#រឿងខ្លី ​សំបុត្រម៉ែ!! យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយនៅពេលប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។

#រឿងខ្លី ​សំបុត្រម៉ែ

យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយនៅពេលប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។

កម្មវិធីប្រារព្ធឡើងពោរពេញដោយភាពសប្បាយរីករាយ ម្នាក់ៗមានស្នាមញញឹមគ្រប់ៗគ្នា។បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ខ្ញុំមិនហ៊ាននៅជជែកជាមួយមិត្ដភក្ដិយូរទេ ខ្ញុំប្រញាប់រួសរាន់មកផ្ទះមុនគេ ព្រោះម៉ាក់ខ្ញុំប្រាប់ថា គាត់មិនសូវស្រួលខ្លួនផង។ នៅម៉ោង១១យប់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានមកដល់ផ្ទះ។

ទ្វារផ្ទះ និងភ្លើងក្នុងផ្ទះមិនទាន់បិទ តែផ្ទះមានសភាពស្ងាត់។ ដោយអាការៈស្រវឹងស្ប៉ាយ(SPY) តិចៗខ្ញុំ ប្រញាប់ចូលផ្ទះយ៉ាងលឿន ព្រោះមិនចង់ឱ្យម៉ាក់ដឹង។ ចូលដល់ក្នុងផ្ទះ ក៏មិនឃើញម៉ាក់ចេញមករកខ្ញុំ ខុសពីសព្វមួយដង ដែលម៉ាក់តែងតែស្ទុះមករកខ្ញុំ ដោយសួរពីសុខទុក្ខផង។

1

ខ្ញុំនៅតែចោលភ្នែកសម្លឹងទៅរកបន្ទប់គេងព្រោះក្រែងឃើញម៉ាក់ ស្រាប់តែជើងរបស់ខ្ញុំប៉ះត្រូវអ្វីម្យ៉ាង។ ខ្ញុំឈ្ងោកមុខមើល“ពុទ្ធោ ម៉ាក់!”ខ្ញុំលាន់មាត់ស្រែកឡើងភ្លាត់សំឡេង។ ម៉ាក់ដួលស្តូកស្តឹងក្បែរទ្វារក្នុងបន្ទប់។ម៉ាក់គ្មានកម្រើក គ្មានបញ្ចេញសំឡេងអ្វីសោះឡើយ។

ខ្ញុំបានស្ទុះយ៉ាងលឿនទៅរកម៉ាក់ ហើយបីត្រកងម៉ាក់ ខ្ញុំខំស្រែកហៅម៉ាក់ខ្លាំងៗ៖ “ម៉ាក់ក្រោកឡើងៗ ពុទ្ធោ! តើមានរឿងអ្វីកើតឡើងចំពោះម៉ាក់?” តែបើទោះបីជាខ្ញុំខំប្រឹងស្រែកហៅម៉ាក់យ៉ាងណាក៏ដោយ ក៏មិនមានចម្លើយឆ្លើយត្រឡប់មកខ្ញុំវិញដែរ ព្រោះម៉ាក់ប្រហែលជាផុតដង្ហើមតាំងពីមុនពេលខ្ញុំមកដល់ផងមើលទៅ។

ខ្ញុំបានស្ទុះចេញពីក្នុងផ្ទះមកក្រៅ ហើយស្រែកប្រាប់ទៅញាតិជិតខាងឱ្យគេ មកជួយ តែគ្មានអ្នកណាម្នាក់អាចជួយម៉ាក់បានឡើយ។ ម៉ាក់ទៅហើយម៉ាក់ទៅចោលកូន ដោយគ្មានពាក្យថាលាមួយម៉ាក់។ ខ្ញុំយំឱបរាងកាយម៉ាក់ រហូតបាត់បង់ស្មារតីដែរ។

ដំណឹងមរណភាពរបស់ម៉ាក់ បានឮទៅដល់ក្រុមហ៊ុនដែលគាត់ធ្វើការ។ ម៉ាក់ធ្វើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ម៉ាក់មានតួនាទីជាអ្នកអនាម័យក្នុងសាលារៀន អន្ដរទ្វីប អាមេរិកាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោកគ្រូ អ្នកគ្រូ ដែលធ្វើការងារជាមួយម៉ាក់ ថាម៉ាក់គឺជាបុគ្គលិកគំរូទៀតផង ព្រោះគាត់ជាបុគ្គលិកឧស្សាហ៍ព្យាយាម និងធ្វើការងារដោយការយកចិត្ដទុកដាក់ ហ្មត់ចត់ អត់ធ្មត់ មានម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់បំផុត។

ជាទម្លាប់ ម៉ាក់ធ្វើគឺយកចិត្ដធ្វើ មិនធ្វើឱ្យតែរួចពីដៃឡើយ។ ឯខ្ញុំជាកូនស្រីតែម្នាក់គត់របស់គាត់។ ខ្ញុំគឺជាសិស្សរៀនថ្នាក់ទី១០ នៅក្នុងសាលារៀន អន្ដរទ្វីប អាមេរិកាំង។ ខ្ញុំបានរៀននៅទីនេះ ក៏ព្រោះខ្ញុំបានទទួលអាហារូបករណ៍ពីលោកឧកញ៉ា គួច ម៉េងលី ដែលតែងផ្ដល់ជូនបុគ្គលិក ដែលធ្វើការងារចាប់ពី៣ឆ្នាំឡើងទៅ អាចដាក់កូនចូលរៀនបានម្នាក់ដោយឥតគិតថ្លៃ ណាមួយខ្ញុំក៏ទទួលបានការសន្ដោសប្រោសប្រណីពីលោកឧកញ៉ាផងដែរ ដែលគាត់តែងតែបានផ្ដល់ជាសម្លៀកបំពាក់ និងសម្ភារៈសិក្សាជារៀងរាល់ឆ្នាំដល់ខ្ញុំ។

ចំណែកលោកឧកញ៉ា ក្រោយពីទទួលដំណឹងថា ម៉ាក់មានគ្រោះថ្នាក់ដល់ជីវិត គាត់មានការរន្ធត់ចិត្តយ៉ាងខ្លាំង។ លោកឧកញ៉ា បានប្រាប់ទៅលេខាធិការរបស់គាត់ ឱ្យជួយចាត់ចែងការងារធ្វើបុណ្យសពនេះឱ្យបានសមរម្យ ដោយលោកឧកញ៉ា ជាអ្នករ៉ាប់រងលើការចំណាយថវិកា។ ទឹកចិត្ដរបស់លោកឧកញ៉ាមកលើម្តាយខ្ញុំ និងខ្ញុំក្នុងជាតិនេះ ខ្ញុំចងចាំមិនភ្លេចឡើយ។

បន្ទាប់ពីពេលធ្វើបុណ្យសពម្ដាយខ្ញុំចប់សព្វគ្រប់ហើយនោះ ពេលខ្ញុំរៀបចំផ្ទះ ខ្ញុំក៏ប្រទះឃើញសំបុត្រមួយច្បាប់ និងកាតធនាគារកម្ពុមួយសន្លឹកនៅក្នុងថតតុរៀនខ្ញុំ។ សំបុត្រដែលម្ដាយខ្ញុំបានសរសេរទុកឱ្យមុនពេលទទួលមរណភាព។

ម៉ាក់សរសេរថា “ឱកូនសំឡាញ់ចិត្ដម៉ាក់! ម៉ាក់ ពិតជាស្រឡាញ់កូនលើសពីជីវិតម៉ាក់ រាប់រយដងទៅទៀត។ បើទោះជាពេលនេះ ម៉ាក់ចុកពោះស្ទើរស្លាប់ ក៏ម៉ាក់មិនចង់ឱ្យកូនដឹងរឿងនេះដែរព្រោះម៉ាក់ចង់ឱ្យកូនបានសប្បាយចិត្ដ និងរៀនសូត្រឱ្យបានពូកែ កុំឱ្យដូចរូបម៉ាក់ ដែលកើតមកអភ័ព្វ រៀនមិនបានចប់ បានត្រឹមតែថ្នាក់ទី៤។ ម៉ាក់ពិតជាមិនចង់ឱ្យកូនសំឡាញ់ម៉ាក់ខ្មាសគេទេ។

កូនម៉ាក់ ឱ្យម៉ាក់សុំទោសផង! នៅក្នុងធនាគារម៉ាក់មានប្រាក់សន្សំខ្លះទុកឱ្យកូន។ នេះគឺជាលុយបន្ដិចបន្តួច ដែលម៉ាក់សន្សំសម្រាប់កូនរៀននៅមហាវិទ្យាល័យពេលដែលកូនចប់ថ្នាក់ទី១២ តែម៉ាក់ធ្វើមិនបានសម្រេចបំណងឡើយ ព្រោះតែជំងឺរបស់ម៉ាក់ចេះតែរាតត្បាត ហើយខាងក្រោមនេះ គឺជាលេខកូតសម្ងាត់ ដែលកូនអាចបើកយកមកប្រើប្រាស់បានពេលអត់ពីម៉ាក់។

មួយទៀតកូនកុំខឹងនឹងម៉ាក់អី ដែលម៉ាក់មិនបានប្រាប់កូនថា ម៉ាក់មានជំងឺមហារីក ម៉ាក់មិនប្រាប់កូនក៏មកពីម៉ាក់មិនចង់ឱ្យកូនពិបាកចិត្ដ មិនចង់ឱ្យកូនគ្មានអារម្មណ៍រៀន ហើយក៏មិនចង់ឱ្យកូនសំឡាញ់ម៉ាក់ឈប់រៀនព្រោះម៉ាក់ដែរ។ ពេលនេះម៉ាក់លាកូនសំឡាញ់សិនហើយ។ ពីម៉ាក់សម្អាត នៅតែស្រឡាញ់កូនជានិច្ច។

អានសំបុត្រចប់ភ្លាម ខ្ញុំហូរទឹកភ្នែកដោយមិនដឹងខ្លួន។ ខ្ញុំយំខ្សឹកខ្សួលអួលដើមកតែម្នាក់ឯងនៅក្នុងផ្ទះដ៏សែនស្ងាត់។ ខ្ញុំតែងក្រឡេកទៅមើលតុ ដែលម៉ាក់បានរៀបចំបាយឱ្យខ្ញុំជារៀងរាល់ថ្ងៃ មើលទៅគ្រែដេកដែលម៉ាក់តែងតែដាស់ឱ្យទៅរៀនមិនដែលខាន មើលទៅកង់ដែលម៉ាក់ ជិះឌុបខ្ញុំទៅរៀន និងធ្វើការជាមួយខ្ញុំ មើលឃើញគ្រប់ទង្វើទាំងអស់ហាក់បីដូចជានៅថ្មីៗនៅឡើយ។

ពេលនេះទើបខ្ញុំបានដឹងពីកំហុសឆ្គងដ៏ធំរបស់ខ្ញុំ គឺមិនបានជួយអ្វីម៉ាក់សូម្បីតែបន្ដិច ហើយការប្រព្រឹត្ដរបស់ខ្ញុំកន្លងមក ខ្ញុំពិតជាកូនចោលម្សៀត ខ្ញុំជាកូនមិនល្អ មិនបានជួយអ្វីម៉ាក់ទាល់តែសោះ សូម្បីតែជួយលាងចានឆ្នាំង ជួយដាំបាយ បោសជូតផ្ទះបានក៏ខ្ញុំមិនដែលបានធ្វើដែរ ហើយម៉ាក់មិនដែលត្អូញត្អែរមួយម៉ាត់ប្រាប់ខ្ញុំថា ហត់ឡើយ។

ម៉ាក់! ឱ្យកូនសុំទោស! ខ្ញុំនៅចាំថា មុនពេលទៅជប់លៀង ខ្ញុំបានសុំម្តាយខ្ញុំទៅ តែម៉ាក់តបវិញថា គាត់មិនស្រួលខ្លួនចង់ឱ្យខ្ញុំនៅកំដរ និងកោសខ្យល់ឱ្យ តែខ្ញុំមិនស្តាប់គាត់ទេ ព្រោះយល់ថាអាការៈរបស់ម៉ាក់ ធម្មតាប៉ុណ្ណោះ។ ម៉ាក់មិនអីទេ តែពេលខ្ញុំត្រឡប់ពីជប់លៀង គឺអាការៈរបស់ម៉ាក់ខុសពីការគិតរបស់ខ្ញុំ។ ទោះបីខ្ញុំមានប្រាក់កាសខ្លះពីម៉ាក់សន្សំក្នុងធនាគារ តែខ្ញុំពិតជាអស់សង្ឃឹម ព្រោះខ្ញុំនឹងគ្មានថវិកា សម្រាប់រៀនបន្តឡើយ។ ខ្ញុំគ្មានអ្នកគ្រប់គ្រង គ្មានអ្នកណែនំា អប់រំទូន្មាន ដូចម៉ាក់ទៀតឡើយ។

ថ្ងៃមួយ ពេលខ្ញុំចេញពីរៀនវិញ ជំនួយការម្នាក់របស់លោកឧកញ៉ាគួច ម៉េងលី បានស្កាត់មកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា កុំបារម្ភអី ទោះបីពេលនេះ ម្តាយខ្ញុំមិនមានវត្តមានបំពេញការងារទៀតក្តី តែតាមរយៈគុណសម្បត្តិរបស់ម៉ាក់ លោកឧកញ៉ា នឹងបន្តផ្តល់អាហារូបករណ៍ឱ្យខ្ញុំរហូតដល់ខ្ញុំរៀនចប់បរិញ្ញាបត្រ។

ក្រៅពីនេះ លោកឧកញ៉ា ក៏នឹងជួយទំនុកបម្រុង ជួយចេញថ្លៃទឹក ភ្លើង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតដែរ។ ឮសម្តីនេះភ្លាម អារម្មណ៍របស់ខ្ញុំអរចង់ហោះ ព្រោះខ្ញុំយល់ថា អនាគតរបស់ខ្ញុំនឹងមិនសាបសូន្យទេ ខ្ញុំបាននិយាយដោយក្តីរំភើបទៅកាន់លោកជំនួយការវិញថា ខ្ញុំអរគុណលោកពូ និងសូមអរគុណលោកឧកញ៉ាផង ចំពោះការសន្ដោសប្រណីនេះ។ លោកជំនួយការ ប្រាប់ខ្ញុំថា មិនអីទេ ហើយបើខ្ញុំមានធុរៈអ្វី អាចប្រាប់គាត់បាន។

ពេលលោកជំនួយការចេញទៅផុត ខ្ញុំលើកដៃទំាងពីរឡើងលើ រួចសំបូងសង្រូងបួងសួងសុំឱ្យព្រលឹងម៉ាក់បានទៅកាន់សុគតិភព និងថ្លែងអំណរគុណចំពោះម៉ាក់ ដែលបន្សល់នូវមហាគុណសម្បត្តិដើម្បីកូនទៀត។

ខ្ញុំនិយាយនេះមិនមែនមានន័យថា ខ្ញុំបន់ឱ្យម្តាយស្លាប់ ឬចង់កេងចំណេញពីគុណសម្បត្តិអ្នកម្តាយទេ តែគុណសម្បត្តិរបស់ម្តាយខ្ញុំ គឺពិតជាធំមហិមាមែន បើម៉ាក់គ្មានគុណសម្បត្តិទេ ក៏ខ្ញុំមិនអាចទទួលបានអាហារូបករណ៍បន្តទៀតដែរ ឯលោកឧកញ៉ា ក៏ជាមនុស្សល្អគួរឱ្យគោរពបំផុតដែរ៕

ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach

បោះពុម្ពផ្សាយខែមករា គ.ស.២០២០

និពន្ធដោយ៖ អឿ ស៊ីណា

#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖

​​https://www.mjquniversitypress.com/my-role-model-oknha…/

ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)