កុំ​បណ្ដោយ​កូនៗ​នូវ​រឿង ៥ យ៉ាង​នេះ ប្រយ័ត្ន​ធំ​ទៅ​ពួក​គេ​ខូច ហើយ​វា​ជា​កំហុស​អ្នក​ទាំង​ស្រុង

ពត់​ដែក​ទាន់​នៅ​ក្តៅ មិន​ខុស​ពី​ការ​ប្រដៅ​កូន​តូចៗ​នោះ​ទេ ដោយ​នៅ​ចន្លោះ​អាយុ ២-៧ ឆ្នាំ​ក្មេង​ចាប់​ផ្តើម​ចេះ​អនុវត្ត​តាម​នូវ​សកម្មភាព​មួយ​ចំនួន ដោយ​ពួក​គេ​មិន​ដឹង​ថា​ល្អ​ឬ​អាក្រក់​នោះ​ទេ បើ​ម្តាយឪពុក​បង្ហាញ​មក​បែប​ណា គឺ​ពួក​គេ​រមែង​យក​ជា​គំរូ​តាម​បែប​ហ្នឹង​ហើយ។

យ៉ាង​ណា​ក្មេង​តូចៗ​ដូច​ជា​ក្រដាស​ស​មួយ​អ៊ីចឹង ហើយ​យើង​ជា​អាណាព្យាបាល​គឺ​ជា​អ្នក​គូសវាស​លើ​ក្រដាស​នោះ បើ​យើង​គូស​បាន​ល្អ​ត្រឹមត្រូវ ទៅ​ថ្ងៃ​មុខ​ពួក​គេ​ក៏​ដើរ​តាម​គន្លង​ត្រឹមត្រូវ​អ៊ីចឹង​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ ៥ ចំណុច​ដែល​អ្នក​ត្រូវ​ជៀសវាង ព្រោះ​អាច​ទម្លាប់​ឲ្យ​ពួក​គេ​ខូច​ទៅ​ថ្ងៃ​មុខ៖

៥) កុំ​បង្រៀន​កូន​ឲ្យ​រស់នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់

Ice_screenshot_20210427 203421

ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​តែ​មាន​ច្បាប់ មាន​វិន័យ កុំ​ចាំ​បាច់​តែ​នៅ​កន្លែង​ធ្វើ​ការងារ។ ដោយ​ការ​រស់នៅ​ក្នុង​គេហដ្ឋាន ទម្លាប់​ទាំង​ការ​ហូប​ចុក ការ​គេង ក៏​ត្រូវ​មាន​វិន័យ​ច្បាស់លាស់​ដែរ។

អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ពី​វិន័យ​ថា ត្រូវ​ទម្លាប់​គេង​ម៉ោង​ប៉ុន្មាន ទទួល​ទាន​បាយ​ម៉ោង​ប៉ុន្មាន លំហែ​កាយ​ម៉ោង​ប៉ុន្មាន ឬ​ប៉ុន្មាន​លើក​ក្នុង​មួយ​សប្តាហ៍ ហើយ​បើ​មិន​អនុវត្ត​តាម​ តើ​នឹង​ត្រូវ​ទទួល​រង​ការ​ដាក់​ពិន័យ​បែប​ណា​ខ្លះ?

៤) កុំ​ទម្លាប់​ជួយ​កូន​នៅ​ការងារ​មួយ​ចំនួន

001

ឧទាហរណ៍​ដូច ​លំហាត់​ការងារ​ផ្ទះ​ដែល​សាលា​ដាក់​ឲ្យ សម្រាប់​អ្នក​គឺ​ស្រួល​គិត​តែ​មួយ​ភ្លែត អាច​ផ្តល់​ចម្លើយ​បាន​ហើយ។ តែ​កុំ​ដោយសារ​ប្រញាប់​ឲ្យ​ពួក​គេ​បាន​ទទួល​ទាន​បាយ ឬ​ប្រញាប់​ទៅ​ណា​មួយ​ហើយ​ធ្វើ​ជំនួស​ពួក​គេ​ឲ្យ​សោះ បែប​នេះ​យូរ​ទៅ​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា អាង​មាន​ឪពុកម្តាយ​ចាំ​ជួយ ហើយ​ខ្ជិល​លែង​ចង់​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ហើយ។

៣) កុំ​បង្ហាញ​ការ​មិន​គោរព នៅ​ចំពោះ​មុខ​កូន

ដូច​បញ្ជាក់​ពី​ខាង​លើ​ពួក​គេ​ប្រៀប​ដូច​ជា​ក្រដាស​ស បើ​អ្នក​មាន​ម្តាយឪពុក​នៅ​ផ្ទះ ហើយ​អ្នក​បង្ហាញ​អាកប្បកិរិយា​មិន​ល្អ ឬ​ពាក្យ​សម្តី​ធំ​ទៅ​លើ​ពួក​លោក​ទាំង​ពីរ ទៅ​ថ្ងៃ​មុខ​ពួក​គេ​ក៏​មាន​ទម្លាប់​ធ្វើ​បែប​ហ្នឹង​មក​លើ​អ្នក​ដូច​គ្នា។

ត្រូវ​ចាំ​ថា​សកម្មភាព​របស់​អ្នក​បែប​ណា កូន​របស់​អ្នក​ទៅ​ថ្ងៃ​មុខ​គឺ​បែប​ហ្នឹង ហើយ​កុំ​គិត​ថា​មិន​ជឿ​លើ​រឿង​នេះ​បាន​ឲ្យ​សោះ។

២) កុំ​បង្រៀន​កូន​ឲ្យ​ធ្វើ​ជា​មនុស្ស​អាត្មានិយម

ត្រូវ​មាន​វប្បធម៌​ចេះ​ចែករំលែក កុំ​មាន​អ្វី​ហូប​តែ​ខ្លួន​ឯង មិន​ចេះ​ចែក​បងប្អូន។ អ្នក​ត្រូវ​បង្រៀន​កូន ថា​ទោះ​មាន​តិច​ឬ​ច្រើន ក៏​ត្រូវ​ចែករំលែក​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​បាន​ក្តី​សុខ​បន្តិច​ដែរ កុំ​ដោយសារ​ក្តីសុខ​ម្នាក់​ឯង ហើយ​ប្រមូល​គ្រប់​យ៉ាង​ពី​គេ ស្មើ​នឹង​រស់​លើ​គំនរ​ទុក្ខ​អ្នក​ដទៃ​នោះ។

១) កុំ​ទម្លាប់ស្រែកដាក់ក្មេងឲ្យបាត់យំ

002

ឪពុក​ម្តាយ​មិន​គួរ​ស្រលាញ់​កូន​ខ្លាំង​ពេក​ទេ រហូត​ដល់​គ្រប់​ពេល​សុខ​ចិត្ត​ចាញ់ ហើយ​ឲ្យ​កូន​ឈ្នះ។ ទម្លាប់​បែប​នេះ​យូរ​ទៅ​កូន​នឹង​ខូច​ដោយ​មិន​ដឹង​ខ្លួន ហើយ​មូលហេតុ​ក៏​ដោយសារ​អ្នក​ដែរ។

ពេល​ណា​កូន​យំ ចង់​បាន​របស់​អ្វី​មួយ ក៏​ត្រូវ​ព្យាយាម​ប្រាប់​ពួក​គេ​ថា កុំ​ឲ្យ​ទម្លាប់​យំ​បែប​ហ្នឹង ហើយ​បើ​ម្តង​ជា​ពីរ​ដង​នៅ​តែ​បែប​ហ្នឹង ក៏​ត្រូវ​ប្រើ​វិធី​គំរាម​គេ ដោយ​ផ្តាច់​មិន​ឲ្យ​គេ​ទទួល​ពេលវេលា​សប្បាយ ឬ​លំហែកាយ​នៅ​ចុង​សប្ដាហ៍ ហើយ​ត្រូវ​ចាំ​ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កុមារ​ជា​ដាច់​ខាត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក