មុននឹងសម្រេចចិត្តថារៀបការ គឺត្រូវតែគិត ហើយប្រាកដក្នុងចិត្តខ្លួនឯង ថាខ្លួនមានទំនួលខុសត្រូវហើយឬនៅ ...?
- ត្រូវចេះសម្របខ្លួន ដើម្បីឱ្យចុះសម្រុងនឹងគូជីវិតរបស់អ្នក ។
- ត្រូវចេះផ្ដល់ឱ្យ ហើយក៏ត្រូវតែចេះលះបង់ ក្នុងភាពជាសមាជិកម្នាក់ក្នុងគ្រួសារថ្មី ។
ជីវិតប្ដីប្រពន្ធ មិនមែនដូចជាជីវិតកាលពីមុន ដែលអ្នកនៅម្នាក់ឯងនោះទេ។ មានគេ គឺអ្នកត្រូវគិតពីគេ កុំគិតតែពីខ្លួនឯងពេក ។
នៅក្នុងគ្រួសារមួយ គឺត្រូវប្រឈមមុខគ្រប់ស្ថានការណ៍ ត្រូវដោះស្រាយគ្រប់បញ្ហា ក៏ត្រូវតែមានទំនួលខុសត្រូវ គ្រប់កិច្ចការទាំងឡាយផងដែរ។
បើនៅមិនទាន់លះបង់ភាពអាត្មានិយមបានទេ កុំទាន់អាលចង់មានគ្រួសារថ្មីអី។ បើត្រឹមតែរៀបការ គឺវាអាចនឹងសប្បាយណាស់ ព្រោះវាជាថ្ងៃដែលមានន័យបំផុតក្នុងជីវិតមនុស្សម្នាក់ៗ ដែលបានស្លៀកពាក់នូវឈុតសិរីមង្គល។ តែត្រូវតែដឹងឱ្យច្បាស់ថា ជីវិតបន្ទាប់ពីថ្ងៃការ គឺត្រូវមានទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង។ មិនមែនរ៉ាប់រង ទទួលខុសត្រូវ ត្រឹមតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំនោះទេ តែមួយជីវិត រហូតដល់ មានកូនមានចៅ ក៏នៅតែត្រូវទទួលខុសត្រូវកាន់តែធំ។
ជីវិតគូ គឺជាជីវិតដែលត្រូវតស៊ូ ប្ដេជ្ញា ក្នុងការរស់នៅ ឱ្យត្រូវស៊ីសង្វាក់ ទុកដាក់ រៀបចំ ផ្សែផ្សំ រួមគ្នា ... ។
បើគិតឱ្យវែងឆ្ងាយ វាអាចពិតជាពិបាកខ្លាំងណាស់ ក្នុងការប្រើប្រាស់ជីវិតរួមគ្នាជាមួយមនុស្សម្នាក់ តែបើយើងបានគិត ហើយដាក់ចិត្តរួចរាល់ហើយថា នឹងព្រមរួមរស់ជាមួយមនុស្សម្នាក់នោះ រហូតដល់ជីវិតចុងក្រោយ ទោះពិបាកវេទនាប៉ុនណា ក៏អ្នកត្រូវតែបន្ត មិនអាចប្រកែក ឬមានចិត្តស្ដាយក្រោយបានឡើយ ព្រោះមុននឹងរៀបការ គិតថា អ្នកបានគិតល្អិតល្អន់ មុននឹងសម្រេចចិត្តទទួលយកថ្ងៃមង្គលនោះ ។
ដូចនេះ មុននឹងសម្រេចចិត្តរៀបការ ត្រូវតែប្រាកដចិត្តថា ខ្លួនអាចទទួលយកគ្រប់យ៉ាង ដែលនឹងត្រូវកើតឡើងនៅក្នុងជីវិតគូរបស់អ្នក ហើយត្រូវតែជឿជាក់ថា អ្នកអាចសម្របខ្លួនទៅតាមបុគ្គលម្នាក់ ដែលអ្នកបានជ្រើសរើសជាគូជីវិត។
រស់នៅជាមួយគ្នា រឿងសំខាន់ គឺការចេះគោរពគ្នា ចេះឱ្យតម្លៃនៃដៃគូអ្នក ចេះថែរក្សា ការពារ សម្របតាមគ្នាទៅវិញទៅមក ភក្ដីភាព ការហ៊ានប្រឈមមុខ ការចេះរៀបចំទុកដាក់ និងមានរឿងជាច្រើនទៀតដែលអ្នកគួរតែដឹង។
អ្នកបានត្រៀមខ្លួនហើយឬនៅ ដែលត្រូវចូលរោងមង្គល ឈ្វេងយល់ជីវិតគ្រួសារថ្មី ?
បានគិតច្បាស់ហើយឬនៅ ប្រាកដចិត្តទេ ថាព្រមទទួលយកគេជាគូ រួមរស់ជាមួយគ្នាអស់មួយជីវិត ?
ហ៊ានលះបង់ ហ៊ានទទួលយកគ្រប់យ៉ាងដែលនឹងកើតឡើងដែរឬទេ?
គិតឱ្យច្បាស់ ឈ្វេងយល់ឱ្យបានច្រើន ដើម្បីកុំឱ្យស្ដាយក្រោយ បន្ទាប់ពីថ្ងៃមង្គលបានបញ្ចប់ ...៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ