ក្នុងទំនាក់ទំនងស្នេហា ជឿថាគ្មាននរណាចង់ឈានទៅរកផ្លូវបែកនោះទេ ប៉ុន្តែការរស់នៅក្បែរគ្នាយូរទៅ ក៏ចេះតែកើតមានរឿងអន់ចិត្ត ឬការយល់ឃើញខុសគ្នា នាំឲ្យគូស្នេហ៍ខ្លះបន្តទ្រាំនិងរកដំណោះស្រាយមិនបាន ក៏សម្រេចបញ្ចប់ស្នេហាមួយនោះ។
ជឿថាអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពមួយនេះ ពិតជាពិបាកណាស់ ចិត្តមួយស្រលាញ់ ចិត្តមួយឈឺចាប់ ហើយធ្លាប់សួរខ្លួនឯងថា តើមានវិធីណាទើបអាចបែកគ្នាហើយនាំឲ្យអារម្មណ៍ឈឺចាប់តិចបំផុត? ក្នុងអត្ថបទនេះ Knongsrok សូមណែនាំ ៤ វិធីដូចខាងក្រោម៖
៤) ហ៊ានប្រឈមមុខនឹងនិយាយពាក្យលា
នៅពេលស្រលាញ់គ្នាដំបូង អ្នកហ៊ានណាត់ជួបគេ ចុះពេលបែកគ្នាហេតុអ្វីមិនហ៊ាននឹងប្រឈមមុខ? ការជ្រើសរើសយកវិធីប្រឈមមុខ ហើយនិយាយពាក្យលាដ៏សមរម្យមួយទៅគ្នាជាលើកចុងក្រោយគឺជារឿងដែលល្អបំផុត។ បើអាចត្រូវជួបគ្នាផ្ទាល់ ជៀសវាងការផ្ញើសារថា បែក ដោយនោះវាពិតជាឈឺចាប់ ហើយទៅថ្ងៃមុខនាំឲ្យអ្នកមើលមុខគ្នាមិនចំទៅវិញទេ។
៣) កុំប្រើពាក្យថា បែក ចំៗពេក
ចូរប្រើប្រាស់ពាក្យសម្តី និងអារម្មណ៍ដោយប្រយោល ហើយកុំពោលពាក្យ បែក ទៅកាន់ដៃគូឆាប់រហ័សពេក។ ត្រូវគិតឲ្យបានច្បាស់សិន ហើយនិយាយរៀបរាប់ពាក្យដោយប្រយោល រហូតដល់ដៃគូម្ខាងទៀតយល់ សឹមចែកផ្លូវគ្នា។
២) ប្រាប់ហេតុផលដោយស្មោះត្រង់
មនុស្សខ្លះបែកគ្នាដោយសារមានអ្នកទីបី បើរឿងនោះកើតឡើងពិតមែន អ្នកដែលទៅសុំគេបែក គឺពិតជាអាត្មានិយមខ្លាំង ហើយអ្នកក៏មិនគួរចំណាយទឹកភ្នែក និងអារម្មណ៍ទៅគ្រាំគ្រាជាមួយគេដែរ។
ផ្ទុយទៅវិញក្នុងស្ថានភាពខ្លះ ដោយសារតែតម្រូវការចង់បានខុសគ្នា ការគិតការយល់ឃើញខុសគ្នា វាក៏អាចជាមូលហេតុដែលនាំឲ្យទំនាក់ទំនងអ្នកត្រូវជួបបញ្ហាដែរ។ បែបនេះចូរបកស្រាយមូលហេតុឲ្យបានច្បាស់លាស់ទៅកាន់ដៃគូម្ខាងទៀត នោះនឹងជួយមិនសូវឲ្យមានអារម្មណ៍ទម្លាក់កំហុសលើខ្លួនឯង ឬសង្ស័យរឿងណាមួយច្រើនតែម្នាក់ឯង។
១) បណ្តោយតាមពេលវេលា
ពេលខ្លះចង់បែក កុំហាពាក្យថា បែក លឿនពេក។ មនុស្សធ្លាប់ស្រលាញ់គ្នាណា មនុស្សសុទ្ធតែមានបេះដូង មានអារម្មណ៍ចេះឈឺចាប់ បើសុខៗពោលពាក្យថា បែក ដូចគេយកអ្វីមកចាក់កណ្តាលទ្រូងអ៊ីចឹង។
បែបនេះចូរបន្ថយគម្លាតពីគ្នា ហើយបង្រៀនឲ្យគេចេះរស់នៅម្នាក់ឯង យូរៗបន្តិចគេនឹងផ្សាំជាមួយអារម្មណ៍បែបហ្នឹង ហើយទាំងយើងទាំងគេក៏មិនជាឈឺចាប់ខ្លាំង និងរឿងទាំងអស់ត្រឹមដក់ជាប់ស្ថិតក្នុងការចងចាំមួយតែប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក