អ្នកប្រាកដជាធ្លាប់បានដឹងខ្លះៗរួចមកហើយ អំពីដើមទងនៃជីវិតរបស់មហាសេដ្ឋីប្រទេសចិនគឺលោក Jack Ma ដែលបានចាប់ផ្តើមតាំងពីបាតដៃទទេ ហើយទទួលបានការបដិសេធការងារពីស្ថាប័ននិងក្រុមហ៊ុនតូចធំជាច្រើន។
មុនក្លាយជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Alibaba ជាមួយនឹងការក្តោបក្តាប់ទ្រព្យសម្បត្តិរួមប្រមាណ ៤២,៩ ពាន់លានដុល្លារអាមេរិក លោក Ma ក៏ធ្លាប់ត្រូវបានគេបដិសេធការងារនៅឯហាងលក់មាន់បំពង KFC ផងដែរ។
គ្រានោះលោកបានដាក់ពាក្យស្វែងរកការងារចំនួន ៣០ ទីតាំងក្នុងខេត្ត Hangzhou ប្រទេសចិន។ នៅឯហាង KFC មានមនុស្សចំនួន ២៤ រូបបានដាក់ពាក្យ ហើយ ២៣ រូបត្រូវបានជាប់ចូលបម្រើការ ខណៈ ១ រូបគត់ដែលគេបដិសេធមិនទទួលយក នោះគឺលោក Ma នេះឯង។
បង្វែរទៅមើលហាង KFC មានឈ្មោះពេញ Kentucky Fried Chicken ត្រូវបានបង្កើតឡើងដោយស្ថាបនិកលោក Colonel Sanders នៅពេលលោកមានវ័យ ៦៥ ឆ្នាំ។ ត្បិតស្ថិតក្នុងវ័យរាងជរាបន្តិចមែន ប៉ុន្តែលោកនៅតែត្រួសត្រាយឲ្យហាងមួយនេះមានឈ្មោះល្បីល្បាញទាល់សព្វថ្ងៃ។
ចំណុចទាំងពីរនេះបានផ្តល់ជាមេរៀនចាក់ដោតក្នុងជីវិតក្រោមអត្ថន័យថា៖ "អាយុគ្រាន់តែជាតួលេខ" និងមួយផ្សេងទៀត "មានតែមនុស្សដែលខិតខំព្យាយាមទេ ទើបទទួលបានជោគជ័យ"៕