ការដែលចង់បានជីវិតសុខស្រួល និងមានសុភមង្គល មិនជារឿងងាយស្រួលនោះទេ។ ជាពិសេសសម្រាប់នារីៗ គឺត្រូវឆ្លងកាត់រឿងជាច្រើន ជាពិសេសគឺនៅពេលឈានដល់ជីវិតគ្រួសារ ឬមានស្វាមី។
ខាងក្រោមយើងបង្ហាញពីចំណុចទាំង ៣ ដែលស្រ្តីគ្រប់រូបគួរតែផ្លាស់ប្តូរការគិតបែបនោះ ព្រោះបើនៅបន្ត អ្នកនឹងគ្មានថ្ងៃទទួលបានសុភមង្គល និងជីវិតដ៏រុងរឿងមួយឡើយ៖
៣) ចំណាយពេលអង្គុយប្រៀបធៀបខ្លួនឯងទៅនឹងជីវិតអ្នកដទៃ
ការដែលប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ មិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ពេលខ្លះវាបំផុសទឹកចិត្តយើងឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត។
យ៉ាងណាបើអ្នកអង្គុយតែប្រៀបធៀបគ្រប់រឿង វាធ្វើឲ្យយើងកើតមានជំងឺបាក់ទឹកចិត្ត លែងចង់ធ្វើអ្វីទៅវិញ ហើយវាពុំបានជួយឲ្យយើងល្អប្រសើរនោះឡើយ។ ពេលខ្លះអ្នកមានជីវិតល្អមួយហើយ តែអ្នកមិនចេះប្រើប្រាស់វា ហើយបែរជាធៀបនឹងប្តីគេ កូនគេ ធ្វើឲ្យបាត់បង់ក្តីសុខដែលកំពុងមានដោយមិនដឹងខ្លួន។
២) រស់នៅដោយគ្មានភាពសុទិដ្ឋិនិយម
សុទិដ្ឋិនិយមគឺសំដៅទៅលើការគិតវិជ្ជមាន ដោយមានការគិតល្អិតល្អន់ និងវិភាគមានហេតុមានផល។ បើអ្នកបន្តរស់នៅក្នុងការគិតឃើញតែគំនិតអវិជ្ជមាន ដោយមើលមិនឃើញពីចំណុចល្អរបស់អ្នកដទៃ មើលមិនឃើញពីគោលដៅដែលខ្លួនចង់ធ្វើ នោះគឺគ្មានសន្តិភាពផ្លូវអារម្មណ៍ឡើយ។
អ្នកចេះតែមើលឃើញពីកំហុសរបស់គេ អ្នកចេះតែសង្ស័យនេះ សង្ស័យនោះ ដោយគ្មានការគិតល្អិតល្អន់ យូរទៅខ្លួនឯងហ្នឹងហើយជាអ្នកលំបាក ហើយអ្នកជុំវិញខ្លួនគេក៏មានអារម្មណ៍ទើសទាល់នឹងយើងដែរ។
១) គិតថា មានសម្រស់ស្រស់ស្អាតគឺគ្រប់គ្រាន់
ស្រ្តីភាគច្រើននៅក្មេងខ្ចី គិតថា ឲ្យតែខ្លួនឯងស្អាត ហើយទៅរកប្តីអ្នកមានម្នាក់គឺជីវិតមានន័យហើយ។ ឈប់ទៅ កុំបន្តគិតបែបហ្នឹង ត្រូវចាំថាសម្រស់មិនស្ថិតស្ថេរនោះទេ ហើយបើអ្នករកបានបុរសដែលស្រលាញ់ត្រឹមសម្រស់របស់អ្នក វាក៏គ្មានន័យអ្វីនោះដែរ ព្រោះថ្ងៃដែលអ្នកលែងស្រស់ស្អាត ក៏ជាថ្ងៃដែលអ្នកត្រូវហូរទឹកភ្នែក នឹងការចាកចេញរបស់គេដូចគ្នា។
គិតទៅមើលបើសម្រស់មានហើយ ខិតខំរៀនចប់យកចំណេះ ជំនាញអ្វីមកជាប់នឹងខ្លួនទៀត នោះមនុស្សប្រុសក៏គេកាន់តែស្រលាញ់ កាន់តែឲ្យតម្លៃយើងខ្ពស់ទៅតាមហ្នឹងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក