ក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវចេះមានការអត់ឱនឲ្យគ្នា យកចិត្តទុកដាក់ទៅវិញទៅមក ហើយការដែលស្រលាញ់តែម្ខាង ក៏មិនអាចឲ្យស្នេហានោះបន្តទៅមុខបានយូរនោះដែរ។
តាមការណែនាំអីអ្នកជំនាញផ្នែកចិត្តសាស្ត្របានបង្ហាញពីទម្លាប់និងសកម្មភាពសាមញ្ញប្រចាំថ្ងៃចំនួន ១០ ដែលអាចបន្ថែមភាពរោលរាលទៅលើស្នេហារបស់អ្នក ហើយជួយឲ្យទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរ រឹងមាំ និងយូរអង្វែងរហូតទៅ៖
១០) និយាយដោយបើកចំហ
ការប្រាស្រ័យទាក់ទងគឺជារឿងសំខាន់មួយក្នុងទំនាក់ទំនងស្នេហា។ សម្រាប់គូខ្លះមានការនិយាយលាក់បាំងគ្នា ព្រោះរវល់តែខ្លាចចិត្ត ខ្លាចគេគិតមិនល្អ នាំឲ្យយូរទៅក្លាយជាការលាក់ទុកដ៏អាថ៌កំបាំងហើយពេលខ្លះឈឺតែខ្លួនឯងក៏មាន។ បែបនេះមានរឿងអ្វី បញ្ហាអ្វី ចូរនិយាយដោយបើកចំហ និងរកវិធីដោះស្រាយជាមួយគ្នា។
៩) អនុវត្តសកម្មភាពសាមញ្ញរួមគ្នា
តាមការស្រាវជ្រាវ ការបង្កើតពេលវេលាសាមញ្ញរួមគ្នា ឧទាហរណ៍៖ រៀនធ្វើម្ហូបជាមួយគ្នា ឬសម្អាតផ្ទះរួមគ្នា ស្តាប់ទៅវាសាមញ្ញបន្តិចមែន ប៉ុន្តែវាជួយឲ្យអ្នកកាន់តែមានជិតស្និទ្ធ ហើយរឹតបន្តឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។
៨) ភ្ជាប់ទំនាក់ទំនងបើទោះមិននៅក្បែរគ្នា
ទោះមិនបាននៅក្បែរគ្នាពេលមួយថ្ងៃម្នាក់ធ្វើការ ម្នាក់នៅផ្ទះ ឬធ្វើការកន្លែងផ្សេងគ្នា ក៏ត្រូវតែឆ្លៀតផ្ញើសារសួរនាំគ្នា ថាបរិភោគបាយឬនៅ? ហត់អត់ថ្ងៃនេះ? ពាក្យហ្នឹងស្តាប់ទៅខ្លី តែមានអត្ថន័យណាស់សម្រាប់មនុស្សដែលស្រលាញ់គ្នា។
៧) យកចិត្តទុកដាក់លើរឿងតូចៗ
មិនមែនតែពឹងផ្អែកលើខាងស្រី ឬខាងប្រុសសុទ្ធសាធនោះទេ និយាយទៅគឺគួរតែប៉ះប៉ូវឲ្យគ្នាប្រសិនជាអាច។ ឧទាហរណ៍៖ នៅតុបាយអាហារពេលល្ងាច ប្រសិនខាងស្រីជាអ្នកចម្អិនម្ហូប អ៊ីចឹងខាងប្រុសក៏គួរតែទៅរៀបចានស្លាបព្រា មិនមែនថារឿងតូចៗទាំងនោះត្រូវតែជាភារកិច្ចរបស់មនុស្សស្រីទាំងអស់ឡើយ។
៦) ធ្វើរឿងឆ្កួតឡប់ជាមួយគ្នា
ស្នេហាគឺបែបហ្នឹង មានសើច មានសប្បាយ ហើយក៏មិនតម្រូវឲ្យរ៉ូមែនទិកគ្រប់ពេលដែរ។ កុំស្ងាត់ស្ងៀមពេក ចូរបង្កើតភាពរីករាយរួមគ្នាម្តងម្កាល ឧទាហរណ៍ដូចពេលលាងចាន បោកសំលៀកបំពាក់អ្វីជាដើម ត្រូវចេះបង្អើតរឿងសើចសប្បាយ ឆ្កួតឡប់រួមគ្នាតាមដែលអាចធ្វើទៅបាន។
៥) សរសើរគ្នាទៅមក
ធ្វើល្អត្រូវចេះផ្តល់យោបល់កែតម្រូវ ហើយបើធ្វើត្រូវ គួរតែមានពាក្យសរសើរ លើកទឹកចិត្តឲ្យខិតខំបន្តទៅទៀត។ មិនថាតែខាងស្រី ឬប្រុសនោះទេ ត្រូវចេះប្រើពាក្យសរសើរ ប្រើពាក្យសាទរ ក្រោយឃើញដៃគូសម្រេចរឿងអ្វីជោគជ័យមួយ។
៤) ដោះស្រាយរឿងណាមួយឲ្យហើយ កុំទុកវាចោល
ប្រសិនជួបបញ្ហាអ្វី មានជម្លោះទាស់ទែងអ្វី ចូរអ្នកដោះស្រាយឲ្យបានហើយជាមួយគ្នា ដោយកុំទុកវាចោល ឬចាំលើកវាទៅនិយាយសរុបនៅពេលណាមួយ។ ជាពិសេសមុនពេលចូលដំណេក កុំព្យាយាមបិទភ្នែកទាំងខួរក្បាលកំពុងវិលវល់ដោយសាររឿងនោះអី។
៣) ចេះប្រាប់មុនពេលទៅ និងមក
កុំឲ្យចង់ចេញទៅក្រៅ ក៏ទៅបាត់ មិនបានជូនដំណឹង ហើយកុំឲ្យពេលមកដល់ធ្វើធម្មតាដូចគ្មាននរណាមក។ ភាពផ្អែមល្ហែមបន្តិចបន្តួចនោះ គឺជាកត្តារឹតចំណងស្នេហាអ្នកឲ្យកាន់តែតឹង ហើយមិនងាយមាននរណាមកបំបែកបានឡើយ។ ឧទាហរណ៍៖ ពេលចេញទៅធ្វើការ ក៏ប្រាប់ថា បងអូនទៅធ្វើការហើយ ឬពេលមកវិញក៏ប្រាប់ថា បងអូនមកពីធ្វើការវិញហើយ អ្វីជាដើម។
២) និយាយពាក្យថា "ស្រលាញ់"
អ្នកខ្លះថា ពាក្យ ខ្ញុំស្រលាញ់អ្នក ត្រឹម ៣ ម៉ាត់ស្តាប់ទៅឆាប់ធុញ ហើយចង់ឃើញសកម្មភាពច្រើនជាងទង្វើ។ តែជឿទៅ បើទោះបីអ្នកធ្វើល្អហើយក៏ដោយ ពាក្យ ៣ ម៉ាត់នេះក៏កុំគួររំលង ចូរនិយាយខ្សឹបតិចៗហើយប្រាប់នាងថា បងស្រលាញ់អូន ហើយគ្មានមនុស្សស្រីណាដែលធុញទ្រាន់នឹងស្តាប់ពាក្យនេះទេ។
១) ចេះមានការ Surprise គ្នាទៅមក
ស្នេហាគឺបែបហ្នឹង សកម្មភាពបែបណាពីក្មេងៗ គួរតែបន្តមកដល់ពេលនេះ បើទោះបីវ័យយើងរាងចំណាស់ក៏ដោយក្តី។ ចូរឆ្លៀតពេល ដោយមិនចាំបាច់តែថ្ងៃសំខាន់ ដោយថ្ងៃធម្មតាឬថ្ងៃដែលនាងហត់ យើងបង្កើតនូវកម្មវិធី Surprise ណាមួយ តាមរយៈអ្វីដែលយើងធ្វើដោយផ្ទាល់ដៃ ឬពេលខ្លះបើរវល់ក៏អាចចំណាយលុយ តែឲ្យតែមានចិត្តថាចង់ Surprise នាងពិតមែន៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក