ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Xiaomi បានធ្វើការផ្លាស់ប្តូរនៅ Logo ថ្មីរបស់ខ្លួនកាលពី ២ ថ្ងៃមុន ដោយមើលនឹងភ្នែកធម្មតាគឺប្តូរពីរាងជ្រុងមកជារាងមូល។
តម្លៃនៃការរចនា Logo ថ្មីនោះ តាមការចុះផ្សាយពីគេហទំព័របរទេស គឺបានជួលជនជាតិជប៉ុនម្នាក់ឲ្យរចនា ហើយក្រុមហ៊ុនចាយអស់ជាង ៣០ មុឺនដុល្លារ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ បានធ្វើឲ្យផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយ ដោយហួសចិត្តដែលថា Xiaomi ចេះទៅចាយលុយលើរឿងសាមញ្ញបែបហ្នឹងកើត ហើយត្រឹមតែ Designer ធម្មតាៗក៏អាចធ្វើបាន និងមិនបាច់ចាយដល់ខ្ទង់សែនដុល្លារបែបហ្នឹងឡើយ។
យ៉ាងណាតាមការបកស្រាយពីគណនី Mahmoud Hassan លើបណ្តាញសង្គមហ្វេសប៊ុកក៏បានបង្ហាញអត្ថន័យនៅពីក្រោយ Logo ថ្មីនោះ ហើយនៅពេលអានចាប់អ្នកប្រាកដជាស្រងាកចិត្ត ហើយជាពិសេសអ្នកដែលរិះគន់ប្រាកដជាសោកស្ដាយ ដែលចាញ់កលទស្សនវិជ្ជារបស់ Designer ល្បីឈ្មោះដែល Xiaomi បានជួល។
Logo ថ្មីនេះគឺជាកិច្ចសហការរវាងក្រុមអ្នករចនារបស់ Xiaomi និងអ្នករចនាជប៉ុនឈ្មោះ Kenya Hara។ លោកបានប្រើប្រាស់ទស្សនវិជ្ជា ដោយយករបស់ដែលសាមញ្ញបំផុត ទៅអូសទាញចិត្តមនុស្សទូទាំងពិភពលោកឲ្យបានឃើញ និងពុំចាំបាច់ចំណាយច្រើន។
ខាងក្រោមយើងបង្ហាញចំណុចរសើប ២ ដែលអ្នកគួរដឹង៖
១) អត្ថន័យនៃ Logo
Logo នេះពុំមែនផ្លាស់ប្តូរពីរាងជ្រុងមកជារាងមូលធម្មតាដូចអ្នកគិតនោះទេ ដោយអត្ថន័យនៃខាងក្នុងរបស់វាគឺឆ្លុះបញ្ចាំងនូវពាក្យថា "Alive"ដោយវាផ្តោតលើគោលការណ៍សំខាន់ឲ្យមើលទៅមានលក្ខណៈធម្មជាតិនិងស្រទន់ (Soft) ជាង Logo មុន។
ឆ្លងកាត់អស់រយៈពេលជាង ៣ ឆ្នាំរាប់ចាប់តាំងពីឆ្នាំ ២០១៧ ដោយមានទាំងការប្រើប្រាស់សមីការគណិតវិទ្យាមកគណនាលាយឡំបន្ថែមផងនោះ ទើបអាចផលិតយក Logo សម្រេចមួយ ដែលមានគែមជុំវិញនៅកម្រិតល្អឥតខ្ចោះបំផុត ហើយនោះគឺនៅពេលចម្លើយ N=3។
ជាមួយការប្រើប្រាស់ពណ៌ គឺពណ៌ទឹកក្រូចនៃគែមជុំវិញ Logo គឺត្រូវបានរក្សាទុក ហើយបន្សំចូលនៅពណ៌ថ្មីគឺពណ៌ប្រផេះស្រាលល្មម ដែលវាស៊ីគ្នាទាំងក្នុងស្ថានភាពបែបងងឹតនិងមានពន្លឺ។
២) ទស្សនវិជ្ជាជនជាតិជប៉ុន
ស្ដាប់ទៅការពន្យល់នេះវាមិនជាអស្ចារ្យអ្វីខ្លាំងនោះទេ ប៉ុន្តែអ្វីដែល Xiaomi ចំណេញបំផុតនោះ គឺការចែកចាយដោយឥតគិតថ្លៃពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ទូទាំងសកលលោក។
ទស្សនវិជ្ជារបស់អ្នករចនាដ៏ប៉ិនប្រសព្វខាងលើ គឺធ្វើអ្វីមួយដែលសាមញ្ញបំផុតក្នុងភ្នែកមនុស្ស ហើយអាចទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូលឲ្យមកបានឃើញនៅ Logo ថ្មីរបស់ក្រុមហ៊ុន Xioami សឹមធ្វើការពន្យល់នៅអត្ថន័យដ៏អស្ចារ្យរបស់វាតាមក្រោយ។
នេះជាក្បាច់ដែលអាចបញ្ឆោតមនុស្សឲ្យចាប់អារម្មណ៍លើការធ្វើទីផ្សាររបស់ក្រុមហ៊ុន ដោយមិនចំណាយលុយសូម្បីតែមួយសេន្តលើការផ្សព្វផ្សាយ និងគ្មានហានិភ័យសូម្បីតែ ០,១ ភាគរយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក