អ្នកធ្លាប់បែកបាក់ស្នេហា និងបានចាប់ផ្តើមស្នេហាថ្មី ប្រាកដជាធ្លាប់ទទួលរងនូវអារម្មណ៍ដ៏លំបាកមួយ នោះគឺអារម្មណ៍នៅនឹកនាអ្នកចាស់ ហាក់មិនដាច់ស្រេចទាល់តែសោះ។
ជឿថាអ្នកដែលបានចុចអានអត្ថបទនេះ ក៏ស្ថិតក្នុងចំណោមអ្នកដែលកំពុងទទួលរងនូវអារម្មណ៍លំបាកបែបហ្នឹងដូចគ្នា។ បើអានចប់យល់ខ្លះៗហើយ អ្នកគួរតែរៀនផ្លាស់ប្តូរអារម្មណ៍ ដើម្បីកុំឲ្យខ្លួនឯងទទួលរងសម្ពាធ ហើយអ្នកថ្មីត្រូវឈឺចាប់ដោយគេមិនដឹងអីនោះ៖
៥) អ្នកថ្មីមិនល្អដូចអ្នកមុន
ស្នេហាគឺបែបហ្នឹងហើយ ពេលអ្នកឆ្លងកាត់ជាមួយអ្នកចាស់ហើយ អ្នកថ្មីយ៉ាងណាស់ក៏បានស្មើ ឬត្រូវតែល្អជាងអ្នកចាស់។ បើយកអ្នកថ្មីមក ពុំបានផ្តល់ក្តីសុខដល់អ្នក ចេះតែមានរឿងចម្រូងចម្រាសទាំងដែលស្នេហាមិនទាន់ចាប់ផ្ដើមស៊ីជម្រៅផងនោះ គឺច្បាស់ហើយអារម្មណ៍ប្រៀបធៀបប្រាកដជាកើតមាន។
៤) អ្នកនៅទាក់ទងជាមួយអ្នកចាស់
បើទោះបីជាអ្នកមានដៃគូស្នេហាថ្មីហើយក្តី តែទំនាក់ទំនងរវាងអ្នកចាស់អ្នកនៅតែទាក់ទងជាមួយគេដដែល។ ឧទាហរណ៍៖ ដូចជានៅរៀនជាមួយគ្នា បម្រើការជាមួយគ្នា ឬឧស្សាហ៍ជួបមុខគ្នា នោះវាធ្វើឲ្យអារម្មណ៍របស់អ្នកមិនអាចដាច់ស្រឡះបានភ្លាមៗនោះឡើយ។
៣) ទោះមិនជួបមុខក្រៅ តែនៅផ្ញើសារទៅមក
ស្រដៀងនឹងចំណុចខាងលើដែរ តែនេះចង់ថា ទោះពុំបានជួបមុខផ្ទាល់ តែអ្នកនៅទាក់ទងគ្នាតាមរយៈការផ្ញើសារ លើបណ្តាញសង្គម Facebook, Instagram ឬ Lines អ្វីជាដើម។ សកម្មភាពបែបនេះ ទោះអ្នកមិនស៊ីជម្រៅអ្វីជាមួយគេ តែអារម្មណ៍ដិតដាមវានៅតែមាន បែបហ្នឹងបើច្បាស់លាស់ហើយគួរតែដកចិត្តឲ្យដាច់ ហើយកុំឆាតជាមួយគេពេកអី បើមិនចាំបាច់។
២) អនុស្សាវរីយ៍រាប់មិនអស់
រស់នៅជាមួយអ្នកចាស់យូរ ធ្លាប់ដើរហើរទៅគ្រប់កន្លែងជាមួយគ្នា បែបហ្នឹងអនុស្សាវរីយ៍គឺប្រាកដជាមានច្រើនហើយ។ ជាងនេះបើស្នេហារបស់អ្នកចាប់ផ្តើមកើតឡើងពីចំណុចមិត្តភក្តិមកទៀតនោះ ការបំភ្លេចអ្នកចាស់ម្នាក់នោះ គឺធានាថាមិនងាយអាចធ្វើទៅបានដោយប្រើប្រាស់រយៈពេលខ្លីឡើយ ព្រោះគេធ្លាប់ជាមនុស្សដែលយល់ពីអ្នកបំផុត ជាមនុស្សដែលស្គាល់អ្នកច្បាស់ជាងនរណាទាំងអស់។
១) ភាពឯកាមកលោងបន្លាច
ហ្នឹងហើយ វាស៊ីសងលើដៃគូថ្មីរបស់យើងដែរ បើគេមិនសូវមើលថែយើងដិតដល់ មិនសូវមានពេលវេលាឲ្យយើងច្រើន ក្នុងពេលដែលយើងកំពុងដក់ជាប់អារម្មណ៍ជាមួយរឿងចាស់ៗនោះ វាស្មើនឹងយើងកំពុងរស់នៅក្នុងភាពឯកា។
ជាទូទៅភាពឯកាប្រាកដជាទាញអារម្មណ៍អ្នកឲ្យទៅគិតដល់រឿងមិនល្អ រឿងឈឺចាប់ពីអតីតកាលជាមិនខាន។ បែបនេះអ្នកថ្មី ក៏ត្រូវតែល្អចំពោះអ្នកដែរ មិនប្រាកដថាជាកំហុសរបស់អ្នកតែម្ខាងឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក