ធ្លាប់តែនិយាយលេងថា ពេទ្យវិកលចរិតព្រែកត្នោតៗ ចុះអ្នកដឹងទេថាមន្ទីរពេទ្យនេះគឺជាពេទ្យល្បីមួយនៅក្រុងតាខ្មៅ?

កាលពីតូចៗអ្នកប្រហែលជាឧស្សាហ៍ឭព្រែកត្នោតៗហើយ ដោយគ្រប់គ្នាល្បីតៗគ្នាថាមន្ទីរពេទ្យព្រែកត្នោតគឺជាមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺវិកលចរិតដ៏ល្បីនៅសម័យសង្គមរាស្ត្រនិយម។

តែបច្ចុប្បន្នឈ្មោះមន្ទីរពេទ្យនេះមិនសូវមានអ្នកណារំលឹកដល់នោះឡើយ តែយ៉ាងណាទីតាំងមន្ទីរពេទ្យនេះបច្ចុប្បន្នបានប្រែក្លាយជាមន្ទីរពេទ្យល្បីមួយនៅទីក្រុងតាខ្មៅ។

174240682_2921621094822949_6528223600713775887_n

នោះគឺ មន្ទីរពេទ្យវិកលចរិត ព្រែកត្នោត បច្ចុប្បន្នជាមន្ទីរពេទ្យជ័យជំនះ តាខ្មៅ នេះបើយោងតាមការសិក្សាស្រាវជ្រាវនិងចេញផ្សាយដោយ ទស្សនាវដ្ដីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា “ស្វែងរកការពិត” បានឱ្យដឹងថា តាំងពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៦៤ មន្ទីរពេទ្យវិកលចរិតនេះគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត សុន ម៉ម។

173802947_2921621108156281_8565378905005219126_n

មន្ទីរពេទ្យនេះត្រូវបានផ្លាស់ប្តូរឈ្មោះជាមន្ទីរពេទ្យ សុន ម៉ម ចាប់ពីឆ្នាំ១៩៦៤ មកទល់នឹងឆ្នាំ១៩៧៥ បន្ទាប់ពីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីរួចមក។

វេជ្ជបណ្ឌិត ចំរើន សំអឿន ជាអ្នកគ្រប់គ្រងថ្មីជំនួសលោកវេជ្ជបណ្ឌិតចាស់ឈ្មោះ សុន ម៉ម ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត ដោយជម្ងឺកាលពីឆ្នាំ១៩៦៤។

មន្ទីរពេទ្យនេះបានបំពេញការងាររបស់ខ្លួនរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលមកកាន់អំណាច។ បន្ទាប់ពីនោះមកត្រូវបានក្លាយជាកន្លែងឃុំឃាំងដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

រហូតមកដល់សព្វថ្ងៃ យើងនៅតែអាចសង្កេតឃើញនៅមានឥដ្ឋការ៉ូខុសប្លែកពីធម្មតាត្រង់ថាឥដ្ឋការ៉ូចាស់ពណ៌ស តែត្រូវប៉ះភ្ជិតដោយឥដ្ឋការ៉ូពណ៌ក្រហមឬលឿង។

ចម្រឹងដែកនៅតាមបង្អួចគ្រប់កន្លែងនៃអគារ «ជ» ដែលមានស្រាប់តាំងពីដើមមក នៅតាមកន្លែងផ្សេងៗដូចជាបន្ទប់រដ្ឋបាលជាដើម ក៏មានការដាក់ជំនួសថែមខ្លះៗទៀត។

ចម្រឹងដែកដែលត្រូវបានបង្កើតថ្មីនេះ គឺកើតមានឡើងនៅក្នុងជំនាន់ខ្មែរក្រហមនៅកាន់អំណាច។ ហើយចម្រឹងដែលមានស្រាប់ពីសង្គមចាស់នោះគឺត្រូវបានធ្វើឡើងសម្រាប់ការពារមនុស្សវិកលចរិតមិនឲ្យដើរពាសវាលពាសកាល។

អគារមួយនេះស្ថិតនៅតាមបណ្តោយថ្ងៃ មានពីរជាន់ និងមានជាង៣០បន្ទប់។ ថ្វីដ្បិតតែមានការជួសជុលខ្លះក៏ដោយ អគារមួយនេះហាក់មិនដូចជាអគារសម្រាប់ព្យាបាលអ្នកជំងឺទេ គឺដូចទាំងស្រុងទៅនឹងមន្ទីរឃុំឃាំង ព្រោះមានចម្រឹងដែកបញ្ឈរយ៉ាងជង្គ្រឹងនៅច្រកទ្វារធំមុនពេលចូលទៅកាន់បន្ទប់នីមួយៗ។

173749226_2921621084822950_6776068080155712970_n

ស្លាកស្នាមទាំងឡាយដូចជាការទម្លុះជញ្ជាំងសម្រាប់ស៊ករនុកដែក ចោះប្រហោងសម្រាប់អ្នកទោសនោម... មិនត្រូវបានលុបបំបាត់ទាំងស្រុងឡើយ។

នៅក្នុងបន្ទប់នីមួយៗនៃអគារពិនិត្យជំងឺទូទៅ នៅមានស្លាកស្នាមយ៉ាងច្បាស់ក្រឡែតបង្ហាញនូវភាពខុសគ្នាទាំងស្រុងរវាងឥដ្ឋការ៉ូពណ៌ស លឿង និងក្រហម។

ក្នុងចំណោម ជាង៣០បន្ទប់ (ទាំងជាន់ក្រោមនិងជាន់ទី១) មាន២៤បន្ទប់ ត្រូវបានពួកខ្មែរក្រហមយកធ្វើជាកន្លែងឃុំឃាំងអ្នកទោស។ ចំណែកសល់ពីនោះជាបន្ទប់តូចៗ ដែលជាអតីតបន្ទប់ចែកថ្នាំនិងបង្គន់៕

ប្រភពអត្ថបទ៖ ទស្សនាវដ្ដីនៃមជ្ឍមណ្ឌលឯកសារកម្ពុជា “ស្វែងរកការពិត”