មនុស្សមួយចំនួន តែងតែប្រកាន់គំនិត និងនិយាយថា "បានកូនប្រុសស្រួលណាស់ មិនបាច់ព្រួយបារម្ភ ខ្លាចវាបង់ខាតអី មិនដូចកូនស្រី ត្រូវតាមថែ ការពារ ខ្លាចគេបំពាន"។
ចុះអ្នកដែលមានកូនប្រុស អ្នកមានគិតខ្លះទេថា កូនអ្នកជាកូនប្រុស អាចមិនមានការបង់ខាត ព្រោះតែគេបំពាន ឈ្លានពានប៉ះពាល់ តែកូនរបស់អ្នក អាចនឹងក្លាយជាភាគី ដែលបង្កើតការបំពាន ធ្វើឱ្យកូនស្រីគេជាអ្នកបង់ខាត។ សួរថា តើវាល្អទេ ដែលកូនប្រុសរបស់ ក្លាយជាជនបាតសង្គម ដើរតែធ្វើបាប និងបំពានដល់រាងកាយកូនស្រីគេបែបហ្នឹង?
អ្នកត្រូវដឹងថា ការដែលមានកូនប្រុស គឺជារឿងដែលអ្នកត្រូវគិត បារម្ភឱ្យមែនទែន មិនអាចបណ្ដែតបណ្ដោយ ឱ្យកូនធ្វើអ្វីតាមតែអំពើចិត្ត ព្រោះតែគិតថា វាមិនបង់ខាត បែបហ្នឹងនោះឡើយ។ កូនប្រុសរបស់អ្នកមិនបង់ខាតអ្វីទេ តែកូនរបស់អ្នក អាចក្លាយជាចំណែកដែលធ្វើឱ្យកូនស្រីគេខាតបង់ ត្រង់ចំណុចនេះ វាបាបធ្ងន់ណាស់ ហើយក៏មានឈ្មោះជាជនថោកទាប បាតសង្គម គ្រប់គ្នាគេស្អប់ខ្ពើមផងដែរ។
កុំបណ្ដោយកូនប្រុសពេក ព្រោះតែគិតថាមិនខាតបង់អ្វី តែចូរបង្រៀនកូនប្រុសរបស់អ្នក ឱ្យដឹង និងចេះឱ្យតម្លៃ គោរពដល់មនុស្សស្រីទាំងអស់ មិនថាកូនគេ ឬកូនយើង ឪពុកម្ដាយគេ ក៏គេបារម្ភ ស្រឡាញ់កូនគេដែរ។
កុំចាក់បណ្ដោយកូន ឱ្យធ្វើអ្វីតាមតែអំពើចិត្ត ព្រោះមិនចង់ឱ្យកូនចុះញម ឬខ្លាចអ្នកដទៃ។ តែចូរបង្រៀនកូនឱ្យមានភាពក្លាហាន ដែលប្រកបដោយចំណេះដឹង និងទំនួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលខ្លួនបាននិយាយ និងបានធ្វើ ព្រោះវាជាគុណតម្លៃនៃកូនប្រុសរបស់អ្នក។
កុំទម្រើសកូនប្រុស រហូតដល់កូនលែងដឹងពីតម្លៃរបស់អ្នកដទៃ រហូតដល់ល្ងង់ឆោត ភ្លីភ្លើ ហ៊ានរហូតដល់ទៅបំពាន ឬយកជីវិតកូនស្រីគេមកលេងសើច។
ចូរបង្រៀនកូនប្រុសរបស់អ្នក ឱ្យយល់អំពីការបង់ខាត និងការដែលខ្លួនគេធ្វើទង្វើដែលបណ្ដាលឱ្យកូនស្រីគេត្រូវខាតបង់ វាជាទោសធ្ងន់ណាស់ ដែលខ្លួនក្លាយជាចំណែក ទៅបំផ្លាញចិត្ត ជីវិត និងអនាគតរបស់អ្នកដទៃ។
កុំបង្កើតទោសកំហុស ធ្វើឱ្យខ្លួនឯងមានចំណែកខុស ព្រោះតែមិនចេះគិតគូរដល់ប្រយោជន៍អ្នកដទៃ បំផ្លាញអ្នកដទៃ កុំធ្វើខ្លួនជាមនុស្សចង្រៃដែលសង្គមគេស្អប់ខ្ពើម។ ទោះបីកូនប្រុសរបស់អ្នក មិនខាតបង់ តែសូមដឹងពីការបង់ខាតរបស់អ្នកដទៃផង។
ក្នុងនាមជាកូនប្រុស ក្នុងនាមជាម្ដាយឪពុកគេ ជឿថាអ្នកក៏គ្មានក្ដីសុខនោះដែរ ដែលកូនប្រុសមានឈ្មោះជាមនុស្សអាក្រក់ បំផ្លាញ បំពានកូនស្រីអ្នកដទៃ អ្នកក៏គ្មានមុខមាត់អីក្នុងសង្គមនេះដែរ។ ដូច្នេះហើយ សូមកុំប្រើពាក្យថា "មានកូនប្រុសស្រួលណាស់ មិនបាច់បារម្ភ ខ្លាចខាតបង់ព្រោះគេបំពាន" សូមឱ្យតម្លៃដល់អ្នកដែលមានកូនស្រី សូមគោរពដល់តម្លៃនៃកូនស្រីអ្នកដទៃផង៕
អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក