និស្ស័យមួយនេះ ពិតជាធ្វើឱ្យមនុស្សកំណត់មិនបានមែន ខ្លាចមិនបានជួប ហើយក៏ខ្លាចឈឺចាប់ផងដែរ។ មនុស្សមួយចំនួនជួបភ្លាមស្រលាញ់ភ្លែត ខ្ញុំមិនដឹងថានេះអាចរាប់បានថាជាក្តីស្រលាញ់មួយឬក៏អត់ទេ។
បន្តមកនេះ អ្វីដែលខ្ញុំចង់និយាយគឺពាក្យទាំង៤ឃ្លានេះ ប្រហែលជាអ្នកធ្លាប់ស្តាប់ឮ ហើយក៏ប្រហែលជាអ្នកមិនសូវជាមានជំនឿនោះទេ ប៉ុន្តែនេះជាការពិតនៃការបង្ហាញចេញនូវក្តីស្រលាញ់មែន។
១. អូននៅទីនោះហើយកុំទៅណា ចាំបងទៅរកអូន
នារីម្នាក់បើនិយាយថា ៖ “អូននឹកបងណាស់” គឺមិនមែនឱ្យអ្នកលួងលោមដល់នាងនោះទេ ក៏មិនមែនបានន័យថា ឱ្យអ្នកសួរនាងថានាងឈឺហើយមែនឬទេ នោះដែរ អ្នករឹតតែមិនអាចឆ្លើយតបទៅកាន់នាងថា ឱ្យនាងផឹកទឹកឱ្យបានច្រើនដែរ។
នារីម្នាក់នៅខណៈពេលនេះអ្វីដែលនាងត្រូវការគឺជាការថ្នាក់ថ្នមមួយ និងចង់បានអារម្មណ៍ពឹងផ្អែក។
ប្រសិនបើអ្នកស្រលាញ់នារីម្នាក់នេះ ទោះជានៅឆ្ងាយយ៉ាងណា ទោះជាមានកិច្ចការដែលមិនអាចដាក់ចុះបាននោះ ក៏ត្រូវតែធ្វើយ៉ាងណាមានវត្តមាននៅចំពោះមុខរបស់នាងដែរ។
ដ្បិតតែមើលទៅរាងដូចជាទំនើងហួសហេតុបន្តិចមែន ប៉ុន្តែនៅចំពោះមុខសេចក្តីស្នេហារឿងទាំងនេះរាប់ថាជាអ្វីទៅ។ អាចព្រោះតែពាក្យថា “ខ្ញុំនឹកអ្នកណាស់” ហើយអ្នកជាមនុស្សប្រុសដែលអាចមានវត្តមានចំពោះមុខនាងបាន តើមាននារីណាដែលមិនរំភើបចិត្តទៅ?
២. អ្វីដែលអូនចូលចិត្ត ចាំបងទិញឱ្យ
មិនថាខ្លួនមានប្រាក់ឬអត់ទេ ឱ្យតែអ្វីដែលជារបស់នារីដែលខ្លួនស្រលាញ់ចង់បាន ខ្លួននឹងប្រឹងប្រែងដើម្បីបំពេញតម្រូវការរបស់នាង។ ខ្ញុំក៏ដឹងថាជួនខ្លះនាងមិនចង់ទិញនោះទេ គឺគ្រាន់តែដើម្បីសាកល្បងមើលថា បុរសដែលខ្លួនស្រលាញ់ជាមនុស្សកម្រិតម៉ៅស្វិតឬអត់ អាចព្រោះតែនាងហ៊ានចំណាយប្រាក់ឬអត់។
ក្នុងនាមជាមនុស្សប្រុស មានពេលខ្លះថវិការពិតជាមានកំណត់មែន ប៉ុន្តែយ៉ាងណាព្រោះតែនារីដែលខ្លួនស្រលាញ់ ទោះជាខ្លួនត្រូវកាត់បន្ថយប្រាក់សម្រាប់ខ្លួនចាយរាយ ក៏ត្រូវយកមកសន្សំទុកឱ្យនាងយកមកចំណាយលើរបស់ដែលនាងត្រូវការដែរ យ៉ាងណាខ្ញុំគឺជាមនុស្សបែបនេះ។
៣. ពួកយើងទៅផ្ទះវិញទៅ
ការឈ្លោះគ្នារវាងគូស្នេហ៍គឺពិបាកនឹងចៀសផុតណាស់ តាមពិតទៅនិយាយឱ្យអស់នេះមិនមែនជារឿងធំដុំអ្វីឡើយ ប៉ុន្តែម្នាក់ៗមិនព្រមចុះចាញ់ ឱ្យតែខឹងដឹងតែចង់ចេញពីផ្ទះ។
ក្នុងនាមខ្ញុំជាមនុស្សប្រុស ក៏មិនចង់ទ្រាំនឹងកំហឹងដែរ ប៉ុន្តែនេះគ្រាន់តែរយៈពេលមួយគ្រាទេ។ ត្រូវស្ងប់អារម្មណ៍ហើយពិចារណាមកវិញ ក្នុងនាមជាមនុស្សប្រុស ម្តេចនឹងអាចឈ្លោះគ្នាជាមួយមនុស្សស្រីបានទៅ ឬមួយធ្វើជាមនុស្សប្រុសមិនអាចចិត្តទូលាយបន្តិចទេឬ។
តាមពិតទៅនៅចំពោះមុខនារីដែលខ្លួនស្រលាញ់ សេចក្តីថ្លៃថ្នូរពិតជាមិនសូវមាននោះទេ។ ប្រសិនបើអាចតាមនាងបាន ចុះចាញ់ទទួលកំហុស ប្រាប់នារីដែលខ្លួនស្រលាញ់ថា “ពួកយើងទៅផ្ទះវិញទៅ” នេះគឺជាចរិតមនុស្សប្រុសចាស់ទុំម្នាក់ គេលែងគិតគូរពីមុខមាត់ភាពថ្លៃថ្នូរអ្វីទៀតឡើយ ដូច្នេះនារីទាំងឡាយ នេះគឺជាបុរសល្អម្នាក់ ហើយដាច់ខាតត្រូវតែចេះរក្សាទុកឱ្យបានល្អ។
៤. ពួកយើងរៀបការទៅ
ចំពោះមនុស្សប្រុស រឿងមង្គលការគឺជាទំនួលខុសត្រូវមួយ។ មនុស្សប្រុសម្នាក់ជ្រើសរើសការរៀបការ ច្បាស់ជាដឹងថាខ្លួនឯងអាចផ្តល់នូវគ្រួសារដ៏មានសុភមង្គលមួយដល់នារីដែលខ្លួនស្រលាញ់ជាមិនខាន សុភមង្គលនេះរួមមានទាំងផ្នែកស្មារតី និងផ្នែកសម្ភារផងដែរ។
មនុស្សប្រុសដែលចាស់ទុំម្នាក់ ដាច់ខាតមិនអាចយកមង្គលការធ្វើជាការលេងសើចឡើយ ប្រសិនបើមិនអាចធានាពីភាពនឹងនរក្នុងជីវភាពរស់នៅថ្ងៃក្រោយបានទេ គឺច្បាស់ជាមិនអាចហាមាត់និយាយពាក្យនេះឡើយ។
យ៉ាងណាគេមិនអាចឱ្យនារីដែលខ្លួនស្រលាញ់ទទួលរងទុក្ខវេទនាឡើយ ទោះជាខ្លួនរងទុក្ខ នឿយហត់បន្តិចក៏ដោយក៏មិនអាចឱ្យនាងរងទុក្ខបន្តិចណាទេ។ កាតព្វកិច្ចដែលនៅលើស្មារបស់មនុស្សប្រុស គឺការទទួលរ៉ាប់រងរឿងគ្រប់យ៉ាងនៅក្នុងគ្រួសារ រែកនូវអម្រែកដែលមិនសមបំណងទាំងឡាយនៃគ្រួសារមួយនេះ។
ប្រសិនបើបុរសណាម្នាក់និយាយពាក្យទាំងនេះ អ្នកនៅស្ទាក់ស្ទើរអ្វីទៀត ម៉េចមិនឆាប់យល់ព្រមទៅ៕
ប្រភព ៖ http://lovebecomestory.com / ប្រែសម្រួល ៖ Mythical Bird