ប្រសិនបើអ្នកជាមនុស្សស្រលាញ់ រុក្ខជាតិ តែមិនមានកន្លែងដាំដុះច្រើនដូចនៅជនបទ មិនប្រាកដថាយើងមិនអាចដាំរុក្ខជាតិលម្អ ក្នុងគេហដ្ឋានរបស់យើងនោះឡើយ។ រុក្ខជាតិ វាផ្តល់ភាពស្រស់ស្រាយទៅដល់មនុស្សនៅជុំវិញវា ហើយព្រមទាំងជួយបន្សុទ្ធខ្យល់បានថែមទៀតផង នៅទីក្រុងវាពិតជាលំបាកណាស់ក្នុងការរកកន្លែងដាំដុះរុក្ខជាតិ តែយើងអាចកែច្នៃទីតាំងក្នុងផ្ទះរបស់យើងសម្រាប់តាំងរុក្ខជាតិតូចៗបាន។
ដូច្នេះខាងក្រោមនេះ គឺជាទីតាំងទាំង៥ ដែលសក្តិសមបំផុតសម្រាប់ដាក់តាំងលម្អកូនរុក្ខបានយ៉ាងស្រស់ស្អាតបំផុត ៖
១. បន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវ ឬកន្លែងសម្រាប់អង្គុយជុំគ្នាមើលទូរទស្សន៍ក្នុងគ្រួសារ វាជាកន្លែងសក្តិសមបំផុតក្នុងការតាំងរុក្ខជាតិលម្អ ក្នុងនោះរួមមានកន្លែងដូចជា តុសម្រាប់ទទួលភ្ញៀវយើងអាចតាំងរុក្ខជាតិលម្អតូចៗ ចំណែកច្រកមាត់ទ្វា យើងអាចដាក់ថូរុក្ខជាតិលម្អដែលមានទំហំមធ្យមបាន នៅមានតុសម្រាប់ដាក់ទូរទស្សន៍ក៏សុទ្ធតែអាចដាក់ថូរុក្ខជាតិលម្អបានដែរ។
២. បន្ទប់ទឹក
បន្ទប់ទឹក វាក៏ជាកន្លែងដែលគួរដាក់រុក្ខជាតិផងដែរ តែវាមិនប្រាកដគ្រប់រុក្ខជាតិសុទ្ធតែដាក់ក្នុងបន្ទប់ទឹកបាននោះទេ រុក្ខជាតិដែលគួរដាក់ក្នុងបន្ទប់ទឹកគួរតែរុក្ខជាតិដែលធន់ ត្រូវការតែទឹកសម្រាប់រស់ ដូចជា zzplant, golden plant envyplant ជាដើម ពួកវាធន់នឹងបរិស្ថានជុំវិញ ហើយវាក៏មិនត្រូវការសារធាតុចិញ្ចឹមច្រើនសម្រាប់រស់នោះដែរ។
៣. កន្លែងបោកគក់
នៅប្រទេសប៉ែកអឺរ៉ុប គេតែងមានកន្លែងដាច់ដោយឡែកសម្រាប់ដាក់ និងប្រើសម្រាប់បោកខោអាវ តែសម្រាប់ប្រទេសយើងវិញ ជាទូទៅកន្លែងសម្រាប់បោកខោអាវ គឺនៅក្នុងបន្ទប់ទឹក តែសម្រាប់មនុស្សមួយចំនួនវិញគេអាចបោកនៅទីធ្លាក្រោយផ្ទះ ក្នុងលក្ខខណ្ឌនេះ យើងអាចដាំរុក្ខជាតិនៅជិតកន្លែងនោះបាន តែគួរជារុក្ខជាតិដែលធន់ ដូចជាពួកប្រទាលជាដើម ព្រោះកន្លែងនោះវាអាចប៉ះពាល់ជាមួយម្សៅសាប៊ូ។ តែប្រសិនបើអ្នកចង់ដាំរុក្ខជាតិផ្កាស្រស់ គួរការពារវាកុំឱ្យត្រូវទឹកសាប៊ូទាំងនោះឱ្យសោះ។
៤. ទូតាំងផ្ទះបាយ
ផ្ទះបាយ ដ្បិតតែវាជាកន្លែងខ្លាញ់ និងក្តៅ តែប្រសិនបើមានរុក្ខជាតិលម្អ មានតាំងនៅទីនោះ វាគឺជារឿងមួយល្អ ជាពិសេសកន្លែងដែលយើងទទួលទានអាហារ វាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ រុក្ខជាតិខ្លះវាជួយកាត់បន្ថយក្លិនដែលឈួលចេញពីអាហារបានផងដែរ។ ម្យ៉ាងវិញទៀត យើងក៏អាចតាំងរុក្ខជាតិធំល្មម នៅកៀនជញ្ជាំង ដើម្បីបង្កើនភាពស្រស់បំពង។
៥. នៅលើទូទឹកកក
ចុងក្រោយ គឺលើទូទឹកកក ដែលជាកន្លែងសក្តិសមក្នុងការតាំងរុក្ខជាតិតូចៗ ដូចជាកូនប្រទាល កូនដំបងយក្សជាដើម ពួកវាមិនសូវត្រូវការការថែទាំប៉ុន្មានទេ ម្យ៉ាងទៀត វាក៏មានមាឌតូច ដែលជាចំណុចស្រួលក្នុងការតាំងលើទូទឹកកក ហើយវាក៏ជួយបង្កើនបរិយាកាសល្អក្នុងផ្ទះផងដែរ ព្រោះថាទូទឹកកកនេះហើយដែលកន្លែងយើងចូលចិត្តទៅបើក និងបិទជាញឹកញាប់បំផុត៕
អត្ថបទ ៖ Mythical Bird / ប្រែសម្រួល ៖ Knongsrok