១ . សម្រាប់កូនស្រី
- ពេលនៅតូចមានប៉ាស្រឡាញ់!👨👧
ជាការពិតណាស់ កូនស្រីរមែងទទួលបានការស្រឡាញ់ ថ្នាក់ថ្នម មើលថែយ៉ាងកក់ក្ដៅពីរង្វង់ដៃរបស់ឪពុក។ ហើយឪពុកគ្រប់រូប សុទ្ធតែមើលថែថ្នាក់ថ្នម ក៏ដូចជាបារម្ភចំពោះកូនស្រីជាងកូនប្រុស តែមិនមែនមានន័យថា ឪពុកលម្អៀងចិត្តនោះឡើយ គ្រាន់តែថា ក្នុងភាពជាកូនស្រី គឺត្រូវតែយកចិត្តទុកដាក់ច្រើនជាងកូនប្រុសតែប៉ុណ្ណោះ។
- ពេលធំឡើងមានប្តីស្រឡាញ់! 💑
ជាមនុស្សស្រីដែលមានភ័ព្វសំណាងល្អបំផុត ដែលបានជួបបុរសល្អ រៀបការជាមួយបុរសដែលមានគុណធម៌ ស្រឡាញ់ មើលថែ និងថ្នាក់ថ្នមនាង ទុកនាងដូចព្រះនាង មើលថែនាងប្រៀបបានឪពុកដែលមើលថែកូនស្រីអ៊ីចឹង។
- ពេលចាស់ទៅមានកូនស្រឡាញ់! 👵
សួរមើលទៅ កូនណាក៏ដូចកូនណាដែរ តែងតែស្រឡាញ់ បារម្ភ និងយកចិត្តទុកដាក់ខ្លាំងចំពោះម្ដាយ មិនមែនថាកូនមិនស្រឡាញ់ឪពុកនោះទេ តែអារម្មណ៍នៃភាពស្និទ្ធស្នាល គឺតែងតែមានចំពោះម្ដាយច្រើនជាង នេះក៏អាចមកពីម្ដាយតែងតែស្និទ្ធស្នាលជាងឪពុក ឪពុកខ្លះ គាត់មិនសូវបង្ហាញពីការស្រឡាញ់ បារម្ភចំពោះកូនឡើយ ទោះគាត់នឹកគិត បារម្ភចំពោះកូនក៏ដោយ គាត់ខ្លាចកូនដឹងចិត្ត លែងខ្លាចគោរពគាត់។
២. សម្រាប់កូនប្រុស
- ពេលនៅតូចត្រូវស្តាប់សម្តីម៉ែ! 🤨
កូនប្រុសរមែងទទួលបានការស្ដីប្រដៅ អប់រំពីម្ដាយជាកំហិត ដ្បិតអីកូនជាកូនប្រុស ម្ល៉ោះហើយ ត្រូវតែអប់រំកូនឱ្យមែនទែន ព្រោះខ្លាចកូនខូច កូនដើរផ្លូវខុស ចិត្តជាម្ដាយ ត្រូវតែបារម្ភ មើលថែប្រុសលើសពីអ្វីទាំងអស់។
- ពេលធំឡើងត្រូវស្តាប់សម្តីប្រពន្ធ!🥴
ច្បាស់ណាស់ថា បុរសល្អ រៀបការមានប្រពន្ធ បើចង់ឱ្យខ្លួនឯងរីកចម្រើន លូតលាស់ ដុះដាល ដាច់ខាតត្រូវចេះស្ដាប់សម្ដីប្រពន្ធផង មិនមែនអាងខ្លួនជាស្វាមី ជាមេគ្រួសារធ្វើអ្វីតាមតែអំពើចិត្តនោះឡើយ។ ម្យ៉ាងវិញទៀត ការដែលមានប្ដីមានប្រពន្ធហើយ គឺត្រូវគោរព ឱ្យតម្លៃគ្នា ស្ដាប់គ្នាទៅវិញទៅមក មិនថារឿងធ្វើការ រកស៊ី ឬសម្រេចចិត្តទិញអ្វីនោះឡើយ ឱ្យចេះពិភាក្សាគ្នាឱ្យមែនទែន ទើបជីវិតគ្រួសារមានតែរឿងល្អៗ ដុះដាលជាបន្តបន្ទាប់។
- ពេលចាស់ទៅនៅត្រូវស្តាប់សម្តីកូនទៀត! 😩
មនុស្សប្រុសពេលចាស់ទៅ បែរជាស្ដាប់សម្ដីកូនៗយ៉ាងខ្លាំង ទោះធ្លាប់រឹងរូសប៉ុនណា តែបើបានកូននិយាយអ្វីទៅ គឺស្ដាប់ជាចាំបាច់ ជាពិសេសគឺ សម្ដីកូនស្រី។ ព្រោះជាធម្មតា កូនស្រីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឪពុកម្ដាយ ជាពិសេសគឺគិតគូរចំពោះសុខភាពលោកអ្នកមានគុណទាំងពីរ បារម្ភ ខ្វាយខ្វល់ ចង់ឱ្យអ្នកមានគុណរស់នៅបានសុខស្រណុកកាយចិត្ត ចៀសផុតពីជំងឺទាំងពួង។
បើនិយាយទៅ វាមិនមែនជារឿងដែលអយុត្តិធម៌អីនោះឡើយ តែវាជារឿងពិត ដែលមនុស្សយើងមិនអាចប្រកែក ឬតវ៉ាបាននោះដែរ ដើម្បីប្រែក្លាយឱ្យខ្លួនឯងជាមនុស្សល្អ ដឹងគុណ នេះជារឿងដែលគ្រប់គ្នាគួរតែធ្វើ និងទទួលបាននៅក្នុងជីវិត៕
Concept ៖ សុខ គឹមទៀវ / សម្រាយជាអត្ថបទ ៖ PH Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក