កាលពីមួយរយៈមុនប្រហែលជាប្រិយមិត្តកម្ពុជាពិតជាបានស្គាល់ហើយថា និសិ្សតឆ្នើមកម្ពុជា លោក ហុង ភារិន ដែលមានសមត្ថភាពពិសេសផ្នែកចងចាំបានល្អ និងទទួលបានអាហារូបករណ៍នៅប្រទេសថៃ។ ដោយលោកថែមទាំងបានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង។
អ្វីកាន់តែពិសេសអស្ចារ្យ. ថ្មីៗនេះ លោកលោក ហុង ភារិន បានក្លាយទៅជាអាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក ដែលនេះពិតជាកិត្តិយសរបស់កូនខ្មែរមកនាំជូនប្រទេសជាតិមាតុភូមិពិតប្រាកដមែន។
នេះបើតាមរយៈការរៀបរាប់នៅលើគណនីហ្វេសប៊ុកលោក ហុង ភារិន ផ្ទាល់ បានរៀបរាប់លម្អិតថា៖ « ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀតគឺជា អាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក។ ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) នេះ ក្នុងមួយប្រទេសអាចមានត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួយទៀតដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត »។
នេះពិតជាដំណឹងដ៏ភ្ញាក់ផ្អើល និងពោរពេញដោយកិត្តិយសតំណាងឱ្យប្រទេសកម្ពុជាមែន ដែលបញ្ជាក់បានថាកូនខ្មែរពិតជាមានសមត្ថភាពខ្លាំងរហូតអន្តរជាតិមើលឃើញទៀតផង៕