មនុស្សម្នាក់ៗមុនឈានដល់ចំណុចជោគជ័យ គឺឆ្លងកាត់នូវរឿងរ៉ាវច្រើនណាស់ ហើយបើចង់លេងផ្លូវកាត់ ដោយដើររំលងទុក្ខអ្នកដទៃ ដើម្បីជោគជ័យខ្លួនឯងនោះ ក៏មិនអាចឈរជើងបានយូរដែរ ហើយងាយនឹងធ្លាក់មកដល់ចំណុចបាតលឿនបំផុត។
ក្នុងជីវិតមនុស្សយើងម្នាក់ៗ បើអ្នកនៅតែបន្តធ្វើរឿង ៣ នេះចេញមក ជីវិតអ្នកនឹងមិនងាយឆ្ពោះទៅរកភាពរុងរឿងបានឡើយ ហើយផ្លូវទៅមុខមានតែការបរាជ័យច្រើនជាង៖
៣) ពោរពេញដោយបំណងប្រាថ្នាអាត្មានិយម
របស់ហូបចុក សំលៀកបំពាក់ របស់ប្រើប្រាស់នានា ជាចំណង់ដែលមនុស្សម្នាក់ៗចង់បានដើម្បីមកបំពេញក្នុងជីវិតរបស់ពួកគេឲ្យបានពេញលេញ។
យ៉ាងណាបើអ្នកមានរបស់មួយហើយ អ្នកមិនស្កប់ស្កល់នឹងដឹងពីក្តីសុខក្នុងការរស់នៅជាមួយវា ហើយចេះតែសម្លឹងឃើញរបស់មួយផ្សេងទៀតឥតឈប់នោះ ជីវិតរបស់អ្នកនឹងមិនបានសុខឡើយ។ អ្នកកាន់តែចង់បានខ្លាំង អ្នកងាយនឹងកាន់តែធ្លាក់ចុះខ្លាំង។
២) ត្អូញត្អែរច្រើន
ជំនួសពីការត្អូញត្អែរ ប្តូរមកជាការអនុវត្ត ការរិះរកដំណោះស្រាយ នោះទើបគេហៅថាមនុស្សឆ្លាត។ ចូរជឿជាក់លើខ្លួនឯង កុំរង់ចាំឲ្យគេជួយ កុំអង្គុយត្អូញត្អែរចាំទាញយកចំណាប់អារម្មណ៍ពីគេ បើគេជួយអ្នក ក៏មិនបានជួយអ្នករហូតនោះដែរ។
មួយផ្សេងទៀតជាទូទៅមនុស្សដែលត្អូញត្អែរច្រើន នឹងមិនសូវមានអ្នករាប់រកនោះទេ ព្រោះគេគិតថា អ្នករាប់អានគេដើម្បីតែប្រយោជន៍ ដើម្បីតែឲ្យយកគេជាឈ្នាន់ដោះស្រាយបញ្ហារបស់អ្នកប៉ុណ្ណោះ ពោលមិនមែនជាការរាប់អានដោយស្មោះត្រង់ឡើយ។
១) ចរិតក្រអឺតក្រទម
បានខ្ពស់បន្តិច មើលងាយអ្នកក្រ មើលងាយអ្នកទាបជាងខ្លួន ភ្លេចអស់ទ្រនំដែលខ្លួនធ្លាប់រស់នៅពីមុន នេះគេហៅយ៉ាងសាមញ្ញថា "មនុស្សភ្លេចកំណើត"។
ជីវិតមនុស្សមានឡើងមានចុះ អ្នកត្រូវតែចាំទុក ថ្ងៃនេះអ្នកមានសំណាងបានជោគជ័យ ក៏មិនប្រាកដថាថ្ងៃក្រោយអ្នកឈរនៅចំណុចជោគជ័យនោះរហូតដែរ។ បែបនេះចូររៀនបើកចិត្តឲ្យទូលាយទទួលយកពីភាពវិជ្ជមាននៃមនុស្សជុំវិញខ្លួន កុំគិតថាមានតែឯងឲ្យសោះ ព្រោះពេលខ្លះទៅថ្ងៃមុខអ្នកអាចជាធ្វើជាបុគ្គលិកគេ ជាអ្នកដែលត្រូវបានគេផ្តល់ប្រយោជន៍ឲ្យក៏ថាបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក