ការបែកបាក់ស្នេហា ឬបាត់បង់នរណាម្នាក់ វាមិនមែនជារឿងដែលអាក្រក់ ឬជាភាគបញ្ចប់នៃជីវិតនោះឡើយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាល់ការបែកបាក់ រមែងបន្សល់នូវការឈឺចាប់ជាច្រើន ជាពិសេសគឺ ពេលដែលនឹកដល់អនុស្សាវរីយ៍ ដែលធ្លាប់សាងកន្លងមកជាមួយនឹងគ្នា។
ជាក់ស្ដែង ដើម្បីជួយឱ្យចិត្តខ្លួនឯងបានប្រសើរ និងមិនសូវទទួលរងនូវការឈឺចាប់ ព្រោះតែការបែកបាក់ ឬបាត់បង់មួយនេះ អ្នកគួរតែធ្វើឱ្យបាន៣ចំណុចខាងក្រោម នោះចិត្តអ្នកក៏នឹងបានប្រសើរឡើងបន្តិចម្ដងៗ រហូតដល់ពេលមួយ អ្នកនឹងលែងប៉ះទង្គិច ពេលនឹកដល់ការបែកបាក់មួយហ្នឹង។
១. កុំមើលស្រាលខ្លួនឯង
ត្រូវចាំថា ការបែកបាក់មួយនេះ មិនមែនព្រោះតែយើងមិនល្អ ឬគ្មានគុណសម្បត្តិគ្រប់គ្រាន់ចំពោះស្នេហាមួយនេះនោះឡើយ។ តែត្រូវប្រាប់ខ្លួនឯងថា យើងមិនអន់គេ ទោះបីគេចាកចេញទៅក៏ដោយ ក៏យើងខ្លួនឯង នៅមានតម្លៃគ្រប់គ្រាន់ និងរឹងមាំ អាចមើលថែខ្លួនឯងបាន គ្មានបញ្ហាឡើយ។
លើសពីនេះ ត្រូវចាំថា ទោះបីជាគ្មានគេស្រឡាញ់យើង ក៏យើងអាចស្រឡាញ់ខ្លួនឯងបានដែរ ហើយមើលថែខ្លួនឯងឱ្យបានល្អ ជឿថា ភាពល្អរបស់យើង ថ្ងៃណាមួយ យើងប្រាកដជាបានជួបមនុស្សដែលល្អៗជាងគេទៀត។
២. រឹងប៉ឹង និងទទួលស្គាល់ការពិត ហើយដើរបន្តទៅមុខ
ដំណើរជីវិត មិនមែនទាល់តែមានគ្នាដើរកំដរ ទើបអាចដើរបាននោះឡើយ យ៉ាងណាក៏ដោយ មានតែម្នាក់ឯង ក៏យើងនៅតែដើរលើផ្លូវមួយនេះ ព្រោះនេះជាផ្លូវជីវិតរបស់យើង បើយើងមិនដើរទេ ក៏គ្មានគេឯណា មកដើរជំនួសយើងបានដែរ។
ឈានដល់ជីវិតមានស្នេហា រហូតដល់ឈានដល់ការបាត់បង់ វាក៏សមល្មមអាចឱ្យយើងនេះរឹងមាំ រឹងប៉ឹង និងត្រូវតែចេះទទួលស្គាល់ការពិត ថាជីវិតគឺវាបែបហ្នឹងឯង មានជួប គឺតែងតែមានបែក ត្រឹមបែកគ្នាប៉ុណ្ណឹង មិនអាចឱ្យយើងស្លាប់បានទេ ដូច្នេះហើយ ត្រូវតែរឹងមាំ ទទួលស្គាល់ការពិត ហើយដើរបន្តទៅមុខទៀតឱ្យបានល្អជាងនេះ។
៣. ធ្វើខ្លួនឱ្យរវល់ ដើម្បីកុំឱ្យមានពេលនឹកដល់រឿងកន្លងជាមួយនឹងគេ
រឿងដែលបានកើតឡើងហើយ គ្មាននរណាម្នាក់អាចបំភ្លេចវាបានងាយៗនោះឡើយ តែយ៉ាងណាក៏ដោយ ក៏ជឿថា ការរវល់ មមាញឹក និងចំណាយពេលជាមួយការងារឱ្យបានច្រើន វានឹងជួយឱ្យយើងអាចកាត់បន្ថយការគិតដល់រឿងកន្លង។
ព្យាយាមបំភ្លេចគ្រប់យ៉ាងដែលបានសាងជាមួយគេ មិនថារឿងល្អ ឬក៏អាក្រក់ទេ ជឿថា ថ្ងៃណាមួយយើងនឹងអាចទម្លាប់ចិត្ត និងអាចសុំានឹងជីវិតប្រចាំថ្ងៃ ទោះបីពេលខ្លះ យើងនឹកដល់រឿងកន្លង វាក៏ជារឿងធម្មតាសម្រាប់យើងទៅហើយ មិនមានអ្វីអាចធ្វើឱ្យយើងឈឺចាប់បន្តទៀតបានទេ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ