ស្នេហា ការស្រឡាញ់ ត្រូវចាំថា មនុស្សរបស់យើង គឺនៅតែជាមនុស្សរបស់យើង គ្មាននរណាម្នាក់ អាចមកដណ្ដើម ឬយកមនុស្សដែលយើងស្រឡាញ់ចេញពីយើងបានឡើយ លើកលែងតែមានចំណុចទាំងប៉ុន្មានខាងក្រោមនេះ ទើបអាចឱ្យគេចាកចេញ ឬអ្នកផ្សេង អាចយកគេចេញពីយើងទៅបាន។
១. ព្រោះគេមិនបានស្រឡាញ់យើង
មនុស្សខ្លះ មានឈ្មោះថា ជាមនុស្សដែលយើងស្រឡាញ់ តែគេមិនដែលមានចិត្តស្រឡាញ់យើងទេ ដូច្នេះខណៈពេលដែលគេនៅក្បែរយើង គេអាចមកពីហេតុផលមួយចំនួនដូចជា "គេអាណិតយើង! គេទុកយើងជាមនុស្សជំនួស ឬកង់សឺកួរ! គេគ្រាន់តែចង់បញ្ឈឺមនុស្សដែលគេស្រឡាញ់...!" ដូច្នេះ ហេតុផលប៉ុណ្ណោះ វាមិនពិបាកនោះឡើយ ដែលអាចឱ្យគេចាកចេញទៅយើង ហើយទៅអ្នកផ្សេង។
២. គេអស់ចិត្តពីយើងហើយ
មនុស្សខ្លះ ដ្បិតតែថា គេស្រឡាញ់យើងមែន គេ និងយើងធ្លាប់ស្រឡាញ់គ្នាមែន តែជាក់ស្ដែង ពេលវេលាចេះតែរំកិលទៅមុខ ដូច្នេះ អាចបញ្ឈប់ចិត្តគេឱ្យឈប់ស្រឡាញ់យើង គេលែងមានចិត្តឱ្យយើងទៀតហើយ ដូច្នេះ វាក៏ដល់ពេលដែលគេត្រូវទៅរកអ្នកថ្មីមកជំនួសយើងវិញម្ដង។
៣. យើងធ្វើឱ្យគេឆ្អែតចិត្តខ្លាំង
វាក៏មានមែន ជួនកាល យើងអាងថាគេស្រឡាញ់យើងខ្លាំង រស់ខ្វះយើងមិនបាន ដូច្នេះមិនដែលយកចិត្តទុកដាក់ និងថែរក្សាគេទេ។ យើងចេះតែព្រងើយកន្តើយ បណ្ដែតបណ្ដោយ រហូតធ្វើឱ្យគេអស់ចិត្តពីយើងទៅ ដូចនេះ គេក៏ចាប់ផ្ដើមឆ្អែតចិត្តខ្លាំងនឹងយើង គេប្រាកដជាត្រូវទៅរកអ្នកណាដែលអាចស្រឡាញ់ និងមើលថែគេបានល្អជាយើង ដូច្នេះ គេចាកចេញពីយើងទៅ វាជារឿងដែលល្អហើយ គេទៅយកអ្នកថ្មី ក៏មិនមានកំហុសអីដែលត្រូវទៅបន្ទោសគេ ឬខឹងអ្នកថ្មីដែលអាចយកគេបានពីយើងនោះឡើយ។
៤. ចិត្តគេចង់ទៅដោយខ្លួនឯង
នេះជារឿងមួយដែលក្ដោបរឿងគ្រប់យ៉ាង ទោះគេស្រឡាញ់យើង ឬមិនបានស្រឡាញ់ ទោះគេធ្លាប់ស្រឡាញ់ ឬឈប់ស្រឡាញ់ ហើយចាកចេញទៅដោយការអស់ចិត្ត ឬឆ្អែតចិត្តបែបណា លទ្ធផលចុងក្រោយ ដែលគេទៅមានអ្នកថ្មី ឬអ្នកថ្មីអាចយកចិត្តគេបាន អាចយកគេចេញពីយើងបាន មិនមែនព្រោះតែគេខ្លាំងជាងយើង ល្អជាងយើង ឬស្រឡាញ់ខ្លាំងជាងយើងទេ តែហេតុផលចម្បងតែមួយគត់ គឺមនុស្សរបស់យើង ជាអ្នកសម្រេចចិត្ត និងចង់ទៅដោយខ្លួនឯង។
កុំខឹងដែលគេចាកចេញ ក៏កុំខឹងដែលអ្នកថ្មីចូលមកជំនួសតំណែងយើង ឬយកមនុស្សរបស់យើងទៅ ក៏រឹតតែកុំបន្ទោសខ្លួនឯងអី ទោះបីយ៉ាងណា ស្នេហា វាជាការសម្រេចចិត្តរួមគ្នា ប្រសិនបើម្ខាងនោះគេអស់ចិត្តពីយើងហើយ គេចង់ចាកចេញហើយនោះ ទោះយើងខំធ្វើល្អ លះបង់យ៉ាងណា ឬព្យាយាមកែប្រែយ៉ាងណា ក៏មិនអាចឃាត់គេបានដែរ ព្រោះតែចិត្តគេចង់ យើងលះបង់ ស្មោះត្រង់តែឯងបានត្រឹមតែហត់ចិត្តប៉ុណ្ណោះ ព្រោះម្ខាងទៀត គេមិនសហការណ៍ជាមួយនឹងយើងទេ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក