ពួកយើងសុទ្ធតែសង្ឃឹមថាអាចនៅក្នុងការងារ និងការរស់នៅ រកឃើញនូវចំណុចតុល្យភាពមួយ ធ្វើយ៉ាងណាឱ្យរបស់ទាំងពីរនេះសុទ្ធតែរលូន និងរីករាយ។ គួរឱ្យស្តាយ សង្គមបច្ចុប្បន្នបានបង្ខំពួកយើងឱ្យយកអារម្មណ៍ការងារនាំត្រលប់មកដល់ផ្ទះ។ ឧទាហរណ៍រឿងមួយចុះ គ្រុប Line ឬ Messenger នៅក្រុមហ៊ុន ទោះជាដល់ពេលល្ងាចក៏បន្តរោទ៍ដដែល ហើយត្រលប់មកផ្ទះវិញត្រូវឆ្លើយតប និងអ៊ីម៉ែលភ្ញៀវទៀត កិច្ចការងារធ្វើមិនចេះចប់ត្រូវនាំត្រលប់មកដល់ផ្ទះថែមម៉ោងទៀត។
ការងារហត់នឿយហើយ ត្រលប់មកផ្ទះរឹតតែហត់នឿយទៀត ព្រោះមិនអាចសម្រាកបាន។ តាមពិតទៅការងារ និងជីវិតរស់នៅ មិនមែនជាអង្គហេតុពីរផ្សេងគ្នានោះទេ តែតាមពិតការងារគឺជាផ្នែកមួយរបស់ជីវិត តើអ្នកគួរតែធ្វើដូចម្តេចដើម្បីញុំាងឱ្យការងាររលាយចូលទៅក្នុងជីវិតរបស់អ្នកដោយល្អឥតខ្ចោះបាន? គួរធ្វើយ៉ាងណាឱ្យការងារ និងជីវិត រួមបញ្ជូលគ្នាដោយល្អឥតខ្ចោះ ទើបជារបៀបដែលញុំាងឱ្យជីវិតមានភាពរីករាយ។
ពេលដែលអ្នកនៅផ្ទះ គួរតែដូចពេលដែលអ្នកធ្វើការដូច្នោះដែរ តើពួកយើងគួរធ្វើដូចម្តេចដើម្បីឱ្យ របស់ទាំងពីរយ៉ាងនេះ ឈានទៅដល់ចំណុចតុល្យភាពបានទៅ?
១. អនុវត្តជាក់ស្តែងពីគម្រោងផែនការរីករាយរបស់អ្នក
ការងារហត់ណាស់ ត្រលប់មកផ្ទះនៅមានការងារផ្សេងៗទៀត ដូចជា ការងារផ្ទះជាដើម។ នៅផ្ទះក៏ធុញដូចគ្នាដែរ ឱ្យតែនឹកឃើញដល់ថ្ងៃស្អែកត្រូវធ្វើការ គឺគ្មានកម្លាំងតែម្តង។ អ្នកអាចសាកល្បងដូច្នេះបាន ជារៀងរាល់ថ្ងៃរៀបចំសកម្មភាពគួរឱ្យចាប់អារម្មណ៍ខ្លះ ដែលអាចធ្វើក្រោយត្រលប់មកផ្ទះ ដូចជា មើលរឿង អានសៀវភៅ ហាត់ប្រាណ ស្តាប់តន្រ្តីជាដើម។ ជារៀងរាល់ថ្ងៃ អនុវត្តន៍ឱ្យបានទៀងទាត់នូវគម្រោងដែលជាចំណូលចិត្ត ហើយធ្វើឱ្យអ្នកអាចបន្ធូរអារម្មណ៍របស់ខ្លួនបាន និងធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាល ក៏ស្របពេលនោះត្រូវរំឭកខ្លួនឯងថា តាមពិតជីវិតរបស់អ្នកគឺរីករាយ និងពេញលេញ។
២. លើកកម្ពស់ពីគុណសម្បត្តិរបស់អ្នក
មនុស្សម្នាក់ៗតែងមានលក្ខណៈពិសេសរៀងខ្លួន អ្នកមានធ្លាប់គិតលក្ខណៈពិសេស ឬគុណសម្បត្តិរបស់អ្នកជាអ្វីដែលឬទេ? ជាការច្នៃប្រឌិត? ជាភាពរស់រវើក? សុទិដ្ឋិនិយម? ភាពរួសរាយ? ការឈ្វេងយល់ និងលើកកម្ពស់ស្នូលលក្ខណៈពិសេសរបស់ខ្លួនគឺជារឿងសំខាន់ណាស់ ពីព្រោះអ្នកអាចខ្ចីរបស់ទាំងនេះទទួលបានភាពជឿជាក់ និងកម្លាំងស្មារតីកាន់តែច្រើន ហើយយកគុណសម្បិត្ត និងកម្លាំងស្មារតីបែបនេះ នាំចូលទៅក្នុងការងាររបស់អ្នក។
៣. ដាក់កម្រិតពេលវេលាដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា
បន្ទាប់ពីត្រលប់មកផ្ទះវិញកុំបើកសារ ឬអ៊ីម៉ែលដែលពាក់ព័ន្ធនឹងការងារអី សឹងតែទូរស័ព្ទក៏បោះទៅម្ខាងទៅ អាចចំណាយពេលវេលាប្រាស្រ័យទាក់ទងជាមួយ “មនុស្សពិត” ជជែកគ្នាដោយស៊ីជម្រៅអំពីចំណេះដឹង និងបទពិសោធណ៍ដែលអាចជួយដល់ការងាររបស់អ្នក ហើយមិនមែនរាល់ថ្ងៃរស់នៅក្នុងជីវិតដដែលៗនោះឡើយ ដូចជា ត្រលប់មកពីធ្វើការវិញដេកអូសទូរស័ព្ទលេង។ ការជជែកលេងជាមួយអ្នកផ្ទះ ឬមិត្តភ័ក្រ្ត អាចទទួលបានភាពកាន់តែជិតស្និទ្ធ និងមានអ្នកខ្លះទៀតអាចជាកម្លាំងជំនួយយ៉ាងធំចំពោះជីវិត និងការងាររបស់អ្នក។
៤. យល់ពីអត្ថន័យការងារចំពោះអ្នក
ក្រៅពីការគេង ការងារបានទន្រ្ទានយកពេលវេលាអ្នកអស់មួយថ្ងៃ ហើយក៏បានទន្រ្ទានយកពេលវេលាអស់កន្លះជីវិតរបស់អ្នកដែរ ការងារនៅក្នុងជីវិតរបស់អ្នក គឺបានដើរតួរយ៉ាងសំខាន់ គឺជាប្រភពដែលអ្នកត្រូវរស់នៅបន្តទៀត ថ្លៃផ្ទះ ថ្លៃសាំង ថ្លៃញុំា ស្លៀកពាក់ សុទ្ធតែជាការចំណាយ ដែលប្រាក់សម្រាប់ចំណាយទាំងនោះបានមកពីការងាររបស់អ្នក។ អ្នកចាំបាច់ឈ្វេងយល់ពីការងារដែលបានដើរតួនាទីនៅក្នុងជីវិតរបស់អ្នក ដូច្នេះហើយពេលដែលអ្នកធុញទ្រាន់ចំពោះការងារខ្លាំង អ្នកត្រូវបង្វែរចិត្តគិតថា ការងារដែលអ្នកធ្វើរាល់ថ្ងៃ អាចប្តូរឱ្យអ្នកនូវផលជាក់ស្តែង បទពិសោធន៍ និង ផលប្រយោជន៍ជាដើម ។
៥. ដាច់ខាតត្រូវគេងឱ្យបានគ្រប់គ្រាន់
ការស្រាវជ្រាវបានបញ្ជាក់ថា ការគេងមិនបានគ្រប់គ្រាន់បណ្តាលឱ្យ “ខូចខាតនៃប្រព័ន្ធការចងចាំ” មិនខុសគ្នានឹងការសេពគ្រឿងស្រវឹងដូច្នោះដែរ សឹងតែធ្វើឱ្យអ្នកឆាប់ឆេវឆាវ មួម៉ៅ ចំពោះរឿងតូចតាចវិញ ឆាប់ឱ្យអ្នកមានអារម្មណ៍ប្រតិកម្មខ្លាំង។ ព្រោះពេលគេង ខួរក្បាលរបស់អ្នកមានការងារសំខាន់ជាច្រើនត្រូវធ្វើ គឺទៅជម្រុះចោលអារម្មណ៍អវិជ្ជមាន និងការចងចាំមិនសំខាន់ជាដើម។ ដូច្នេះពេលដែលអ្នកភ្ញាក់ឡើង ទើបអ្នកអាចមានខួរក្បាលដែលដំណើរការប្រក្រតីមួយ ទើបអាចមានថ្ងៃថ្មី និងរីករាយមួយបាន៕
ប្រភព ៖ buzzorange.com/vidaorange/ ប្រែសម្រួល ៖ Mythical Bird