តាមអ្នកជំនាញផ្នែកថែទាំសុខភាពនិងសម្រកទម្ងន់បានណែនាំឲ្យស្គាល់នូវផ្លែឈើ ៦ ប្រភេទ ដែលអ្នកចង់សម្រកទម្ងន់គ្រប់រូប គួរតែដឹង ហើយត្រូវជ្រើសរើសមកទទួលទាន ប្រសិនចង់ទទួលបានប្រសិទ្ធស្រកទម្ងន់ឆាប់រហ័ស៖
៦) ផ្លែប៉ោម
ផ្លែឈើនេះមានជាតិសរសៃខ្ពស់ ហើយមានកាឡូរីទាប នាំឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅបានល្អ និងជាពិសេសជួយឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតបានយូរ។
យោងទៅតាមអ្នកជំនាញនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្លែប៉ោមខ្នាតកណ្តាលមួយផ្លែ អាចផ្តល់ជាតិសរសៃ Fiber ប្រមាណ ៤,៣៧ ក្រាម និងកាឡូរី ៩៦,៤។ ការសិក្សាបង្ហាញថា ការទទួលទានផ្លែឈើប្រភេទនេះជាប្រចាំអាចជួយឲ្យអ្នកគ្រប់គ្រងទម្ងន់បានល្អ។
៥) ផ្លែ Raspberry
ជាផ្លែឈើមួយប្រភេទ ដែលពេញនិយមនៅក្រៅស្រុក ព្រោះវាអាចផ្តល់ឲ្យរាងកាយនូវជាតិ Fiber ជាច្រើន និងបន្ថែមនូវសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយទៀតផង។
លើសពីនេះវាក៏មានផ្ទុកនូវវីតាមីន C និង E ហើយល្អបំផុតប្រសិនអ្នកអាចបន្ថែមវាចូលទៅក្នុងរបបអាហារនៅពេលព្រឹក ដោយលាយជាមួយធញ្ញជាតិ ឬទឹកដោះគោជូរ ព្រោះវាអាចជួយប្រឆាំងនឹងការកើតជំងឺរ៉ាំរ៉ៃ ក៏ដូចជាជំងឺទឹកនោមផ្អែម។
៤) ឪឡឹក
វាមានផ្ទុកជាតិទឹកច្រើន ដែលជួយឲ្យអ្នកគ្រប់គ្រងភាពឃ្លាន និងចំណង់អាហារបានល្អ ហើយបើអ្នកទទួលទានវាតែប៉ុន្មានដុំក៏មានអារម្មណ៍ថាធ្ងន់ពោះបាត់ទៅហើយ។
ក្រៅពីល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ឪឡឹកក៏មានផ្តល់នូវវិតាមីនជាច្រើន និងជាតិរ៉ែ ហើយកាឡូរីគឺមានទាបណាស់។ ល្អបំផុតប្រសិនអ្នកអាចក្រឡុកឪឡឹកយកទឹកផឹកជារៀងរាល់ថ្ងៃ។
៣) ម្នាស់
នេះជាផ្លែឈើដែលគ្មានកូលេស្តេរ៉ុល និងខ្លាញ់ ហើយសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អង់ស៊ីម និងជាតិរ៉ែដែលរាងកាយត្រូវការ។
ម្នាស់ក៏សំបូរទៅដោយជាតិសរសៃដែលជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានល្អ និងអាចសម្អាតជាតិពុលសម្រាប់រាងកាយបានទៀតផង។
២) ក្រូច
យោងទៅតាមអ្នកជំនាញអាមេរិកបានឲ្យដឹងថា ក្រូចមួយផ្លែទំហំកណ្តាល គឺមានផ្ទុកនូវជាតិសរសៃប្រមាណ ៣,១៤ ក្រាម ឬ ១១ ភាគរយនៃតម្រូវការខ្លួនប្រាណត្រូវការប្រចាំថ្ងៃ។
បន្ថែមពីនេះក្រូចក៏មានផ្តល់នូវវីតាមីន C និងបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយ ក៏ដូចជាផលិតចេញនូវកូឡាជែនសម្រាប់រាងកាយថែមទៀត។
១) ផ្លែបឺរ
អ្នកអាចជាភ្ញាក់ផ្អើលដែលមានផ្លែបឺរនៅក្នុងបញ្ជីផ្លែឈើទាំង ៦ នេះ តែវាជាការពិតដោយផ្លែឈើប្រភេទនេះមានប្រសិទ្ធភាពណាស់សម្រាប់ការសម្រកទម្ងន់។
នោះក៏ដោយសារតែផ្លែបឺរអាចចូលទៅជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ហើយវាធ្វើឲ្យយើងមានអារម្មណ៍ថាឆាប់ឆ្អែត និងជួយបំពេញថាមពលរាងកាយបានល្អទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក