ស្ត្រីគួរយកបុរសដែលមានចិត្តទាំង៥ដូចខាងក្រោមជាស្វាមី ទើបជីវិតអ្នកនឹងមានន័យ មានសេចក្ដីសុខ សុភមង្គលពិតប្រាកដ។
១. ស្វាមីចិត្តល្អ
- មិនមានចិត្តកំណាញ់ម៉ៅស្វិតចំពោះប្រពន្ធ និងសាច់ញាតិ!
- មិនមែនជាអ្នកកាន់លុយទេ តែជាអ្នករកលុយ!
- ចេះចែករំលែកស្មើភាគទៅប្រពន្ធ ឬសាច់ញាតិខាងប្រពន្ធដោយមិនមានចិត្តលម្អៀង!
- មានចិត្តមេត្តា ករុណា ខន្តី ប្រណី លើកលែង និងផ្តល់ឱកាសដល់ប្រពន្ធជានិច្ចនៅពេលមានកំហុសឆ្គង!
- មានចិត្តអាណិតអាសូរ និងចេះជួយយកអាសាប្រពន្ធ និងសាច់ញាតិទាំងសងខាង!
២. ស្វាមីចិត្តឆ្នើម
- មានចិត្តក្លាហានហ៊ានគិត ហ៊ានសម្រេចចិត្ត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ចំពោះទង្វើដែលខ្លួនបានធ្វើ!
- មានចិត្តអង់អាចប្រឈមុខចំពោះឧបសគ្គ និងបញ្ហាផ្សេងៗដែលបានកើតឡើង!
- មានចិត្តជាអ្នកដឹកនាំគេដើម្បប្រយោជន៍រួមមិនមែនតែខ្លួនឯង និងបក្សពួកខ្លួនតែប៉ុណ្ណោះទេ!
- មានគោលជំហរច្បាស់លាស់ នឹងធឹង រឹងប៉ឹង មិនងាយផ្លាស់ប្តូរតាមការអូសទាញដោយគ្មានហេតុផល!
- មានចិត្តអត់ធ្មត់ ម៉ឹងម៉ាត់ មត់ចត់ចំពោះកិច្ចការ និងឧបសគ្គ!
៣. ស្វាមីចិត្តទូលាយ
- មិនមានចិត្តចង្អៀតចង្អល់ មានចិត្តទូលំទូលាយ!
- មិនមានចិត្តច្រណែនចំពោះសេចក្តីសុខ ទ្រព្យ និងភរិយាស្អាតរបស់អ្នកដទៃ!
- មិនប្រកាន់ទោសចាប់កំហុសចំពោះរឿងកំប៉ិកកំប៉ុក!
- មិនមើលបំណាំគ្នា និងអង្គុយបង្អាប់បំបាក់ទឹកចិត្តប្រពន្ធ!
- ចេះលើកសរសើរ និងណែនាំប្រពន្ធ!
៤ . ស្វាមីចិត្តត្រជាក់
- មានចិត្តធម៌ គុណធម៌ សីលធម៌ សុជីវធម៌!
- មិនមែនជាមនុស្សត្រចៀកស ចិត្តស្រាលឆាប់ខឹង និងឆេវឆាវគ្មានហេតុផល!
- មានចិត្តត្រជាក់ដូចទឹកបាតសមុត្រ និងសម្ដីផ្អែមពីរោះចំពោះភរិយា!
៥. ស្វាមីចិត្តភក្តី
- ស្មោះស្ម័ក្រចំពោះដៃគូ១ទល់នឹង១ មិនអាងថាខ្លួនសង្ហា ឬពូកែមាននារីចាប់អារម្មណ៍ច្រើន!
- មិនមានចិត្តសាវាស្រវាអ្នកថ្មីនឿយណាយនឹងភរិយាខ្លួនឯង!
- មិនមែនជាមនុស្សល្មោភកាមគិតតែដើរសម្លឹងមើលប្រមាណនារីៗនោះទេ!
ដកស្រង់ពីសៀវភៅ : គតិអប់រំ យុវវ័យ ស្នេហា និងគ្រួសារ