លោកតា អ៊ុក អ៊ូ ហៅង៉ុយឬ ក្រមង៉ុយ គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ រហូតដល់ ហ្លួង ស៊ីសុវត្ថិ បានសព្វព្រះទ័យ ប្រទានឱ្យកវី អ៊ុក អ៊ូ នូវគោរមងារមួយនោះគឺ « អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (ក្រមង៉ុយ) » ។
លោកតាង៉ុយ មានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក។ តែអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក ទើបអាចបន្តស្នាដៃសេសសល់ដល់សព្វថ្ងៃនេះដល់កូនចៅជំនាន់ក្រោយ។
១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
២- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))
៣- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
៤- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
៥- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
តែនៅក្នុងនោះ គេក៏បានរកឃើញថា នៅមានស្នាដៃផ្សេងទៀតរបស់លោកតា ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី, ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស ។
អ្វីដែលកាន់តែភ្ញាក់ផ្អើល បើងាកមកបច្ចប្បន្ន សំណេរកំណាព្យនៃ «ច្បាប់ល្បើកថ្មី » របស់លោកតា ក្រមង៉ុយ ដែលជាបទកាកគតិត្រូវបាននិពន្ធឡើងនៅឆ្នាំ១៩២២ ត្រូវបានគ្រប់គ្នាយល់ឃើញថាបាននឹងកំពុងតែឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ជាពិសេសគឺគ្រោះរាំងស្ងួត និងជំងឺតម្កាត់តែម្តង។
# សូមអាន នេះជាឃ្លាវគ្គទី ១៧៥
« ១៧៥ - ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នាំទាំងបី កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ ធ្វើស្រែស្រូវបាន ។
ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបុរាណ កត្ដឹកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន រលួយស្រូវអស់ ។
ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ ដាច់ពោះក្សិណក្ស័យ ។
ខែចែត្រឆ្នាំវក ស្រលះពពក កើតមានសម័យ ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧត្បាតង្រៃ ឃើញសត្វអ្វីហោះ ។
ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់ មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ មិនដឹងទៅណា » ។
គួរឱ្យដឹងផងដែរថា ដោយសារតែពេលនេះវីរុសថ្មី Covid-19 បាននឹងកំពុងតែរាលដាលខ្លាំងនៅចំខែឆ្នាំ ដែលកវី ក្រមង៉ុយ បានលើកឡើងនោះ ក៏មានការផ្ទុះស៊ែរបន្តៗគ្នានូវឃ្លានេះ ក្នុងល្បើកថ្មី ដែលគ្រប់គ្នាយល់ថា ដូនតាខ្មែរពិតជាមានការយល់ដឹង និងមានទំនាយឆុតប្រាកដមែនទាំងក្នុងពេលអតីតកាល និងពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់បងប្អូនខ្មែរយើងមួយចំនួនតែប៉ុណ្ណោះ ជឿ ឬមិនជឿអាស្រ័យលើការយល់ឃើញរបស់បងប្អុនទាំងអស់គ្នាទៅចុះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក (ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក