អាយុ ២០ ជាងអ្នកខ្លះជិតចូល ៣០ ហើយ តើហេតុអ្វីនៅលាវ (Single) មិនទាន់មានអ្នកសម្លឹងឃើញទៀត? នេះជាសំណួរចាក់ដោតមួយ ដែលពេលខ្លះខ្លួនឯងក៏ពិបាកនឹងឆ្លើយសម្រាប់ខ្លួនឯងដែរ។
យ៉ាងណានៅថ្ងៃនេះ Knongsrok នឹងជួយលាតត្រដាងហេតុផល ៦ យ៉ាង ថាហេតុអ្វីបានជាអ្នកនៅលាវ មិនទាន់រកបានដៃគូហ្នឹងគេ? ផ្ញើទៅស្រីៗសម្រាប់អត្ថបទនេះ៖
៦) ភ័យខ្លាចការបដិសេធ
មនុស្សដែលស្ថិតនៅវ័យក្មេងជាច្រើន រមែងខ្លាចការបដិសេធ។ ពេលខ្លះធ្វើឲ្យពួកគេភ័យទុកមុន ដល់ថ្នាក់លែងហ៊ានប្រលូកក្នុងរឿងនោះ។ ជឿថាក្មេងស្រីខ្លះក៏លួចមានចិត្តលើបុរសណាម្នាក់ដែរ តែមិនហ៊ានចាប់ផ្តើមមុន ហើយខ្លាចចម្លើយរបស់គេចេញមកបដិសេធ រួចទុកចោលរហូតទៅ។
៥) បង្ហាញអារម្មណ៍ខ្លាំងពេក
ពេលខ្លះអ្នកបញ្ចេញអារម្មណ៍ត្រេកអរខ្លាំងពេក រីករាយខ្លាំងពេក សោកសៅខ្លាំងពេក ធ្វើឲ្យគ្រប់យ៉ាងមើលទៅប្រៀបដូចជាការសម្តែង។ ចំណុចនេះចូរធ្វើវានៅកម្រិតល្មមៗបានហើយ ជាពិសេសបើអ្នកចាប់អារម្មណ៍ចង់បានបុរសរាងចាស់ទុំបន្តិច គឺមិនងាយនឹងគេសម្លឹងមកឃើញអ្នកនោះឡើយ។
៤) ដាក់តម្រូវការខ្ពស់
នារីខ្លះដាក់តម្រូវការចង់បានខ្ពស់ពេក ខ្លះចង់បានបុរសដែលល្អឥតខ្ចោះ មិនចេះធ្វើខុស ខ្លះចង់បានបុរសសង្ហារដូចតារាអីជាដើម។ អ្នកត្រូវចាំថារឿងខ្លះវាមកក្រោយទេ លុះត្រាតែបង្កើតភ្លើងស្នេហ៍សិន ទើបរឿងល្អផ្សេងទៀតយើងនឹងអាចមើលឃើញ។
៣) មិនអាចបំភ្លេចអ្នកចាស់
មនុស្សស្រីខ្លះធ្លាប់មានរឿងរ៉ាវស្នេហាកាលពីអតីតកាល ហើយយករឿងនោះមកបន្លាចខ្លួនឯង មកប្រាប់ខ្លួនឯងថាអត់ពីគេទៅគ្មាននរណាផ្សេងល្អទៀតឡើយ។ យើងមិនបានបើកចិត្តមើលពិភពលោកខាងក្រៅ មិនបានបើកបេះដូងមើលបុរសដទៃ ដែលពេលខ្លះគេសឹងតែល្អជាងអតីតកាលរបស់អ្នកទៅទៀត។
២) អៀនខ្មាសច្រើន
ជាស្រ្តីក្នុងសម័យកាលទំនើបមួយនេះ ត្រូវតែក្លាហានមិនគួរអៀនខ្មាសច្រើនពេកឡើយ។ ទម្លាប់នៃការអៀនច្រើន ធ្វើឲ្យបុរសរៀងទើសទាល់ចិត្តទៅវិញ។
១) ស្រលាញ់សេរីភាព
ស្រ្តីសម័យទំនើបបច្ចុប្បន្ននេះ ចូលចិត្តផ្តល់សេរីភាពឲ្យខ្លួនឯង រហូតដល់ពេលខ្លះវាមើលទៅរាងលើសលប់ពេក។
ជាក់ស្តែងដូចជាចូលចិត្តការសប្បាយទៅក្លឹប ទៅកន្លែងកម្សាន្ត ទៅជប់លៀងញឹកញាប់ រហូតលែងចំណាយពេលជាមួយបុរសដែលខ្លួនស្រលាញ់។ នៅក្នុងទំនាក់ទំនងមនុស្សពីរនាក់ អ្នកក៏ត្រូវរៀនផ្តល់តម្លៃ ឲ្យគេខ្លះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក