិនបើផែនដីមិនមានមនុស្សរស់នៅ មិនមានអ្វីដែលជាការប្រែប្រួលទាល់តែសោះ ដោយការប៉ាន់ស្មាន វាពិតជាគួរឱ្យរន្ធត់យ៉ាងខ្លាំង ក្នុងការសម្លឹងឃើញផែនដីមួយនេះ នឹងក្លាយជាសភាពស្ងប់ស្ងាត ដែលគួរឱ្យខ្លាច។
សោកនាដកម្មដែលមនុស្សគ្រប់រូបមិនចង់ស្រមើស្រមៃទាល់តែសោះ ប្រសិនបើនៅសុខៗក៏ស្រាប់តែពន្លឺដែលកំពុងតែបំភ្លឺភពផែនដីនេះ ប្រែទៅជារលត់សូន្យសុង ចំណែកឯរោងចក្រនុយក្លេអ៊ែរនានា នៅទូទាំងពិភពលោកនឹងត្រូវផ្ទុះឡើង។
រីឯរយៈពេលបន្ទាប់មកទៀត សព្វសត្វទាំងឡាយដែលមនុស្សចិញ្ចឹម នឹងត្រូវស្លាប់អស់ ដោយសារតែពុំមានចំណីអាហារគ្រប់គ្រាន់ នោះជាសភាពមួយដែលគួរឱ្យសង្វេគយ៉ាងខ្លាំង។
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ដោយឡែកសត្វព្រៃផ្សេងៗ នឹងអាចមានវត្តមានដដែល ប៉ុន្តែបើពួកវាស្ថិតនៅតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលបានរលំរលាយនោះ ជីវិតពួកវាក៏មិនគង់វង់នោះដែរ ព្រោះរលកនៃធាតុវិទ្យុសកម្ម នឹងបំផ្លាញជីវៈចំរុះទាំង លើគោក ក្នុងទឹក និងអាកាស។
ចាប់ពីរយៈពេលរាប់ពាន់ឆ្នាំឡើងទៅ អគារ សំណង់ វត្ថុប្រើប្រាស់ ឬចំណាក់ផ្សេងៗដែលមនុស្សបង្កើតឡើងនោះ វាគ្រាន់តែជាតឹកតាង ដែលបានបន្សល់ទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា មហាកំផែងចិន ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទពីរ៉ាមីតជាដើម ហើយតថភាពទាំងមូល ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវីដេអូឯកសារ ដែលត្រូវបានបង្កើតឡើងដោយ National Geographic ឬក៏លោកអ្នកអាចឆែកក្នុង Youtube ដោយវាយចំណងជើងថា «The World without Humans»។
តែយ៉ាងណាមិញ ចំណុចពិសេសដែលយើងត្រូវដឹងនោះគឺ មិនមានមូលហេតុណាមួយ ដែលនឹងធ្វើឱ្យមនុស្សត្រូវបាត់ខ្លួនពីផែនដីទាំងអស់នោះឡើយ លើកលែងតែមនុស្សទាំងអស់មានការស្ម័គ្រចិត្តធ្វើវាឡើងព្រមៗគ្នា។
បច្ចុប្បន្នមនុស្សនៅលើផែនដីមានចំនួន ៧.៦ពាន់លាននាក់ ដោយប្រទេសចិនឈរនៅលេខរៀងទី១ ឥណ្ឌាលេខរៀងទី២ និងអាមេរិកលេខ៣ ហើយបូកចំនួនចូលគ្នាប្រទេសយក្សទាំងបី គឺស្នើនឹងជិត ២ពាន់លាននាក់ទៅហើយ។
ហើយកាលពីពេលថ្មីៗកន្លងទៅនេះ អង្គការសហប្រជាជាតិបានធ្វើការប៉ាន់ស្មានថា នៅឆ្នាំ២១០០ មនុស្សលើភពផែនដី នឹងកើនចំនួនដល់ ១១.៨ពាន់លាននាក់បន្ថែមទៀត ដែលវាពិតជាសោកនាដកម្មធំបំផុត សម្រាប់ផែនដី។
បញ្ហាដែលមនុស្សនឹងត្រូវប្រឈមមុខ គឺ កង្វះផ្ទៃដីរស់នៅ កង្វះចំណីអាហារ ការកាប់បំផ្លាញព្រៃឈើ និងគ្រោះធម្មជាតិនានាជាដើម។ ដោយហេតុយើងឃើញក្នុងពេលបច្ចុប្បន្ននេះជាក់ស្ដែង ដែលរាល់ការប្រព្រឹត្តរបស់មនុស្សយើងនេះឯង ដែលនឹងធ្វើឱ្យភពផែនដីនឹងត្រូវជួបនូវហានិភ័យយ៉ាងខ្លាំងដល់កូនចៅជំនាន់ក្រោយ៕