មិនថាតែស្នេហាប្រភេទណានោះទេ ធម្មតាតែនៅក្បែរគ្នាយូរ គឺរមែងមានការធុញទ្រាន់ខ្លះហើយ ជាងនេះក៏ចេះតែកើតមានរឿងប៉ះទង្គិចមួយចំនួន តែអ្វីដែលសំខាន់គឺទាំងសងខាងផ្ទាល់មានដំណោះស្រាយឬអត់ មានវិធីជួសជុលទំនាក់ទំនងមួយនេះឲ្យបន្តទៅមុខបានឬអត់?
ជាបទពិសោធន៍ជាក់ស្តែងពីគូស្នេហ៍វ័យចំណាស់ដែលស្រលាញ់គ្នារាប់សិបឆ្នាំ ហើយបានរស់នៅក្បែរគ្នាច្រើនជាង ៦០ ឆ្នាំ បានចែករំលែកបទពិសោធន៍ដែលអ្នកគួរតែអនុវត្តដូចខាងក្រោម បើចង់បានស្នេហារឹងមាំ យូរអង្វែង៖
៨) កុំនឿយហត់នឹងការញ៉ែងញ៉ងគ្នា
ពីដំបូងអ្នកអូសក្រឡាគេបែបណាខ្លះ ចូរប្រើប្រាស់ពាក្យសម្តីនិងសកម្មភាពទាំងនោះ ទោះតិចក្តីច្រើនក្តី មកអនុវត្តវាម្តងទៀតនៅវ័យចំណាស់នេះ ហើយកុំធ្វើដោយមានការខ្មាសអៀនអ្វីឲ្យសោះ។ កុំអៀននឹងប្រាប់ទៅកាន់ដៃគូថា បងស្រលាញ់អូន ឬ អូនស្រលាញ់បង។
៧) រកសកម្មភាពដើម្បីបន្ថែមភាពផ្អែមល្ហែម
មិនថាអ្នករវល់ពីការងារ ឬការសិក្សាប៉ុណ្ណា ក៏កុំភ្លេចឆ្លៀតពេលធ្វើអ្វីជាមួយគ្នា តាមរយៈសកម្មភាពផ្អែមល្ហែម ដូចជាការទៅមើលកុនតែពីរនាក់ ឬទិញរបស់របរអ្វីឲ្យគ្នាដោយមិនប្រាប់ទុកមុនជាដើម។
៦) ចេះអត់ឱនឲ្យគ្នា
នៅពេលជួបបញ្ហាប៉ះទង្គិចពាក្យសម្តី ឬការអាក់អន់ចិត្តណាមួយ បើម្ខាងណាអាចឱនបាន អាចធ្វើចាញ់បាន ក៏ធ្វើទៅ ព្រោះកុំចង់ឈ្នះគ្នាអី ចុងក្រោយមានតែឈឺចាប់ទាំងពីរនាក់ទេ។ បើម្ខាងព្រមចាញ់ យូរទៅគេនឹងយល់ហើយអំពីទង្វើល្អរបស់យើង ហើយរឿងដែលគួរកែចាំប្រាប់គេតាមក្រោយក៏មិនអីដែរ។
៥) កុំឲ្យអារម្មណ៍បញ្ជាអ្នកបាន
ពេលខឹងសម្បាប៉ុណ្ណាក៏ដោយ ចូរប្រើប្រាស់ខួរក្បាលឲ្យបានច្រើនជាងការប្រើប្រាស់អារម្មណ៍។ អារម្មណ៍ដែលជះកំហឹង នឹងអាចបំផ្លាញគ្រប់យ៉ាងបាន បើមិនឆ្លងកាត់ការសម្រេចចិត្តពីខួរក្បាល ដោយផ្អែកទៅលើហេតុផលសំខាន់មួយចំនួន។
៤) ចេះមានពាក្យបារម្ភ
ទោះមាត់រឹងប៉ុណ្ណាក៏ដោយ ជឿទៅពាក្យសម្តីដែលបង្ហាញមកថាបារម្ភ ដូចជាថ្នាំទិព្វជួសជុលចិត្តរបស់ដៃគូម្ខាងទៀតអ៊ីចឹង។ បើជាមនុស្សស្រី ចូរនិយាយពាក្យផ្អែមល្ហែមឲ្យបានច្រើនជាជាងពាក្យគំរោះគំរើយ ហើយបើជាបុរសចូរប្រើប្រាស់ពាក្យបែបយកចិត្តទុកដាក់ និងកុំសូវទុកនាងចោលពេក។
៣) មិនបាច់បង្ហាញលើបណ្តាញសង្គមញឹកញាប់
គ្មាននរណារីករាយនឹងយើងប៉ុន្មាននោះទេ ជឿទៅមនុស្សច្រណែនឈ្នានីសគឺច្រើនជាងហើយ។ បែបនេះទោះទៅកន្លែងណា ទទួលបានភាពរូម៉ែនទិកប៉ុណ្ណាពីដៃគូ ក៏កុំចែករំលែកច្រើនពេក ហើយជួនខ្លះផុសនេះផុសនោះ ក៏មានពាក្យរិះគន់បែបនេះបែបនោះ នាំឲ្យទំនាក់ទំនងយើងមើលទៅសោះកក្រោះនិងអង្គុយបារម្ភពីចិត្តគេទៅវិញ។
២) កុំសូវព្រងើយកន្តើយរឿងលើគ្រែ
មិនមែនជាការបង្ខិតបង្ខំអ្វីនោះទេ តែធម្មជាតិរបស់បុរស ចំណង់នៃរឿងលើគ្រែ គឺរមែងមានជាចាំបាច់។ បែបនេះឈ្មោះជាភរិយាក៏ត្រូវតែបំពេញទៅតាមនោះ ចាត់ទុកថាជាភារកិច្ច តែពេលខ្លះក៏មានការនិយាយគ្នាមុនដែរ មិនចេះតែបង្ខំនោះទេ។
១) ជឿជាក់និងស្មោះត្រង់
ត្រូវជឿជាក់លើគ្នា ស្មោះត្រង់នឹងគ្នា នោះទើបជីវិតគូវាអាចបន្តបានយូរអង្វែង បើម្ខាងអស់ជំនឿហើយ លឺពាក្យគេឆាប់ជឿ លែងជឿដៃគូខ្លួនឯង នោះក៏រស់នៅគ្មានន័យអ្វីដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក