ទោះបីជាស្នេហារបស់អ្នក បានចាប់ផ្ដើមឡើងមកដោយភាពផ្អែមល្ហែម ការស្រឡាញ់ ពោរពេញដោយភាពសប្បាយរីករាយ មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនយ៉ាងណាក៏ដោយ តែអ្នកត្រូវដឹងថា ការស្រឡាញ់គង់តែអន់ថយ ជាពិសេស គឺនៅពេលដែលលេចចេញមកនូវចំណុចទាំងប៉ុន្មានខាងក្រោមនេះ វាបង្ហាញឱ្យឃើញច្បាស់ៗណាស់ថា គេបានអស់ចិត្តស្រឡាញ់អ្នកហើយ ដូច្នេះ គួរតែដកចិត្តមកវិញ ហើយដើរចេញឱ្យលឿន កុំនៅទាល់តែគេដេញ ឬគេចេញមុន ដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់។
១. មិនដែលមានឱ្យអ្នក
អ្នកណាក៏រវល់ដែរ ប៉ុន្តែជាក់ស្ដែង គេរវល់គ្រប់ពេល គឺរវល់សម្រាប់តែអ្នក តែជាមួយអ្នកផ្សេង ជាពិសេសគឺ មិត្តភក្តិរបស់គេ គេមិនដែលបដិសេធឡើយ។ ចំណុចនេះហើយបញ្ជាក់ថា គេអស់ចិត្ត និងលែងមានអ្នកនៅក្នុងចិត្ត គឺស្មើនឹងអ្នកលែងសំខាន់សម្រាប់គេទៀតហើយ។
២. ព្រងើយកន្តើយ
ជាក់ស្ដែងណាស់ ភាពព្រងើយកន្តើយ ជាសញ្ញាបង្ហាញឱ្យឃើញថា មានអ្នកក៏បាន អត់អ្នកក៏បាន គេព្រងើយកន្តើយ តែងតែទុកអ្នកចោល គេមិនប្រាប់សូម្បីតែពាក្យ ឬរកលេសប្រាប់ថារវល់ ជាក់ស្ដែង គឺអ្នកគ្មានវត្តមាននៅក្នុងចិត្តគេទៀតឡើយ។
៣. មើលឃើញអ្នកខុសគ្រប់រឿង
មនុស្សបើកាលណាគេអស់ចិត្តពីយើងហើយនោះ ទោះយើងធ្វើអ្វី សូម្បីតែយើងផ្គាប់ចិត្តគេ តាមចិត្តគេ ឬនៅស្ងៀមៗ ក៏គេមកទើសនឹងយើងដែរ គេមើលមិនឃើញពីគុណសម្បត្តិ និងចំណុចល្អរបស់យើងទេ។ ផ្ទុយទៅវិញ គេតែងតែស្ដីបន្ទោស មើលឃើញយើងខុសគ្រប់រឿង ខុសគ្រប់យ៉ាង មានតែពាក្យស្ដីបន្ទោស ថ្នាំងថ្នាក់នឹងយើងតែប៉ុណ្ណោះ។
៤. យកអ្នកទៅប្រៀបជាមួយនឹងអ្នកដទៃ
ជាការពិតណាស់ គេតែងតែលើកសរសើរអ្នកនេះ អ្នកនោះ ជាពិសេស គឺសរសើរស្រីផ្សេង ឬសង្សារអ្នកដទៃល្អបែបនេះ ល្អបែបនោះ ហើយតែងតែចង់ឱ្យអ្នកកែប្រែ ផ្លាស់ប្ដូរឱ្យដូចអ្នកនេះ ឬអ្នកនោះ។ ចំណុចនេះហើយបញ្ជាក់ថា គេមិនចូលចិត្ត ឬមិនពេញចិត្តអ្នកនៅពេលនេះទេ គេចាប់ផ្ដើមរង្គោះរង្គើចិត្ត ជាមួយនឹងអត្តចរិតរបស់អ្នកហើយ ទាំងដែលកាលមុន ពេលស្រឡាញ់ថ្មីៗ ចរិតនេះក៏គេចូលចិត្ត គេពេញចិត្តខ្លាំង ដែលពេលគេអស់ចិត្ត គេបែរជានិយាយថា មិនល្អ ឬក៏ធុញ ស្អប់នឹងចរិតរបស់អ្នកទៅវិញ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ