ពាក្យថា "បងប្អូន" គឺជាមនុស្សដែលជាប់សាច់ឈាមម្ដាយឪពុកតែមួយអស់មួយជីវិត ហើយមិនថាស្ថិតក្នុងស្ថានភាពណា ក៏រមែងមានចិត្តចេះមើលថែគ្នា និងមិនបោះបង់គ្នាឡើយ។
ជាគំរូដ៏ល្អមួយ ដែលវាជារឿងពិតកើតឡើងនៅឯប្រទេសវៀតណាម ដោយមានបងប្អូនស្រី ២ រូបដែលជាស្រ្តីវ័យចំណាស់ មួយឈ្មោះលោកយាយ Tran Thi Ba ដែលមានអាយុ ១០០ ឆ្នាំ និងមួយទៀតឈ្មោះលោកយាយ Tran Thi Bon ដែលមានអាយុ ១០៣ ឆ្នាំ ដោយអ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នារស់នៅបែកផ្ទះពីគ្នាចម្ងាយ ៣ គីឡូម៉ែត្រ។
ពេលនេះប្អូនស្រីអាយុ ១០០ ឆ្នាំបាននឹងកំពុងមានជំងឺហើយសម្រាកនៅលើគ្រែ ថ្ងៃមួយនោះលោកយាយដែលជាបងស្រីអាយុ ១០៣ ឆ្នាំក៏បានមកសួរសុខទុក្ខនិងមើលថែ ហើយរូបភាពចាប់ដៃគ្នា និងការហាក់ចង់បានការថ្នាក់ថ្នមពីបងស្រី ក៏ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត។
អ្វីដែលសោកសង្រេងបំផុតនោះគឺលោកយាយ Ba ចូលចិត្តស្តាប់ចម្រៀង បែបនេះបងស្រីឈ្មោះ Bon ក៏បានកាន់ដៃប្អូនស្រីខ្លួន ហើយឱនមុខទៅក្បែរត្រចៀកច្រៀងតិចៗឲ្យប្អូនស្រីស្តាប់ និងបានថើបប្អូនស្រីជាកម្លាំងចិត្តទៀតផង។ នេះបើតាមប្រភពពីសារព័ត៌មាន Tiin.vn បានចុះផ្សាយ។
អ្នកទាំងពីរសុទ្ធសឹងតែមានកូនចៅច្រើនជំនាន់ដូចគ្នា ប៉ុន្តែក្នុងអត្ថបទនេះគ្រាន់ចង់បង្ហាញពីក្តីស្រលាញ់រវាងពួកគាត់តែប៉ុណ្ណោះ ហើយវាក៏ជាគំរូល្អមួយសម្រាប់កូនចៅជំនាន់ក្រោយ ដែលគួរតែចេះស្រលាញ់ យកចិត្តទុកដាក់មើលថែគ្នា រហូតដល់ជីវិតចុងក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក