ពេលចាស់ទៅ មនុស្សគ្រប់គ្នាត្រូវរៀបចំខ្លួនទុកជាមុននូវរឿងទាំង៤យ៉ាងខាងក្រោមនេះ ដើម្បីប្រាកដចិត្តថាចាស់ទៅមិនរងការលំបាក មិនឯកា រស់នៅមិនខ្វះខាតមុខក្រោយ ជាពិសេសមិនធ្វើជាបន្ទុកសម្រាប់កូន ឬ នរណាម្នាក់ឡើយ។ រឿង៤យ៉ាងនេះអាចធានាបាននូវគុណភាពជីវិតនាពេលចុងក្រោយរបស់អ្នក ដែលរស់នៅលើផែនដីនេះ៖
១.ដៃគូជីវិត៖ កាលនៅក្មេងអ្នកមានឈ្មោះជាប្ដីប្រពន្ធ តែពេលចាស់ទៅអ្នកនឹងមានឈ្មោះថាជាដៃគូជីវិត។ សុភមង្គលបំផុតក្នុងជីវិតគឺពេលប្តីប្រពន្ធកាន់ដៃគ្នាដើរដល់ចុងក្រោយនៃជីវិត។ ការរស់នៅជាមួយគ្នាសូម្បីតែអាហារសាមញ្ញបីពេលក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ដើម្បីនាំមកនូវភាពរីករាយហើយ។ ការមានដៃគូជីវិតដើម្បីចែករំលែកការឡើងចុះ ជីវិតនឹងកាន់តែស្រាល និងមានភាពសុខសាន្ត។ ចុងក្រោយ មនុស្សដែលនៅក្បែរអ្នកគឺមានតែដៃគូជីវិតតែម្នាក់គត់ដែលត្រូវមើលថែ និងចែករំលែកពេលវេលារីករាយជាមួយគ្នា។ ដូច្នេះចូរស្រឡាញ់ និងមើលថែគ្នាឱ្យបានល្អ ព្រោះមានតែដៃគូម្នាក់គត់ដែលនៅជាមួយអ្នករហូតដល់ចុងបញ្ចប់នៃជីវិតរបស់អ្នក។
២.ផ្ទះ៖ នៅក្នុងផ្ទះខ្លួនឯង គ្រាន់តែអង្គុយលើកៅអីសម្រាកលំហែកាយ ស្តាប់បទចម្រៀងដែលខ្លួនចូលចិត្តក៏មានអារម្មណ៍ថាជីវិតពេញលេញដែរ។ ទាន់នៅមានកម្លាំង អ្នកត្រូវខំប្រឹងធ្វើការរកលុយដើម្បីអាចមានផ្ទះផ្ទាល់ខ្លួនមួយសម្រាប់ចូលនិវត្តន៍នាពេលអនាគត។ កាលដែលមានដំបូលលើក្បាល មានប្រពន្ធកូននៅក្បែរខ្លួន នោះហើយជាភាពកក់ក្ដៅ។ ហើយនៅពេលដែលមានភាពកក់ក្តៅនោះ ជីវិតនឹងពោរពេញដោយសុភមង្គលជានិច្ច។
៣.ទ្រព្យសម្បត្តិឯកជន៖ ក្នុងវ័យកណ្តាល និងវ័យចំណាស់ ការមានប្រាក់សន្សំខ្លះគឺចាំបាច់បំផុត។ ការរស់នៅដោយឯករាជ្យផ្នែកហិរញ្ញវត្ថុជួយឱ្យអ្នករក្សាជីវិតរីករាយ និងផាសុកភាព។ លុយមិនមែនជាអ្វីគ្រប់យ៉ាងទេ ប៉ុន្តែបើគ្មានវាអ្វីគ្រប់យ៉ាងក្លាយជាការលំបាក។ អ្នកបានខិតខំពេញមួយជីវិតរបស់អ្នកដើម្បីកូនរបស់អ្នក ប៉ុន្តែនៅពេលអ្នកចាស់ ចូរផ្តល់អាទិភាពដល់ការបំពេញបំណងប្រាថ្នាតូចតាចរបស់ខ្លួនអ្នក។ កុំផ្តល់ទ្រព្យសម្បត្តិទាំងអស់របស់អ្នកទៅអោយកូនរបស់អ្នកអី ព្រោះនៅពេលដែលអ្នកត្រូវការលុយ ពួកគេប្រហែលជាមិនអាចផ្គត់ផ្គង់អ្នកបានទេ។ជីវិតពេលខ្លះបង្ហាញពីស្ថានភាពអាសន្នដែលកូនត្រូវការជំនួយផ្នែកហិរញ្ញវត្ថុពីអ្នក ហើយអ្នកអាចជួយពួកគេបានទៅតាមលទ្ធភាពដែលខ្លួនមាន ប៉ុន្តែកុំភ្លេចទុកលុយខ្លះក្នុងដៃដើម្បីជាប្រាក់ទុកចំណាយពេលខ្លួនចាស់ទៅផង។ នោះហើយជាផ្លូវសម្រាប់អ្នករស់នៅដោយសន្តិវិធី ឯករាជ្យ និងអាចរីករាយនៅក្នុងជីវិតចុងក្រោយ។
៤.សុខភាព៖ សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតក្នុងជីវិត។ កាលណាអាយុកាន់តែចាស់ សុខភាពកាន់តែសំខាន់ ព្រោះមានតែពេលដែលរាងកាយមានសុខភាពល្អនោះទេ ទើបអ្នកអាចរីករាយនឹងជីវិតបានពេញលេញ។ ភាពចាស់ជរាជួយយើងឱ្យដឹងថាកិត្តិនាម និងទ្រព្យសម្បត្តិលែងមានអត្ថន័យហើយ តែការដែលបានរួចពីជំងឺគឺជាសុភមង្គលដ៏ធំបំផុត។ នៅដំណាក់កាលនេះរៀនរស់នៅដោយសុខដុមជាមួយធម្មជាតិនិងរក្សាអាកប្បកិរិយាវិជ្ជមាន។ រាល់ការលំបាកនឹងកន្លងផុតទៅ គ្រាន់តែរក្សាស្មារតីរបស់អ្នកឱ្យបានសប្បាយ សុខភាពអ្នកនឹងត្រូវបានការពារដោយស្វ័យប្រវត្តិ។ សុខភាពផ្លូវកាយគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល ដូច្នេះចូរផ្តោតលើការថែរក្សាខ្លួនឯង និងរក្សាទម្លាប់រស់នៅឱ្យមានសុខភាពល្អ ដើម្បីរីករាយនឹងវ័យចាស់ឱ្យបានពេញលេញ៕