ទោះបីជាអ្នកស្រលាញ់គេយ៉ាងណា កុំមើលថែគេ តាំងខ្លួនប្រៀបដូចម្ដាយគេឱ្យសោះ

ការគិតរបស់មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈមិនដូចគ្នាឡើយ បើអ្នកមើលយល់ពីអត្ថបទនេះ នោះស្នេហារបស់អ្នកនឹងមិនលំបាកយ៉ាងនេះទេ ព្រោះពេលខ្លះការលះបង់ច្រើនពេក បែរជាធ្វើឱ្យមនុស្សប្រុសស្អប់ និងធុញទ្រាន់អ្នកទៅវិញ។

សៀវភៅមួយក្បាលដែលមានចំណងជើងថា “មនុស្សស្រីគួរតែដឹងពីអាថ៌កំបាំងរបស់មនុស្សប្រុស” របស់អ្នកនិពន្ធ ប៉ាប៉ារ៉ា ដឺ អេជែលីស ( Barbara De Angelis ) គាត់ក៏ធ្លាប់មានអារម្មណ៍អស់សង្ឃឹមនៅក្នុងរឿងស្នេហាដែរ បន្ទាប់ពីកែប្រែនូវគំនិតទស្សនៈរបស់ខ្លួនគាត់មក ទើបគាត់រកឃើញខ្លួនឯងត្រលប់មកដូចដើមវិញបាន។

១. កុំដើរតួរជាម្តាយម្នាក់ឱ្យសោះ

157928387_5888391507853035_5373465324114978321_n

សាកគិតឱ្យម៉ត់ចត់អំពីទង្វើរបស់ខ្លួនបន្តិចទៅមើល អ្នកនឹងចាប់អារម្មណ៍ថាមនុស្សស្រីយើងពិតជាស្រលាញ់មនុស្សប្រុសដូចជាម្តាយម្នាក់ដែលស្រលាញ់កូនដូច្នេះដែរ ហើយអ្នកក៏យល់ថាការយល់ឃើញបែបនេះគឺជារឿងត្រឹមត្រូវ។

ហើយអ្នកយល់ថាប្រសិនបើមិនបានធ្វើបែបនេះទេ ខ្លួនមិនសូវជាយកចិត្តទុកដាក់នឹងគេឡើយ ដូចជាបារម្ភអំពីការហូបចុក ដេកដើរឈរអង្គុយរបស់គេ ពេលខ្លះឃើញគេញុំានំច្រើនពេក ឬលេងហ្គេមច្រើនពេកក៏រអ៊ូដាក់គេមិនឈប់។

មើលថែតាំងពីរឿងតូចធំរបស់គេ ដោយសារតែទង្វើបែបនេះហើយបានធ្វើឱ្យខ្លួនក្លាយទៅជាម្តាយម្នាក់ទៅវិញ និយាយចំពោះមនុស្សប្រុសវិញ គេកាន់តែយល់ថាអ្នកនិយាយច្រើនរអ៊ូរទាំ ធ្វើឱ្យគេមានសម្ពាធ ហើយចាត់ទុកជាខ្យល់ផាត់ត្រចៀកទៅវិញ។ បើអ្នកចង់ឱ្យចំណងស្នេហារបស់អ្នកពន្លត់បានយ៉ាងឆាប់បំផុតនោះ គឺត្រូវស្រលាញ់មនុស្សប្រុសឱ្យដូចជាកូនម្នាក់ចុះ។

158267062_5888391344519718_6181853918413500909_n

អ្នកពិចារណាទៅមើល គេធំយ៉ាងនេះទៅហើយ គេមិនដឹងថាខ្លួនគេធ្វើរឿងបែបនេះត្រូវ ឬក៏ខុសទៀតឬ? គេក៏មិនដឹងថាលេងហ្គេមខាតពេលវេលាដែរឬ? ការរអ៊ូរទាំរបស់អ្នក គឺគ្រាន់តែធ្វើឱ្យគេកាន់តែធុញទ្រាន់ប៉ុណ្ណោះ ក៏អាចឱ្យអ្នកខ្លួនឯងយល់ថាហត់ចិត្តណាស់ដែរ។

អ្នកនិពន្ធបានផ្តល់មតិថា ៖ ការជឿជាក់ទៅលើដៃគូរបស់ខ្លួន គឺជាការទទួលខុសត្រូវមួយសម្រាប់ខ្លួនឯងដែរ គេមានសមត្ថភាពអាចចាត់ចែងការងាររបស់គេបាន ទោះបីពេលខ្លះគេធ្វើមិនបានល្អក៏មិនអីដែរ ឲ្យគេរីកចំរើនជាសន្សឹមៗទៅ។

តាមយោបល់ខ្ញុំវិញយល់ថា យើងអាចរំឭកដល់គេបាន តែមិនចាំបាច់ជ្រៀតជ្រែក ឬគាប់សង្កត់គេឡើយ។ ឧទាហរណ៍ថា ៖ ថ្ងៃនេះឃើញអាកាសធាតុចុះត្រជាក់ ហើយឃើញគេពាក់អាវរាងស្តើង អ្នកអាចរំឭកប្រាប់គេថា ថ្ងៃនេះមេឃរាងត្រជាក់ទៅបានហើយ តែមិនចាំបាច់ទៅខ្វល់ខ្វាយថាគេមានពាក់អាវរងារអត់ឬយ៉ាងណានោះទេ ព្រោះនេះគឺជាការសម្រេចចិត្តរបស់គេ។

បើគេមិនបានពាក់អ្នកមិនបាច់បារម្ភដូចជាម្តាយគេខ្លាំងពេកនោះទេ ទំនាក់ទំនងស្នេហា គឺមនុស្សពីរនាក់មានសិទ្ធស្នើគ្នា គឺមិនអាចបង្ខំដៃគូយើងឱ្យធ្វើតាមយើងបានឡើយ។

២. យកសិទ្ធនៃការសម្រេចចិត្តប្រគល់ឱ្យទៅភាគីខាងប្រុស

157700407_5888391361186383_3111156576327290671_n

មានមនុស្សប្រុសខ្លះចូលចិត្តយកគំនិតខ្លួនឯងជាធំ ឯមនុស្សស្រីខ្លះក៏ចូលចិត្តធ្វើជាក្មេងស្រីតូចតាំងពីកំណើតដែរ។ មនុស្សទាំងពីរនាក់នេះបើនៅជាមួយគ្នា គឺរាល់កិច្ចការទាំងឡាយនឹងប្រគល់ឱ្យមនុស្សប្រុសជាអ្នកសម្រេចចិត្តជាមិនខាន មនុស្សស្រីគ្រាន់តែធ្វើតាមទៅបានហើយ។

ចុងក្រោយ ខាងស្រីបានបាត់បង់សមត្ថភាពវិនិច្ឆ័យដោយមិនដឹងខ្លួន សឹងតែពេលខ្លះយល់ថារឿងនោះគឺជារឿងល្អ តែបើខាងប្រុសនិយាយថាមិនល្អ គឺនឹងបោះបង់រឿងនេះចោលភ្លាមតែម្តង។ ព្រោះអ្នកគិតថាបើអ្នកមិនស្តាប់តាមខាងប្រុសទេ ខាងប្រុសគឺនឹងមិនសប្បាយចិត្តជាមិនខាន។

នៅក្នុងសៀវភៅនេះបាននិយាយថា នៅក្នុងទំនាក់ទំនងស្នេហា បើប្រគល់សិទ្ធឱ្យខាងប្រុសយូរពេក នោះអ្នកគឺនឹងទៅជាទម្លាប់មើលស្រាលពីគំនិត និងអារម្មណ៍របស់ខ្លួនទៅវិញ។

សឹងតែដល់ថ្នាក់មិនហ៊ានទាមទារឱ្យដៃគូអ្នកស្រលាញ់អ្នកឱ្យបានច្រើនបន្តិចក៏មានដែរ ការសម្របរបស់អ្នកខ្លាំងពេក បានធ្វើឱ្យអ្នកបាត់បង់តម្លៃរបស់ខ្លួនទៅវិញ។

ការមានគំនិតផ្ទាល់ខ្លួន មិនបញ្ជាក់ថាខ្លួនឯងគឺជាមនុស្សស្រីខ្លាំងពេកនោះទេ ឬក៏ជាមនុស្សដែលជិះជាន់លើភាគីម្ខាងទៀតឡើយ អ្នកទាំងពីរគឺមានសិទ្ធស្មើគ្នា។

គ្មានអ្វីដែលហៅថាខ្ពស់ទាបជាងគ្នាឡើយ តែអ្នកទាំងអស់គ្នាអាចបង្ហាញពីភាពពិតរបស់ខ្លួនបាន។ បើយល់ថាមានកន្លែងណាដែលមិនគាំទ្រ អ្នកអាចលើកជាយោបល់បាន កុំទម្លាប់ស្តាប់តែយោបល់របស់មនុស្សប្រុសពេក យ៉ាងណា នេះគឺជាជីវិតរបស់អ្នក មិនមែនជារបស់គេទេ។

៣. ដើម្បីតែផ្គាប់ចិត្តខាងប្រុស បង្ខំខ្លួនឯងឱ្យផ្លាស់ប្តូរ

158308603_5888391484519704_3312274609677640479_n

ពេលដែលអ្នកបង្ហាញពីគំនិតរបស់អ្នក ហើយភាគីខាងប្រុសមិនសប្បាយចិត្ត ដូច្នេះអ្នកលែងហ៊ានលើកគំនិតរបស់ខ្លួនចេញមកទៀត ។

ឧទាហរណ៍ថា ៖ អ្នកពាក់អាវមើលទៅស្អាតណាស់ តែខាងប្រុសនិយាយថា ពាក់បែបនេះមិនដូចជាមនុស្សស្រីសោះ ក្រោយមកសម្លៀកបំពាក់មួយនេះអ្នកលែងសូវយកមកពាក់ទៀតហើយ។

អ្នករមែងតែផ្គាប់ចិត្តគេ រឿងដែលគេមិនចូលចិត្តគឺអ្នកមិនហ៊ានធ្វើ។ នៅក្នុងសៀវភៅបានលើកឡើងថា ធ្វើបែបនេះមិនប្រាកដថាអាចទទួលបានក្តីស្រលាញ់របស់មនុស្សប្រុសឡើយ ផ្ទុយមកវិញ អាចធ្វើឱ្យយើងបាត់បង់ភាពជាម្ចាស់ការ។

មិនមែនឱ្យតែមនុស្សស្រីដែលទន់ភ្លន់ ស្តាប់បង្គាប់ទើបទទួលបានការស្រលាញ់ថ្នាក់ថ្នមនោះទេ មនុស្សស្រីដែលឯករាជ្យ ក៏អាចត្រូវបានទទួលការការពារផងដែរ ឱ្យតែគេស្រលាញ់អ្នក គេនឹងថ្នាក់ថ្នមអ្នក ហើយមិនមែនព្រោះតែអ្នកស្តាប់បង្គាប់ឡើយ។

ការមានទំនុកចិត្តលើខ្លួនឯង ទើបជាលក្ខណៈពិសេសដែលអាចធ្វើឱ្យគេឈ្លក់វង្វេងបាន គេនឹងរឹតតែស្រលាញ់ភាពស្រស់បំព្រង និងពន្លឺចេញពីខ្លួនអ្នក។

បើមួយថ្ងៃៗចេះតែគិតថាធ្វើដូចម្តេចដើម្បីផ្គាប់ចិត្តគេនោះ គឺគ្រាន់តែធ្វើឱ្យអ្នកបាត់បង់នូវភាពជឿជាក់ និងភាពស្រស់បំព្រងរបស់អ្នកតែប៉ុណ្ណោះ មិនដូចជាការគិតធ្វើយ៉ាងម៉េចឱ្យខ្លួនឯងកាន់តែស្រលាញ់ពីអ្វីដែលខ្លួនឯងមាននោះទេ៕

ប្រភព ៖ ​whitecherry.com / ប្រែសម្រួល ៖ Mythical Bird