ខណៈពេលដែលអ្នក កំពុងតែមេីលងាយក្តីស្រឡាញ់របស់អូន មើលរំលងការយកចិត្តទុកដាក់ និងទំនុកចិត្តដែលខ្ញុំតែងតែមានចំពោះអ្នករហូតមក ខណៈពេលដែលអ្នកកំពុងតែទុកខ្ញុំដូចជាសំរាម ខ្ញុំចង់ឱ្យអ្នកបានដឹងថា មានមនុស្សម្នាក់ផ្សេងទៀត ដែលគេតែងតែលេីកតម្កេីងខ្ញុំ ឱ្យតម្លៃខ្ញុំ យកចិត្តទុកដាក់ មើលថែ ព្រួយបារម្ភអំពីខ្ញុំ តែងតែធ្វើជាមិត្តកំដរខ្ញុំ ហើយក៏ជាមនុស្សម្នាក់ ដែលជូតទឹកភ្នែកឱ្យខ្ញុំ គ្រប់ពេល គេមិនដែលបោះបង់ខ្ញុំនោះឡើយ គេឱ្យតម្លៃខ្ញុំ ស្រឡាញ់ខ្ញុំស្មើជីវិតគេ មិនដូចជាអ្នកទេដែលមិនដែលមើលឃើញតម្លៃរបស់ខ្ញុំនោះ។
សូមដឹងផងថា គេត្រូវការពេលវេលារបស់ខ្ញុំ ដូចត្រូវការអុកសុីសែន សម្រាប់ជីវិតគេអ៊ីចឹង តែខ្ញុំមិនដែលខ្វាយខ្វល់នឹងក្តីស្រឡាញ់របស់គេ ព្រោះបេះដូងខ្ញុំ ការស្រឡាញ់របស់ខ្ញុំ បានប្រគល់ឱ្យទៅអ្នកអស់ទៅហេីយ។
ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងជ្រេីសយកមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ មិនមែនមនុស្សដែលស្រឡាញ់ខ្ញុំទេ នេះកព្រោះតែដេីម្បីក្តីសុខផ្លូវចិត្ត តែនេះកន្លងទៅជាច្រេីនឆ្នាំហេីយ វាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំបានជ្រេីសរេីសខុសហេីយ នេះក៏ព្រោះតែខ្ញុំតែងតែផ្តល់ឱកាសឱ្យអ្នកច្រេីនដងហេីយ ទ្រាំអស់ច្រេីនឆ្នាំយ៉ាងនេះ តែអ្វីដែលសេសសល់ និងទទួលបានគឺត្រឹមទឹកភ្នែក ការឈឺចាប់ ភាពអស់សង្ឃឹមចំពោះទំនាក់ទំនងមួយនេះតែប៉ុណ្ណោះ។
អ៊ីចឹងហេីយ ខ្ញុំសូមផ្តល់ឱកាសឲ្យខ្លួនឯងម្តង ជ្រេីសយកស្នេហាដែលខ្ញុំបានមេីលរំលងកន្លងមកនេះ ខ្ញុំសុំបេីកភ្លេីងខៀវឱ្យមនុស្សដែលគេស្រឡាញ់ខ្ញុំជាខ្ញុំ ចាប់ផ្ដើមទំនាក់ទំនង ជាមួយមនុស្សដែលគេគោរព និងឱ្យតម្លៃដល់ខ្ញុំ ដើម្បីឱ្យគេបានធ្វេីចរាចរក្តីស្រឡាញ់ ផ្តល់ស្នាមញញឹមឱ្យខ្ញុំ ជំនួសមនុស្សដូចជាអ្នក ព្រោះអ្នកអសមត្ថភាព មិនចេះធ្វេីនូវទង្វេីដែលគេហៅថាជាសង្សារល្អ មិនមែនល្អឥតខ្ចោះ តែក៏គួរតែល្អបែបដែលសមតម្លៃនឹងពាក្យដែលអ្នកនិយាយថាកាលគ្រាដំបូងថា "បងស្រឡាញ់អូន"។
វាដល់ពេលហើយ ដល់ពេលដែលខ្ញុំគួរតែដើរចេញពីជីវិតមនុស្សដូចជាអ្នក ចាប់ផ្ដើមជីវិតជាថ្មី ជាមួយមនុស្សដែលឱ្យតម្លៃខ្ញុំពិតប្រាកដ វាសមល្មមហើយ ព្រោះខ្ញុំបានទ្រាំឆ្អែតឆ្អន់ណាស់ហើយ វាជាពេលវេលាដែលខ្ញុំគួរតែទទួលបាន ការស្រឡាញ់ ថ្នាក់ថ្នម ពីស្នេហាពិត ពីមនុស្សដែលមានក្ដីស្រឡាញ់ពិត ឈប់ចំណាយពេលចោល ជាមួយមនុស្សដូចជាអ្នកទៀតហើយ។
ទោះជាយ៉ាងណា វេលាចុងក្រោយនេះ ខ្ញុំក៏ចង់និយាយថា អរគុណ សម្រាប់រយៈពេលកន្លងមកនេះ ដែលអ្នកបានធ្វើឱ្យខ្ញុំភ្លឺភ្នែក ហើយទទួលបានការខកចិត្ត ដែលខ្ញុំមានស្នេហាពិត ជាមួយនឹងមនុស្សខុស។ ព្រោះតែទង្វើខ្វះការយកចិត្តទុកដាក់របស់អ្នក ទើបធ្វើឱ្យខ្ញុំនេះ ដាច់ចិត្ត សម្រេចចិត្តចាកចេញ និងបានជួបមនុស្សល្អពិតប្រាកដ ដែលគេស្រឡាញ់ខ្ញុំមិនដែលប្រែប្រួល៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ