តើឱ្យកាត់ចិត្តបែបណា មនុស្សពីរនាក់ស្រឡាញ់គ្នា ខំសង្ឃឹមថា នឹងអាចកាន់ដៃគ្នាដើររួមដំណើរជីវិតជាមួយគ្នាជារៀងរហូត មិនថាមានបញ្ហា ការលំបាកច្រើនប៉ុនណា ក៏ប្ដេជ្ញាថានឹងតស៊ូជាមួយគ្នា ប្រឈមមុខជាមួយគ្នា ពុះពារ ហែលឆ្លងទុក្ខលំបាកជាមួយគ្នា មិនរារែក មិនបោះបង់ មិនចុះចាញ់ ព្រោះយើងស្រឡាញ់គ្នាដោយចិត្ត និងចិត្ត ក៏មិនដែលគិតថានឹងត្រូវបែកបាក់គ្នានោះឡើយ។
តាំងពីចាប់ផ្ដើមស្រឡាញ់គ្នា គិតរហូតមកដល់ពេលនេះ យើងមិនទាន់ដើរដល់ផ្លូវពាក់កណ្ដាលទេ តែហេតុអ្វី ក៏ពេលនេះ ផ្លូវមួយនេះ ខ្ញុំត្រូវដើរតែម្នាក់ឯង ស្របពេលដែលអ្នកចូលមកប្រាប់ខ្ញុំថា អ្នកប្ដូរដៃគូផ្សេងដើរហើយ ព្រោះពេលនេះ មានមនុស្សផ្សេងទៀត កំពុងតែរង់ចាំកាន់ដៃអ្នកដើរបន្តទៅមុខជំនួសខ្ញុំ។
ទោះកន្លងមកនេះ ការស្រឡាញ់មួយនេះ ស្នេហាមួយនេះ ធ្លាប់មានការអាក់អន់ចិត្ត ការខឹង ការឈ្លោះ តែយើងក៏មិនដែលនឹងឃ្លាតគ្នាឡើយ ទោះឈ្លោះក៏ដោយ ក៏វិលត្រឡប់មករកគ្នាវិញ ទោះបែបណា ក៏នៅតែគិតដល់គ្នា តែហេតុអ្វី ក៏ពេលនេះ យើងបែរជាត្រូវមកបែកគ្នា ទាំងដែលយើងមិនបានឈ្លោះគ្នាទាល់តែសោះ?
នៅសុខៗ ចូលមកប្រាប់ឱ្យម្នាក់នេះ កាត់ចិត្តទៅ ព្រោះផ្លូវមួយនេះ មិនអាចដើររួមគ្នាបន្តទៀតទេ ... តើអ្នកអាចនិយាយបានដោយរបៀបណា បើស្នេហានេះ ចាប់ផ្ដើមឡើងដោយយើងទាំងពីរនាក់ ចុះហេតុអ្វីដែលត្រូវបែកគ្នា ព្រោះតែអ្នកដទៃទៅវិញ? ហេតុអ្វី ក៏មកបញ្ចប់ ឱ្យខ្ញុំឈប់នៅត្រឹមនេះតែម្នាក់ឯង? ហេតុអ្វី ចាកចេញទៅ ទុកឱ្យម្នាក់នេះ គ្មានពាក្យនឹងបកស្រាយ?
ចាកចេញភ្លាមៗ ធ្វើឱ្យខ្ញុំមិនមាន សូម្បីតែពាក្យសួរនាំរកហេតុផល!
ចាកចេញភ្លាមៗ ធ្វើឱ្យខ្ញុំមិនមាន សូម្បីតែទឹកភ្នែកស្រក់ឱ្យអស់!
ចាកចេញភ្លាមៗ ទាំងដែលមិនបានត្រៀមចិត្តទុកមុន មិនដែលសូម្បីតែគិតថាត្រូវបែក!
ពេលនេះខ្ញុំយល់ហើយថា ស្នេហាមនុស្សពីរនាក់ ទោះស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏មិនអាចឈ្នះវត្តមានអ្នកទីបីដែលចូលមកដែរ!
មនុស្សពីរនាក់ ដែលស្រឡាញ់គ្នាស្មោះស្ម័គ្រ ផ្ដាច់ប្ដូរនឹងគ្នាយ៉ាងណា ក៏នៅតែមិនអាចឈ្នះឥទ្ធិពល និងបំណងប្រាថ្នារបស់អ្នកមានគុណ!
ចុងក្រោយ ខ្ញុំជាអ្នកចាញ់ ចាញ់គ្មានសូម្បីតែទឹកភ្នែកស្រក់ ចាញ់ព្រោះតែអ្នកជាអ្នកចាកចេញទៅ ដើរភ្លេចៗខ្លួួន មិនស្មានថា ផ្លូវស្នេហាមួយនេះ មានផ្លុវបំបែកនៅត្រង់នេះទាល់តែសោះ បើដឹងថា ផ្លូវស្នេហានេះមានផ្លូវបំបែកនៅត្រង់នេះ ខ្ញុំប្រហែលជាឈប់នៅមួយកន្លែង ឬអាចនឹងមិនចាប់ផ្ដើមដើរមកទេ បើចុងក្រោយគង់តែត្រូវនៅម្នាក់ឯងដដែល សួរថា ដើរមកដើម្បីអ្វី? ថ្មីៗ ភ្លាមៗពេក ពិបាកនឹងធ្វើចិត្ត រឹតតែមិនដឹងថា គួរកាត់ចិត្តបែបណានោះឡើយ!!!
រូបភាពដកស្រង់ពីបទ #ខកខាន ៖ ច្រៀងដោយ ៖ ស៊ូ លី ផេង
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក