ក្នុងបទសម្ភាសស្ដីពីចំណេះដឹងផ្នែកសុខសាធារណៈមួយកាលពីឆ្នាំកន្លងទៅ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកយកផលប៉ះសុខភាពពីការទទួលទានមីជាប្រចាំ មួយកំប៉ុង ឬមួយកញ្ចប់គ្រប់ពេល ជារៀងរាល់ថ្ងៃអាចធ្វើឱ្យមនុស្សស្លាប់ដោយមិនដឹងពីមូលហេតុ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា កាលពីកំលុងពេលដែលលោកកំពុងរៀនជំនាញពេទ្យនៅសហរដ្ឋអាមេរិក លោកបានសិក្សាស្រាវជ្រាវអំពីផលប៉ះនៃការទទួលទានមីនេះរួចម្ដងមកហើយ។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ការទទួលទានមី ទោះមីប្រភេទអ្វីក៏ដោយ បើទទួលទានគ្រប់ពេល និងជារាល់ថ្ងៃ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ អាចបណ្ដាលឱ្យមនុស្សបាត់បង់ជីវិត។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា នៅក្នុងសរសៃមីមានសារធាតុគីមីច្រើន ហើយគីមីទាំងនោះភាគច្រើនជាគីមី ដើម្បីរក្សាមីទុកឱ្យបានយូរ កុំឱ្យវាផ្អួរ កុំឱ្យស្អុយ និងកុំឱ្យវាឆាប់ខូច។
ក្នុងសរសៃមីសុទ្ធតែជាគ្រឿងគ្រៅដែលគេបន្ថែមទៅក្នុងបន្លែ ទឹក និងនៅក្នុងម្សៅមី ដើម្បីកុំឱ្យវាឆាប់ខូច។ ក្រៅពីគ្រឿងគ្រៅទាំងនេះ ក្នុងសរសៃមីនៅមានអំបិលប្រៃខ្លាង២/៣ ដែលលើសពីការណែនាំ FDA របស់អាមេរិក (U.S. Food and Drug Administration) ដែលជាក្រសួងនៃការណែនាំម្ហូប ហើយនិងថ្នាំរបស់អាមេរិក។
លោកវេជ្ជបណ្ឌិត បន្តថា ការទទួលទានមី គេរកឃើញ៦៨% នៃអ្នកចូលចិត្តទទួលទានមីពីរទៅបីដងក្នុងមួយសប្ដាហ៍ទទួលរងប៉ះទង្គិចចម្រុះទៅលើសុខភាព ហើយវាអាចវិវដ្ដទៅរកភាពធ្ងន់ធ្ងរបំផុត។
ក្នុងនោះវាបង្កទៅជាជំងឺបេះដូង ជំងឺ Stroke ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្លាញ់កកក្នុងឈាម និងជំងឺលើសជាតិស្ក។ ការបង្ករោគចម្រុះបែបនេះ គឺដោយសារតែសារធាតុគីមីនៅក្នុងសរសៃមី ដើម្បីរក្សាមីទុកបានយូរ និងសារធាតុបន្ថែមមួយចំនួនទៀតដែលមិនមែនជារបស់ធម្មជាតិនេះឯង។
ទោះបីការទទួលទានមីចម្អែកក្រពះបានមួយពេលៗមែន ប៉ុន្តែមីគ្មានជីវជាតិ គ្មានជាតិសរសៃ (ហ្វៃប៊័រ) ឡើយ ផ្ទុយទៅវិញវាសម្បូរទៅដោយជាតិម្សៅច្រើន ដែលធ្វើឱ្យអ្នកចិត្តទទួលទានមីឡើងគីឡូ។
មីដែលមានតែជាតិម្សៅគ្មានជីវជាតិដូច្នេះ វាធ្វើឱ្យអ្នកនិយមទទួលទានមីពិបាកនឹងបត់ជើងធំ។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានមីច្រើន អាចធ្វើឱ្យខូចថ្លើម និងខូចក្រពះធ្វើឱ្យក្រពះស្ត្រេសក្នុងដំណើរការកិនម្ហូបដល់ទៅរាប់ម៉ោងឯណោះ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំថា បើការទទួលទានមីច្រើនហួសហេតុធ្វើឱ្យប៉ះទង្គិចច្រើនដល់សុខភាពយ៉ាងដូច្នេះ លោកផ្ដល់បល់ឱ្យចៀសវាងការទទួលទានមីជាប្រចាំ ជាពិសេសក្មេងវ័យជំទង់ សិស្ស និស្សិត និងអ្នកដែលរវល់នឹងការងារគ្មានពេលវេលាគ្រប់គ្រាន់ចម្អិនអាហារ។
ត្រង់ចំណុចនេះ លោកឪពុកអ្នកម្ដាយដែលស្រឡាញ់កូនគួរគប្បីគិតគូពីសុខភាពពួកគេ ដោយចៀសវាងកុំឱ្យពួកគាត់ទទួលទានមីញឹកញាប់ពេក។ បើយកល្អអាចទទួលទានម្ដងក្នុងមួយសប្ដាហ៍បានឡើយ ហើយបើញ៉ាំមី សូមញ៉ាំតែសាច់មីបានហើយ កុំញ៉ាំទឹកឆុងមីឱ្យសោះ។
ដូចបងប្អូនប្រជាពលរដ្ឋដឹងពីការព្រមានផ្សេងៗរួចមកហើយ ចំពោះការទទួលទានមីកញ្ចប់ ឬមីកំប៉ុងច្រើន ខណៈអ្នកខ្លះចូលចិត្តទទួលទានដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ និងខ្លះទៀតចូលចិត្តវាដោយសារតែវាងាយស្រួលក្នុងការចម្អិន ប៉ុន្តែសូមកុំភ្លេចពីផលប៉ះពាល់ចំពោះសុខភាពរបស់អ្នក។
ក្រៅពីការទទួលទានមី លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា សូម្បីតែការទទួលទានអាហារកញ្ចប់ អាហារកំប៉ុង ទោះឆ្អិនស្រាប់ឬមិនទាន់ឆ្អិន និងភេសជ្ជដែលវេចខ្ចប់ស្រាប់ រួមទាំងអាហារកែច្នៃមួយចំនួនទៀត ក៏អាចប៉ះពាល់ដល់សុខភាពស្រដៀងគ្នានេះដែរ៕
ប្រភព៖ www.interconrooster.com