ការជ្រើសរើសប្រភេទមកទទួលទាន គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាមានទំនាក់ទំនងជាមួយសុខភាពរាងកាយរបស់យើងជាប្រចាំ ហើយបើយើងមិនសូវអើពើ នោះដូចកំពុងបំផ្លាញអាយុជីវិតខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអ៊ីចឹង។
អាហារ ៥ ប្រភេទខាងក្រោម យើងណែនាំបើជៀសបានគួរតែជៀស ឬទទួលទានក្នុងបរិមាណទាបបំផុត ព្រោះវាងាយនឹងប៉ះពាល់ធ្វើឲ្យឆាប់ខូចបេះដូង ថ្លើម តម្រងនោម៖
៥) ហាំប៊ឺហ្គឺរ
តាមការណែនាំពីសាស្ត្រាចារ្យលោក Regina Druz វេជ្ជបណ្ឌិតផ្នែកបេះដូងនៅសហរដ្ឋអាមេរិកបាននិយាយថា ប្រសិនយើងមានទម្លាប់ទទួលទានហាំប៊ឺហ្គឺររៀងរាល់ព្រឹកជាប្រចាំ នោះហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមបេះដូងគឺមានកើតមានខ្ពស់បំផុត។
ហេតុផលគឺដោយសារតែក្នុងអាហារនោះ មានផ្ទុកនូវជាតិខ្លាញ់ឆ្អែត ហើយលាយជាមួយកាបូអ៊ីដ្រាតអាចមានឥទ្ធិពលអាក្រក់ដល់បេះដូង។ ដូច្នេះដើម្បីចង់បានសុខភាពបេះដូងល្អ អ្នកគួរតែជៀសវាងការទទួលទានវា ឬកំណត់បរិមាណតិចបំផុតឲ្យបានត្រឹមត្រូវ។
៤) សាច់កែច្នៃ
អាហារកែច្នៃដូចជាសាច់ក្រក ឬប្រភេទសាច់ផ្សេងៗទៀតគឺមានផ្ទុកសារធាតុអំបិល នីដ្រាត និងសារធាតុការពារការដុះផ្សិតខ្ពស់បំផុត។
សារធាតុទាំងនេះ វាងាយនឹងធ្វើឲ្យអ្នកកើតមានជំងឺលើសឈាម ជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល។ ការណែនាំល្អបំផុត អ្នកអាចទទួលទានវាតិចជាង ១៥០ ក្រាមក្នុងមួយលើក ហើយមិនឲ្យទទួលទានលើសពី ៣ លើកឡើយក្នុងមួយសប្តាហ៍។
៣) ដំឡូងបារាំងបំពង
ដំឡូងបារាំងបំពងគឺជាប្រភេទអាហារដែលពេញនិយមសម្រាប់មនុស្សវ័យក្មេង តែវាគឺមានផ្ទុកនូវជាតិខ្លាញ់ និងកាឡូរីខ្ពស់ណាស់។ ដូច្នេះវាងាយនឹងបង្កើនហានិភ័យនៃការឡើងទម្ងន់ និងជំងឺធាត់ ក៏ដូចជាជំងឺលើសឈាម និងបេះដូង។
លើសពីនេះវាក៏ងាយឲ្យអ្នកកើតជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោមថែមទៀតផង ហើយជំងឺមហារីកមួយចំនួនក៏អាចបៀតបៀនអ្នកបានស្រួលដែរ។
២) ប្រភេទអាហារផ្អែមខ្លាំង
អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ ក្រៅពីនាំឲ្យអ្នកឡើងទម្ងន់ឆាប់រហ័ស ជាងនេះក៏ងាយនឹងឲ្យអ្នកកើតជំងឺបេះដូង ក៏ដូចជាលើសឈាមផងដែរ។ ព្រោះវានាំឲ្យកើនឡើងកូលេស្តេរ៉ុលខ្ពស់ ហើយជំងឺទឹកនោមផ្អែមក៏អ្នកងាយនឹងជួប បែបនេះប្រភេទអាហារផ្អែមខ្លាំងដូចជានំខេក ឬបង្អែមដែលផ្អែមខ្លាំងអ្វីជាដើមនោះ គួរតែត្រូវកាត់បន្ថយ។
១) ភីហ្សា
ភីហ្សាជាប្រភេទអាហារពេញនិយមមួយផ្សេងទៀត ជាពិសេសគឺកុមាររមែងចូលចិត្តទទួលទានវាបំផុត។ ទោះជាយ៉ាងណាអាហារនេះមិនល្អនោះទេចំពោះសុខភាព ជាពិសេសសម្រាប់ប្រជាជនអាមេរិកត្រូវបានគេណែនាំឲ្យបញ្ចៀសជាដាច់ខាត ព្រោះងាយនឹងប៉ះពាល់ដល់សុខភាពបេះដូង។
ល្អបំផុតគួរទទួលទានភីហ្សាបន្លែ ឬគ្រឿងសមុទ្រ ជាជាងភីហ្សាសាច់ ហើយទទួលទានក្នុងបិរមាណកំណត់ដ៏សមរម្យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក