មានអ្នកខ្លះនិយាយថា ហាត់ប្រាណនៅពេលព្រឹកល្អ និងហាត់នៅពេលល្ងាចមិនល្អ អ្នកខ្លះទៀតហាមហាត់ប្រាណមុនចូលគេង ព្រោះអាចធ្វើឱ្យអ្នកហាត់ទទួលទានដំណេកមិនលក់ស្កប់ស្កល់។
ជុំវិញនឹងការហាត់ប្រាណនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំនូវគន្លឹះសាមញ្ញងាយៗមួយចំនួន ដែលជាជម្រើសល្អនិងត្រឹមត្រូវបំផុតសម្រាប់សុខភាព។ គន្លឹះទាំងនោះ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ទាក់ទងនឹងពេលវេលាហាត់ ទីកន្លែងហាត់ និងរបៀបហាត់ជាដើម។ ការហាត់ប្រាណនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំចំណុចដូចខាងក្រោម៖
ទី១ ពេលវេលាល្អបំផុតសម្រាប់ការហាត់ប្រាណ គឺនៅពេលព្រឹកព្រលឹម និងពេលល្ងាចថ្ងៃរៀបលិច ចន្លោះពីម៉ោង៤ម៉ោង៥ល្ងាច ព្រោះរយៈពេលនេះពោរពេញដោយសារជាតិវីតាមីឌី (D) ដែលខ្លួនមនុស្សត្រូវការស្រូបយកមកប្រើប្រាស់ដោយបម្លែងពីវិតាមីនឌី (D) ទៅកាល់ស្យូម ដើម្បីជំនួយដល់ឆ្អឹងរឹងមាំ។
ទី២ ទីកន្លែងហាត់ គឺនៅកន្លែងដែលធម្មជាតិ ចៀសវាងហាត់តាមចិញ្ចើមផ្លូវ ដែលមានរថយន្តស្អេកស្អះ ព្រោះនៅពេលហាត់បេះដូងលោតញាប់ត្រូវការដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធ មិនមែនស្រូបយកផ្សែងចេញពីរថយន្តនៅតាមដងផ្លូវនោះទេ ម្ល៉ោះហើយបានជាគេណែនាំឱ្យហាត់ប្រាណនៅកន្លែងដែលធម្មជាតិ មានដើមឈើ មានវាលស្មៅជាដើម។
ទី៣ របៀបហាត់ប្រាណ គឺរត់តិចៗដោយជើង ដើរដោយជើង និងហាត់ដោយការហែលទឹក ជាវិធីហាត់ប្រាណដ៏ល្អបំផុតសម្រាប់សុខភាព។ ការហាត់ប្រាណ គឺមិនមែនជិះកង់ លើកអាំងទែរ រត់ក្នុងល្បឿនលឿន ឬលោតហក់យកតែមួយឈ្នះដៃនោះទេ។ ការហាត់បែបនេះមិនត្រឹមតែមិនសូវទទួលបានផលដល់សុខភាពប៉ុណ្ណោះទេ តែថែមទាំងនាំឱ្យសាច់ដុំ សរសៃ និងឆ្អឹងឆាប់ខូចទៅវិញ។ ជាពិសេសការហាត់ប្រាណ គឺត្រូវហាត់ក្នុងមួយសប្ដាហ៍បីទៅបួនដង ហើយមួយម្ដងមានរយៈពេលពី៣០ទៅ៤០នាទីគ្រប់គ្រាន់ហើយ៕
ប្រភព៖ www.interconrooster.com