នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្នុងអត្ថបទមុនៗ ក្រុមការងារធ្លាប់ធ្វើការបង្ហាញអំពីប្រភេទមេរោគកុំព្យូទ័រ តួយ៉ាង មេរោគ Trojan Horse មេរោគចាក់សោរឯកសារជម្រិតទារប្រាក់ (Ransomware) មេរោគលួចទិន្នន័យហិរញ្ញវត្ថុ (Banking Trojan) មេរោគតាមដាននិងលួចព័ត៌មានក្តារចុច (Keylogger) ជាដើម។
ថ្ងៃនេះក្រុមការងារស្រាវជ្រាវ របស់នាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការចែករំលែកអំពីផលប៉ះពាល់មួយចំនួន ដែលអាចកើតមានឡើង បន្ទាប់ពីកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យា ទទួលរងនូវការវាយប្រហារ ឬឆ្លងនូវមេរោគ ដូចរៀបរាប់សង្ខេបជូនខាងក្រោម៖
១- មេរោគធ្វើការបំលែង និងលាក់ខ្លួនក្នុងគោលបំណងលួចព័ត៌មានសម្ងាត់ផ្សេងៗ របស់ជនរងគ្រោះ ព័ត៌មានទាំងនោះរួមមាន៖ ឈ្មោះគណនី និងលេខសម្ងាត់កម្មវិធីអ៊ីនធឺណិត គណនីធនាគារចល័ត ឬឯកសារអេឡិចត្រូនិក។ល។
២- មេរោគធ្វើការបំផ្លាញឯកសារ ឬចាក់សោរឯកសារ និងធ្វើការជម្រិតទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការទាញយកឯកសារត្រឡប់មកប្រើប្រាស់ដូចដើមវិញ។
៣- មេរោគធ្វើការបំលែង និងលាក់ខ្លួនក្នុងគោលបំណងលួចប្រើប្រាស់កាមេរ៉ា (Webcam) និង Mic ថតសកម្មភាព ឬសម្លេងនានា របស់ជនរងគ្រោះ ធ្វើការគម្រាមទារប្រាក់ ឬបង្ហោះបង្ខូចកិត្តិយសជនរងគ្រោះ។
៤- មេរោគធ្វើការបំផ្លាញផ្នែកខ្លះនៃកម្មវិធី (Software) ឬឈានដល់ការបំផ្លាញផ្នែកខ្លះ នៃ Hardware របស់កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យារបស់ជនរងគ្រោះ។
៥- មេរោគធ្វើការគ្រប់គ្រង និងបញ្ជាកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យា ជនរងគ្រោះពីចម្ងាយ ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ដូចជា៖ ការចូលរួមវាយប្រហារផ្អាកដំណើរការប្រព័ន្ធ (DDOS Attack) ផ្ញើសារអេឡិចត្រូនិកឆបោក (Spam Emails) វាយប្រហារជ្រៀតចូលកុំព្យូទ័រ ក្នុងអង្គភាពរបស់ជនរងគ្រោះ ឬគោលដៅខាងក្រៅអង្គភាពរបស់ជនរងគ្រោះ ឬប្រើប្រាស់កុំព្យូទ័រជនរងគ្រោះ ផ្ទុកទិន្នន័យដែលឧក្រិដ្ឋជនលួចបានពីជនរងគ្រោះដទៃ។ល។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ