[…]
ការនិយាយស្ដី គឺជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។
ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគតដោយសារតែពាក្យសម្ដីមួយម៉ាត់របស់យើងទេ សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិចរួចលើកខ្លួនឯង។
គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះឡើយ សូម្បីតែយើងខ្លួនឯងក៏ដូចគ្នាដែរ។ បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃគេក៏ចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។
បើយើងហាមាត់និយាយអាក្រក់ពីនរណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ព្រោះមនុស្សល្អមិននិយាយអាក្រក់ឬទិតៀនអ្នកដទៃនោះឡើយ។
ម្យ៉ាង បើយើងនិយាយអាក្រក់ពីគេ មិនត្រឹមតែគេនោះទេដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ សូម្បីយើងក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ មានន័យថា នៅពេលយើងនិយាយអាក្រក់ពីគេ នោះគេច្បាស់ជាខឹងសម្បាយើង គេច្បាស់ជាមានគំនុំគុំកួនយើង ហើយគេច្បាស់ជានិយាយអាក្រក់ពីយើងវិញដូចគ្នា។
ការនិយាយពាក្យឆ្កឹះឆ្កៀល ចាក់ដោត ឈ្នានីស និងស៊កសៀតគ្នាទៅវិញទៅមកបែបនេះ គឺគ្មានផលចំណេញទាំងសងខាង។
ហេតុនេះ មុននឹងនិយាយអាក្រក់អំពីនរណាម្នាក់ យើងត្រូវសួរខ្លួនឯងជាមុនសិនថា៖
១- តើវាចាំបាច់ដែរឬទេ?
២- តើវាចំណេញដែរឬទេ?
៣- តើវាជាការពិតដែរឬទេ?
៤- តើវាប៉ះពាល់ដល់អ្នកដទៃដែរឬទេ?
៥- តើអ្នកបានផលប្រយោជន៍អ្វី?
ប្រសិនបើចម្លើយថា “ទេ” សូមអ្នកកុំនិយាយដើមគេអី ពីព្រោះសម្ដីរបស់អ្នកមួយម៉ាត់អាចសម្លាប់ឬបិទផ្លូវគេអស់មួយជីវិត។
[…]
...........................
ដកស្រង់ពីសៀវភៅ #១០៨ ចក្ខុវិស័យ គួច ម៉េងលី_ Mengly J. Quach’s 108 Ideal Practices
បោះពុម្ពផ្សាយលើកទី១នៅខែតុលា គ.ស.២០១៨
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #MenglyJ.Quach’s108IdealPractices
ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖
https://www.mjquniversitypress.com/.../mengly-j-quachs.../
ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)