មនុស្សដែលមានជំនាញពិតប្រាកដគឺតែងតែពូកែអត់ធ្មត់ជាងអ្នកដទៃ។ ដោយសារតែពួកគេដឹងការពិតថា តៅហ៊ូក្តៅមិនអាចញ៉ាំបានភ្លាមៗទេ បើប្រើជីវិតអ្នកកាន់តែអន្ទះអន្ទែង នោះអ្នកនឹងកាន់តែលំបាកក្នុងការសម្រេចកិច្ចការផ្សេងៗ។ ម្យ៉ាងទៀត ចំណាំមើលទៅ បើមនុស្សម្នាក់នោះមានសមត្ថភាពពិតប្រាកដ នោះគេនឹងមានចំណុចលេចធ្លោជាងអ្នកដទៃ ជាពិសេសក្នុងទិដ្ឋភាពទាំង ៤ នេះ៖
១.បុគ្គលិកលក្ខណៈស្ថិរភាព៖ ពេលមនុស្សចង់សម្រេចបានអ្វីមួយ គេត្រូវការការតស៊ូ ទោះលំបាកយ៉ាងណាក៏ដោយ ក៏គេមិនបោះបង់ដោយងាយដែរ។ សម្រាប់អ្នកដែលមិនចេះអត់ធ្មត់ក្នុងរឿងគ្រប់យ៉ាង គឺតែងតែប្រញាប់ប្រញាល់ក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ជាហេតុធ្វើអោយការងារកាន់តែតានតឹង និងខកការ។ ដូច្នេះដើម្បីសម្រេចបានអ្វីមួយ យើងត្រូវរក្សាស្មារតីរបស់យើងឱ្យស្ថិតស្ថេរ និងខ្ជាប់ខ្ជួន គិតមុននឹងធ្វើជាពិសេសរក្សាតុល្យភាពអារម្មណ៍អោយបានល្អ។
២.អត់ធ្មត់៖ មនុស្សដែលមានជំនាញតែងតែអត់ធ្មត់ជាងអ្នកដទៃ ព្រោះពួកគេដឹងថាមនុស្សយើងមិនអាចគ្រប់គ្រងគ្រប់ស្ថានភាពទាំងអស់បានទេ វាតែងតែមានពេលខ្លះដែលយើងត្រូវធ្វើចិត្តឱ្យធ្ងន់ដើម្បីចៀសវាងរឿងអាក្រក់កើតឡើង។ ភាពអត់ធ្មត់ប្រៀបដូចជាបង្ហាញថាមនុស្សម្នាក់មានភាពចាស់ទុំ និងមានចិត្តអំណត់ខ្ពស់បំផុត។
៣.មានស្មារតីទទួលខុសត្រូវ៖ មនុស្សដែលមានទំនួលខុសត្រូវនឹងអាចទទួលខុសត្រូវចំពោះខ្លួនឯងមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងជីវិតនេះ មនុស្សជាច្រើនចង់ក្លាយជាអ្នកពូកែ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចជោគជ័យនោះទេ អ្នកខ្លះគ្រាន់តែរស់នៅក្នុងជីវិតមធ្យមដូចមនុស្សទូទៅ។ ថាតើមនុស្សម្នាក់មានភាពក្លាហានឬអត់ វាមិនអាស្រ័យលើថាតើពួកគេកើតក្នុងគ្រួសារបែបណានោះទេ ប៉ុន្តែថាតើបុគ្គលនោះអាចស៊ូទ្រាំនឹងការលំបាកបានឬអត់។
៤.ដឹងគុណហើយចេះចែករំលែក៖ ក្នុងនាមជាមនុស្សម្នាក់ អ្នកត្រូវតែរស់នៅដោយកតញ្ញូ និងចេះចែករំលែក នោះអ្នកនឹងទទួលបានការគោរពពីមនុស្សជាច្រើន។ មនុស្សដែលមានសមត្ថភាពនឹងមានចិត្តកតញ្ញូចំពោះមនុស្សដែលធ្លាប់ជួយពួកគេ។ ពេលជួបបញ្ហាក្នុងជីវិត គេនឹងរកមូលហេតុដោយខ្លួនឯង ហើយព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង។ ពេលមានបញ្ហា គេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នកដទៃ ដែលជាចរិតនៃការចែករំលែកដ៏ល្អ៕