ការដែលចង់សម្គាល់មើលថា តើបុរសម្នាក់នោះគ្រាន់តែលេងសើចនឹងយើងឬ ស្រលាញ់យើងពិតប្រាកដ ជឿថាស្រីៗគ្នាយើងពេលខ្លះបែងចែកមិនទាន់ត្រូវនោះទេ។
ពេលខ្លះស្រីៗគិតខុសតែម្នាក់ឯង ហើយពេលខ្លះមើលរំលង នាំឲ្យមានការសោកស្តាយទៅថ្ងៃក្រោយ។ ក្នុងអត្ថបទនេះ Knongsrok បង្ហាញវិធី ៥ ដើម្បីសម្គាល់ច្បាស់ថាបុរសនោះពិតជាស្រលាញ់អ្នកប្រាកដពិតមែន៖
៥) គេតែងតែនៅក្បែរអ្នក
បុរសដែលស្រលាញ់អ្នកពិត ក៏នឹងបង្ហាញទាំងមុននិងក្រោយនៃការណាត់ជួបជាលើកដំបូង (First Date)។ ខណៈដែលបុរសខ្លះ គេខំធ្វើល្អឬមកក្បែរយើង តែពេលគេញ៉ែយើងនោះទេ លុះបានយើងក្លាយជាគូស្នេហ៍គេហើយ គេបែរជាប្រើចរិត លែងសូវអើពើនឹងយើងដូចមុន ជាពិសេសគឺពេលជួបបញ្ហា មិនដែលសូវឃើញវត្តមានរបស់គេឡើយ។ បើជួបប្រភេទនោះ គួរតែជៀសវាងឲ្យហើយ កុំឲ្យស្រក់ទឹកភ្នែកទាន់។
៤) និយាយហើយធ្វើបាន
បុរសដែលនិយាយតែមាត់ ហើយធ្វើមិនបាន យូរទៅនឹងក្លាយជាទម្លាប់ ក៏ស្មើនឹងពាក្យសន្យាខ្យល់។ បុរសដែលច្បាស់លាស់ គេនិយាយហើយ ទោះរឿងនោះតូចធំក្តី ក៏គេនឹងធ្វើឲ្យបាន បើទោះបីរឿងខ្លះត្រូវការពេលវេលាបន្តិចក៏ដោយ។ យ៉ាងណាមនុស្សក៏មិនល្អឥតខ្ចោះរហូត បើ ១០ រឿងគេខុស ១ ក៏មិនគួរឆាប់វិនិច្ឆ័យថាគេមិនស្រលាញ់អ្នកនោះដែរ។
៣) បេះដូងមួយនឹងមួយ
ជាមនុស្សស្មោះស្នេហ៍ ដែលទោះបីឃើញនារីផ្សេង ឬអ្នកទីបីវែកផ្លូវ ក៏គាត់បដិសេធមិនទទួលយក ហើយព្យាយាមបញ្ចប់រឿងនោះ មិនឲ្យអ្នកមានការឈឺចាប់ទាន់។ នោះហើយគឺជាបុរសដែលស្រលាញ់អ្នកពិតប្រាកដ ព្រោះគេបារម្ភពីអារម្មណ៍របស់អ្នកជាងអារម្មណ៍របស់មនុស្សស្រីដទៃណាទាំងអស់។
២) មិនទុកអ្នកឲ្យស្ថិតក្នុងពេលវេលាលំបាកតែម្នាក់ឯង
មិនថាអ្នកជួបរឿងអ្វី ប៉ះទង្គិចផ្លូវចិត្តដោយសាររឿងគ្រួសារ មិត្តភក្តិ ឬការងារ គេតែងតែលេចមុខមកនៅក្បែរអ្នក ទោះពេលខ្លះមិនបានក្បែរកាយ ក៏បាននិយាយតាមទូរសព្ទ ឬផ្ញើសារសួរនាំឥតឈប់ ព្រោះនោះជាទង្វើបង្ហាញថាគេពិតជាបារម្ភពីអ្នក។
១) រៀបចំផែនការណ៍អនាគតជាមួយអ្នក
បុរសដែលមានផែនការណ៍ច្បាស់លាស់ក្នុងជីវិត គឺជាបុរសដែលមានទំនួលខុសត្រូវបំផុតចំពោះជីវិតខ្លួនឯង ហើយគេក៏អាចក្លាយជាទីពឹងផ្អែកសម្រាប់អ្នកគួរជាទីទុកចិត្តម្នាក់ដែរ។ បើគេច្បាស់លាស់ គេចង់បានអ្នកជាគូស្នេហ៍ គេនឹងចាប់ផ្តើមជជែកជាមួយអ្នកហើយ អំពីផែនការណ៍ជីវិតគូទៅថ្ងៃខាងមុខ ថាគួររៀបចំបែបណា សន្សំទុកបែបណា ដើម្បីទទួលបានសុភមង្គលរួមគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក