ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាមិនសប្បាយចិត្ត ខ្ញុំក៏ដូចគ្នា ខ្ញុំធ្លាប់ជួបបញ្ហា ខ្ញុំធ្លាប់មានអារម្មណ៍ថាធុញថប់នឹងបរិយាកាសជុំវិញខ្លួន ខ្ញុំចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់ ដែលអាចឱ្យខ្ញុំបំភ្លេចចោលបញ្ហាគ្រប់យ៉ាងបាន អាចឱ្យខ្ញុំសាកថ្មផ្តល់ថាមពលដល់ជីវិតដេីម្បីប្រឈមមុខនឹងរឿងគ្រប់យ៉ាង រួចបន្តដំណេីរទៅមុខទៀត។
ខ្ញុំប្រហែលជាមិនហ៊ាននិយាយថាខ្ញុំជួបបញ្ហាច្រេីនជាងអ្នកណាទេ តែខ្ញុំគ្រាន់តែដឹងថាគ្រប់សព្វបែបយ៉ាងដែលខ្ញុំធ្លាប់បានជួបកន្លងមក ពិតជាបានធ្វេីឱ្យខ្ញុំកាន់តែយល់ពីជីវិតរឹតតែច្បាស់ជាងមុនពិតមែន។ ខ្ញុំយល់ថាជីវិតត្រូវតែជួបរឿងពិបាកៗខ្លះបែបហ្នឹងឯង ទេីបជីវិតយេីងមានន័យ បេីយេីងស្គាល់តែភាពសប្បាយៗមិនធ្លាប់ភ្លក្សរសជាតិផ្សេងៗនៃជីវិតខ្លះ ម៉េចនឹងពេញលេញទៅ។
មិនថាជួបបញ្ហាពិបាកយ៉ាងណាយេីងក៏ត្រូវតស៊ូ បេីហត់ក៏សម្រាកបានតែកុំឈប់ ប្រសិនបេីយេីងឈប់ មិនបន្តដំណេីរជីវិតមួយនេះ យេីងម៉េចនឹងដឹងថានៅខាងមុខមានអ្វីខ្លះ រឿងណាដែលធ្វេីឱ្យយេីងមិនសប្បាយចិត្ត ត្រូវបំភ្លេចបានក៏ភ្លេចទៅ រៀនដោះលែងអ្វីដែលបំផ្លាញក្តីសុខរបស់យេីង ដោះលែងខ្លួនឯងពីអតីតកាល កុំបណ្តោយឱ្យអតីតកាលក្លាយជារនាំងឃាំងជីវិតយេីងឱ្យបញ្ចប់តែត្រឹមនេះ។
យេីងមានរឿងជាច្រេីនទៀតដែលត្រូវធ្វេី កុំរវល់តែលង់លក់នឹងរឿងដែលកន្លងហួស ហេីយធ្វេីឱ្យខកខានទទួលបានក្តីសុខក្នុងពេលបច្ចុប្បន្ន។ ខ្ញុំរឹងមាំ ព្រោះខ្ញុំធ្លាប់ត្រូវគេធ្វេីបាប ខ្ញុំចេះប្រុងប្រយ័ត្ន ព្រោះខ្ញុំធ្លាប់ត្រូវគេបោក គ្រប់យ៉ាងដែលបានឆ្លងកាត់កន្លងមក ខ្ញុំមិនបានហៅវាថាជាកំហុសនោះទេ តែខ្ញុំឱ្យឈ្មោះវាថាជាមេរៀន នេះទេីបហៅថាជីវិត។
ធ្លាប់ទទួលបានមេរៀន ធ្លាប់បានរៀនសូត្ររហូតដល់គ្រប់យ៉ាងក្លាយទៅជាបទពិសោធន៍ ធ្វេីឱ្យខ្ញុំកាន់តែយល់ពីរបៀបនៃការឈរជេីងនៅក្នុងសង្គម គ្រប់យ៉ាងដែលធ្វេីឱ្យអ្នកញញឹមបានវាជាកាដូ គ្រប់យ៉ាងដែលធ្វេីឱ្យស្រក់ទឹកភ្នែកវាជាមេរៀន រៀនរស់នៅជាមួយភាពវិជ្ជមាន កុំចំណាយពេលបន្ទោសខ្លួនឯង តែត្រូវគិតពីគោលដៅដែលធ្វេីឱ្យជីវិតយេីងល្អប្រសេីរឡេីងជាដរាប៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ