បុរសដែលមានសមត្ថភាពម្នាក់ មិនអាចចេះតែជះកំហឹងចំពោះអ្នកផ្ទះផ្តេសផ្តាសនោះទេ ព្រោះគេចេះគ្រប់គ្រងអារម្មណ៍របស់គេ តែនៅខាងក្រៅវិញ គេដាច់ខាតគឺជាបុរសដ៏រឹងមាំម្នាក់។
ចំពោះមនុស្សប្រុសដែលគ្មានសមត្ថភាព ចេះតែចង់ដណ្តើមឈ្នះចាញ់ជាមួយនឹងមនុស្សស្រីប៉ុណ្ណោះ រមែងតែងបង្គាប់បញ្ជា និងនិយាយពាក្យសម្ដីមិនពីរោះស្តាប់ដាក់នាង យល់ថានាងគឺជាមនុស្សទន់ខ្សោយ។
នៅក្នុងកែវភ្នែកបុរសដែលមានសមត្ថភាព គឺតែងតែការពារ មើលថែទាំនារីដែលខ្លួនស្រលាញ់គ្រប់ពេលវេលា ខ្លាចនាងមានការឈឺចាប់ ឬពិបាកចិត្ត។
ដូច្នេះមនុស្សប្រុសដែលគ្មានសមត្ថភាព គឺងាយនឹងប្រព្រឹត្តខុសចំនូវចំណុចទាំង៥ខាងក្រោមនេះ ៖
១. គេមានចរិតឆេវឆាវ កោងកាច
បុរសដែលចេះដឹង និងមានសមត្ថភាពម្នាក់ គេកម្រនឹងខឹងឆេវឆាវណាស់ មានតែមនុស្សប្រុសដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន និងគ្មានសមត្ថភាពទើបគេមានចរិតឆេវឆាវ និងកោងកាច។
បុរសកាន់តែមានសមត្ថភាព ចំពោះបុគ្គលិកលក្ខណៈ និងចរិតរបស់គេ គឺមានភាពថ្លៃថ្នូ និងសុភាពរាបសារ។ មិនខ្វល់ថាទោះរូបគេនៅខាងក្រៅទទួលរងការឈឺចាប់ និងជួបនូវការលំបាកប៉ុនណានោះទេ គេមិនដែលយកភាពមួម៉ៅ និងកំហឹងមកជះនៅក្នុងផ្ទះឡើយ។
បុរសដែលមានសមត្ថភាព មិនមែនមិនចេះខឹងនោះទេ គឺគ្រាន់តែគេមិនបញ្ចេញកំហឹងដាក់នារីដែលខ្លួនស្រលាញ់ផ្តេសផ្តាសតែប៉ុណ្ណោះ។
២. មនុស្សប្រុសដែលមិនផ្តល់តម្លៃ និងគោរពដល់ភរិយារបស់ខ្លួន
មនុស្សប្រុសប្រភេទនេះ ភាគច្រើនមិនសូវជាមានកំណើតប៉ុន្មានទេ ពីព្រោះពួកគេមិនចេះផ្តល់តម្លៃដល់នារីដែលខ្លួនស្រលាញ់។ គេមានចរិតមួយ ឱ្យតែពួកគេត្រលប់មកផ្ទះ ចេះតែនិយាយពាក្យទ្រគោះបោះបោក មើលងាយអំពីកិច្ចការនៅក្នុងផ្ទះសម្បែងរបស់មនុស្សស្រី។
ឧទាហរណ៍ ៖ “ ការងារផ្ទះតិចតួចប៉ុណ្ណឹងសោះមានអ្វីអស្ចារ្យទៅ” “បើគ្មានខ្ញុំជាអ្នករកលុយទេ ពួកនាងអាចមានអ្វីញុំាទៅ..........” សម្ដីទាំងនេះពិតជាមើលស្រាលដល់មនុស្សស្រីខ្លាំងណាស់។
៣. មនុស្សប្រុសមិនខ្វល់ពីគ្រួសារ
មនុស្សប្រុសរមែងតែទុកការងាររកស៊ីជាធំជាងគ្រួសារ ទង្វើបែបនេះបានធ្វើឱ្យគ្រួសារខ្វះនូវភាពកក់ក្តៅ។ តាមពិតទៅអត្ថន័យនៃការងារ គឺមានប្រភពមកពីគ្រួសារ ពីព្រោះយើងរកចំណូលគឺដើម្បីមកបំពេញតម្រូវការនៅក្នុងគ្រួសាររបស់យើង មិនមែនគិតតែរកចំណូលហើយបោះបង់ពួកគេចោលនោះទេ។
ដូច្នេះក្នុងនាមជាស្វាមីដ៏ល្អម្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះកូន និងស្រលាញ់ថ្នាក់ថ្នមភរិយាខ្លួនផង។ ចូរធ្វើជាបុរសដែលបំពេញឱ្យបានល្អទាំងការងាររកស៊ី និងកិច្ចការក្នុងផ្ទះ ទើបអាចហៅថាជាបុរសដ៏រឹងមាំសម្រាប់គ្រួសារម្នាក់បាន។
៤. មនុស្សប្រុសចូលចិត្តរអ៊ូរទាំ មួម៉ៅច្រើន
បុរសដែលមានសមត្ថភាពម្នាក់ រមែងតែជឿជាក់លើខ្លួនឯង គេមិនចេះទៅរអ៊ូរទាំ ត្អួញត្អែរ ជះកំហឹងដាក់ភរិយារបស់ខ្លួនរាល់ថ្ងៃនោះទេ។
ប្រសិនបើមនុស្សប្រុសនោះប្រកាន់គ្រប់រឿង ហើយចាត់ទុកប្រពន្ធដូចជាធុងសំរាម សម្រាប់និយាយត្អួញត្អែរមួម៉ៅ និងបញ្ចេញកំហឹងដាក់នោះ មនុស្សប្រុសប្រភេទនេះ តើអាចសម្រេចកិច្ចការធំបានយ៉ាងដូចម្តេចទៅ?
៥. មនុស្សប្រុសដែលមិនចេះត្រាប្រណី
សង្គមខាងក្រៅ គឺជាកន្លែងសម្រាប់អភិវឌ្ឍន៍ខ្លួនរបស់មនុស្សប្រុស គឺជាកន្លែងដែលគួរឱ្យមនុស្សប្រុសបញ្ចេញនូវឆន្ទៈ និងភាពស្វាហាប់របស់ខ្លួន។
ចំណែកឯនៅក្នុងផ្ទះវិញ នៅចំពោះមុខភរិយាម្នាក់ដែលបានលះបង់គ្រប់យ៉ាងដើម្បីខ្លួន ហើយក្នុងនាមជាបុរសដែលមានសមត្ថភាពម្នាក់ អ្វីដែលគួរមានចំពោះនាងគឺជាភាពទន់ភ្លន់ និងក្តីស្រលាញ់ ដែលទាំងនេះចាត់ទុកជាការតបស្នងដល់នាងដែលបានធ្វើចំពោះរូបអ្នក។
ចង់ដឹងថាបុរសម្នាក់មានសមត្ថភាពធំប៉ុនណា គឺត្រូវមើល ថាតើគេធ្វើអ្វីខ្លះចំពោះនារីដែលខ្លួនស្រលាញ់។ បុរសមានសមត្ថភាព មិនអាចធ្វើឱ្យនារីដែលខ្លួនស្រលាញ់រងការឈឺចាប់បន្តិចណាឡើយ។
មនុស្សប្រុសដែលគ្មានសមត្ថភាព ចេះតែនិយាយពាក្យសម្ដីចាក់ដោត សោះអង្គើយ និងធ្វើឱ្យនាងលំបាកគ្រប់ពេល។
- បុរសដែលមានសមត្ថភាព គឺមានភាពទន់ភ្លន់ចំពោះនារីដែលខ្លួនស្រលាញ់។
+ មនុស្សប្រុសគ្មានសមត្ថភាព គ្រាន់តែចេះជះកំហឹងដាក់នាងតែប៉ុណ្ណោះ។
- បុរសដែលមានសមត្ថភាព នឹងស្រលាញ់អ្វីៗដែលជារូបនាង មិនទាមទារការកែប្រែអ្វីឡើយ។
+ មនុស្សប្រុសដែលគ្មានសមត្ថភាព ចេះតែឱ្យនាងធ្វើតាមចរិត និងការចង់បានរបស់ខ្លួនមិនឈប់។
- បុរសដែលមានសមត្ថភាព នៅក្នុងផ្ទះជាសត្វចៀម នៅខាងក្រៅជាខ្លាកំណាចមួយក្បាល។
+ មនុស្សប្រុសដែលគ្មានសមត្ថភាព នៅក្នុងផ្ទះជាខ្លាកំណាច នៅខាងក្រៅគឺជាសត្វចៀមមួយក្បាល៕
ប្រភព ៖ https://kknews.cc / ប្រែសម្រួល ៖ Mythical Bird