ក្នុងផ្ទះសម្បែងបើរស់នៅមិនមានក្តីចម្រុងចម្រើនឬមានបញ្ហាជាប់ជានិច្ចលោកអ្នកគប្បីធ្វើការបំបាត់រាល់ ឧបទ្រពចង្រៃដូចខាងក្រោមៈ
១. ស្វាមីភរិយាតែងឈ្លោះទាស់ទែងគ្នា
ឱ្យរកគ្រែដែលមានទម្រង់គែមរាងមូលមកប្រើប្រាស់ហើយហាមប្រើគ្រែរាងបួនជ្រុងដែលមានតែមជ្រុងស្រួចៗ។បើករណីគ្រែដែលមានទំហំធំក៏ត្រូវមានកន្លែងដេកធំដូចនេះកុំប្រើពូកឬក្រាលកន្លែងដេកដែលមាន ២ បំណែកមកដាក់ជិតគ្នាព្រោះថាអាចនាំឱ្យប្ដីប្រពន្ធកើតការប៉ះទង្គិចគ្នារស់នៅមិនសូវសុខសាន្ត។
ត្រូវចងចាំថាការប្រើគ្រែរូបទម្រង់មូលឬគ្រែដែលមានគែមរាងមូលតែងជួយកម្ចាត់រាល់ការប៉ះទង្គិចដោយជួយឱ្យជីវិតគ្រួសារមានការស្រឡាញ់គ្នាកាន់តែស្អិតរមួតឡើង។
២. ទំនាក់ទំនងមិនលូតលាស់
គ្រួសារខ្លះរួមរស់នៅជាមួយគ្នារាប់ឆ្នាំមិនចេះយល់ចិត្តគ្នា ចំណងគ្រួសារមានភាពស្រពេចស្រពិលមិនស្អិតរមួត។ដូចនេះបើឃើញមានដើមឈើងាប់នៅបរិវេណមុខផ្ទះឬត្រង់ក្បែរមាត់បង្អួចគួរកាប់ចោល។ត្រូវដាំដើមឈើដែលមានស្លឹកលាស់និងចេញផ្កាល្អព្រោះថានឹងជួយឱ្យស្វាមីភរិយាកើតមានក្តីស្រឡាញ់ហើយយល់ចិត្តយល់ថ្លើមគ្នាកាន់តែច្រើនវិញ។
៣.ការងារមិនរីកចម្រើន
ឱ្យដាក់តុធ្វើការចំកន្លែងដែលមានជោគសំណាងល្អគឺចំណុចខ្សែបញៀងជ្រុងជាមួយទ្វារផ្ទះ។ដាក់តុឱ្យស្ថិតនៅចំជ្រុងផ្នែកខាងក្នុងនៅពេលកំពុងបំពេញការងារអាចសម្លឹងឃើញទ្វារផ្ទះនិងមនុស្សចេញចូលបានស្រួល។កៅអីឬទូរឯកសារត្រូវដាក់ផ្អែកទៅជញ្ជាំងនឹងជួយឱ្យតំណែងជាប់គង់វង្សបានល្អមានអំណាចមានបារមីនិងមានតែការរីកចម្រើនលូតលាស់ទៅមុខ។
៤.ខ្វះកិត្តិយសគ្មានឈ្មោះបោះសម្លេង
ឱ្យបែរក្បាលគ្រែទៅទិសខាងត្បូង។ចំណែក តុឱ្យដាក់នៅចំណុចទិសខាងត្បូងហើយបែរមុខទៅទិសខាងជើងឬទិសខាងកើតក៏បាន។ការដាក់តុទៅទិសខាងត្បូងឬបែរក្បាលគ្រែទៅទិសខាងត្បូងនឹងជួយឱ្យទទួលជោគជ័យក្នុងតួនាទីការងារកាន់តែប្រសើរឡើងហើយក្រៅពីនេះនៅសម្បូរទៅដោយកិត្តិយស និងកេរ្តិ៍ឈ្មោះផង។
៥. សេចក្តីស្នេហារង្គោះរង្គើ
ឱ្យដាំឬស្សីឬដើមឈើផ្សេងៗដែលមានស្លឹកបៃតងស្រស់។ដាំជាជួរត្រង់មាត់របងមុខផ្ទះនិងក្បែរផ្ទះឱ្យខៀវស្រងាត់។ការដាំបើមានសភាពក្រាសឃ្មឹកហើយមើលពីខាងក្រៅមកមិនឃើញផ្ទះផងកាន់តែល្អព្រោះនឹងជួយឱ្យចំណងស្នេហារវាងប្តីប្រពន្ធកាន់តែស្អិតរមួតនិងសេចក្តីសុខកាន់តែហូរចូលច្រើនទ្វេរឡើង។
៦.គូស្វាមីភរិយាមិនមានទ្រព្យ
ឱ្យរកផ្ទះដែលមានលក្ខណៈនៅលើទួលឬនៅលើទីកន្លែងមានទីខ្ពស់ជាងផ្លូវថ្នល់។បើរស់នៅក្នុងផ្ទះបែបនេះនឹងធ្វើឱ្យដួងជតារាសីល្អ មានឋានៈល្អ មានភាពស្តុកស្តម្ភ ទោះធ្វើកិច្ចការអ្វីក៏រលូនល្អនិងទំនាក់ទំនងនៃគូស្វាមីភរិយារឹងមាំ។ បើករណីរកផ្ទះលក្ខណៈបែបនេះមិនបានឱ្យជីកស្រះដាំដើមឈូកនៅខាងឆ្វេងដៃផ្ទះ(ឈរនៅក្នុងផ្ទះបែរមុខចេញទៅខាងមុខផ្ទះ)។
៧.ជីវិតសោះកក្រោះ
ជីវភាពរស់នៅក្នុងផ្ទះសម្បែងមិនលំបាកណាស់ណាតែអារម្មណ៍មានភាពសោះកក្រោះ គ្មានដំណើរជីវិតស្រស់ស្រាយពេលខ្លះប្រាក់កាសក៏មានការរាំងស្ទះមិនរលូនល្អមនុស្សរស់នៅក្នុងផ្ទះសម្បែងមិនមានភាពភ្លឺថ្លាខ្វះភាពស្ទុះស្ទា។
បើជួបបញ្ហាបែបនេះឱ្យរកទូរចិញ្ចឹមត្រីកន្ទុយបីឬត្រីលម្អរនានាដាក់ផងកាន់តែល្អ។ចំនួនត្រីដែលចិញ្ចឹមគួរ៦ទៅ៨ឬ៩ក្បាលចាត់ទុកថាមង្គល។មនុស្សរស់នៅក្នុងផ្ទះនឹងមានភាពស្រស់ស្រាយមាសប្រាក់នឹងគាប់ប្រសើរឡើងវិញមានជោគមានលាភមិនបាត់បង់ទៅណាតែយ៉ាងណាត្រូវចេះមើលថែទាំទូតិ៍ឱ្យស្អាតល្អទើបប្រសើរ។
៨.មានបញ្ហាខ្លះទាញទម្លាក់ការរីកចម្រើន
រៀបចំរបស់របរក្នុងផ្ទះសម្បែងឱ្យមានរបៀបរៀបរយ។កុំឱ្យមានដាក់របស់របរផ្សេងៗរប៉ាត់រប៉ាយពិសេសត្រង់កន្លែងដើរទៅមកក្នុងផ្ទះសម្បែងដោយមិនត្រូវដាក់រាំងផ្លូវដែលមិនអាចដើរឆ្លងកាត់ទៅមកបានស្រួល។
ក្នុងផ្លូវដើរត្រូវបោសសម្អាតឱ្យស្អាតបាតជាប់ជាប្រចាំ។របស់របរប្រើប្រាស់មានកាន់តែតិចកាន់តែល្អហើយត្រូវប្រមូលដាក់ប្រអប់ឱ្យស្រួលបួល។ការធ្វើដូច្នេះនឹងជួយឱ្យឋានះនិងជីវភាពរស់នៅមានភាពរុងរឿងហូរចូលផ្ទះមិនចេះដាច់។ទោះធ្វើអ្វីៗតែងមានភាពភ្លឺថ្លារត់ចូលមិនសូវចេះខ្វះព្រោះតែភាពជោគលាភនៃទ្រព្យសម្បត្តិមិនត្រូវបានរាំងខ្ទប់។
៩.មនុស្សនៅក្នុងផ្ទះសម្បែងមិនស្រស់ស្រាយ
បើចង់ឱ្យមនុស្សក្នុងផ្ទះសម្បែងមានភាពសុខសាន្តមានជីវិតពោរពេញទៅដោយភាពភ្លឺថ្លាហើយចៀសផុតពីរឿងភ័យខ្លាចតក់ស្លុតគួររករូបភាពដ៏ស្រស់ត្រកាល នៃវាលស្មៅក្នុងរដូវទេសភាពព្រៃភ្នំនាពេលព្រឹកទេសភាពទន្លេ,សមុទ្រឬទឹកជ្រោះកណ្តាលថ្ងៃដ៏ស្រស់ស្អាតមកដាក់ព្យួរនៅជញ្ជាំងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ។
ត្រូវជ្រើសរើសរូបភាពដែលមានបរិយាកាសធម្មជាតិមានផ្កាស្រស់ស្អាតព្រោះថានឹងជួយលើកដួងរាសីនិងទ្រព្យសម្បត្តិរបស់មនុស្សរស់នៅក្នុងផ្ទះទៀតផង។
១០.ប្រាក់កាសមិនហូរចូលផ្ទះ
រកទីតាំងទ្រព្យសម្បត្តិរបស់ផ្ទះឬបន្ទប់ធ្វើការហាងទំនិញគឺទីតាំងដែលជាចំណុចខ្សែបព្រៀងជ្រុងជាមួយទ្វារផ្ទះ(ដាក់កៀកទ្វារក៏បាន)ត្រូវដាក់រូបសំណាកទេវរូបទាំងបីអង្គរបស់ចិនមានដូចជា ទេវតាហ្មកទេតាឡុកនិងទេវតាតាស៊ូឬឆ្មាបក់ដៃមិនដូច្នេះក៏ដាក់ថូផ្កាដែលមានផ្កាធម្មតាក៏បានតែត្រូវបោស សម្អាតឱ្យជាប់ជាប្រចាំ៕
ប្រភព៖ KhmerHoroscope