តាមរយៈការសង្កេតមើលនូវ ៣ ចំណុចនេះ អាណាព្យាបាលអាចដឹងទុកជាមុនបានថាកូនរបស់អ្នក នឹងមានការអភិវឌ្ឍផ្នែករាងកាយ និងខួរក្បាលបានយ៉ាងល្អ តាំងពីនៅក្នុងស្បូនម្តាយហើយទៅពេលបន្ទាប់ទៀតក៏កាន់តែឆ្លាតវៃ៖
៣) ទម្ងន់ទារកចន្លោះពី ២,៨ ទៅ ៣,៣ គ.ក
ទម្ងន់ ២,៨ ទៅ ៣,៣ គ.ក សម្រាប់ទារកដែលទើបកើត គឺជាទម្ងន់ល្អបំផុត ដោយជាទម្ងន់ស្តង់ដារនូវកម្រិតមធ្យម មិនធាត់ពេក ហើយក៏មិនស្គមពេក។ ទម្ងន់នេះក៏ជួយឲ្យម្តាយងាយស្រួលក្នុងការសម្រាល ដែលនាំឲ្យពួកគេមានសុខភាពល្អបំផុត។
នេះសបង្ហាញថាម្តាយបានទទួលអាហារបំប៉នដែលមានតុល្យភាពគ្រប់គ្រាន់កំឡុងពេលពពោះ ដែលនាំឲ្យទារកក្នុងស្បូនមានសុខភាពល្អ ហើយនៅពេលធំឡើងពួកគេនឹងកាន់តែឆ្លាតវាងវៃ ហើយងាយក្នុងការចិញ្ចឹម។
២) ទារកដែលកើតមានមានសក់ច្រើន និងសក់ខ្មៅ
ម្តាយជាច្រើនមានការងឿងឆ្ងល់ថាហេតុអ្វីបានជាទារកទើបនឹងកើតខ្លះមានសក់ខ្មៅ ខណៈទារកខ្លះទៀតមានសក់តិចតិច ហើយខ្លះគឺអត់តែម្តង។ តាមពិតទៅវាដោយសារតែអាហារូបត្ថម្ភដែលម្តាយទទួលទានបានគ្រប់គ្រាន់កំឡុងពេលពពោះ។
បែបនេះបើមិនរាប់កត្តាហ្សែនដែលកាត់តាមឪពុកឬក៏ម្តាយ យើងអាចសន្និដ្ឋានបានថា ទារកដែលកើតមកមានសក់ខ្មៅរលោងល្អ គឺបានលូតលាស់ល្អតាំងពីនៅក្នុងស្បូន។
១) ទារកកើតមកយំយ៉ាងខ្លាំង
នៅពេលទារកចាប់កំណើតមកភ្លាម ពួកគេនឹងរៀនដកដង្ហើមតាមរយៈសួត ដើម្បីធ្វើឲ្យប្រព័ន្ធដង្ហើមដំណើរការបានល្អ។ ប្រសិនណាពួកគេយំមកខ្លាំងៗ មានន័យថាផ្លូវដង្ហើមរបស់កុមារគឺមានការអភិវឌ្ឍយ៉ាងល្អ។
ផ្ទុយទៅវិញប្រសិនទារកនោះមិនយំនោះទេ គ្រូពេទ្យនឹងចាប់ផ្តើមអនុវត្តនូវវិធីណាមួយដើម្បីឲ្យទារកយំ។ ជាធម្មតាទារកត្រូវតែយំ ដើម្បីឲ្យពួកគេអាចដកដង្ហើមបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក