នៅព្រឹកថ្ងៃទី ១៦ មិនា ឆ្នាំ ២០២១ នេះ ជឿថាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននឹងកំពុងចាប់អារម្មណ៍លើរឿងរ៉ាវក្តៅគគុក ដែលវាបានក្លាយជាតួលេខក្នុងកំណត់ត្រាច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា។
នោះគឺរឿងទី ១ ពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានបង្ហោះផ្សាយនៅព្រឹកថ្ងៃទី ១៦ មិនា ពីករណីវិជ្ជមានកូវីដ ១៩ ថ្មី មានចំនួន ១០៥ នាក់ សុទ្ធតែជាអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតួលេខកើនលើសពីចំនួន ១០០ នាក់បែបនេះមិនធ្លាប់មាននោះទេ តាំងពីផ្ទុះជំងឺកូវីដ ១៩ កាលពីឆ្នាំទៅ។
ចំណែកឯរឿងទី ២ គឺជាការផ្សាយផ្ទាល់ (Live) នៃទំព័រហ្វេសប៊ុកក្នុងប្រទេសកម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនបំផុតមិនធ្លាប់មាន ដោយមានតួលេខច្រើនជាង 160K ឬច្រើនជាង ១៦០ ០០០ នាក់ ជុំវិញការបកស្រាយរបស់លោកឧកញ៉ា ឌួង ឆាយ ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាទៅលើលោកជំទាវ ដេត ម៉ាលីណា ដែលជាអតីតភរិយា។
យ៉ាងណាជាចុងក្រោយទោះបងប្អូនចាប់អារម្មណ៍លើរឿងរ៉ាវណាខ្លាំងក៏ដោយ តែសុំកុំភ្លេចឲ្យសោះនូវការតាមដានព័ត៌មានផ្សេងៗពីទំព័ររបស់ក្រសួងសុខាភិបាល ហើយសូមបន្តអនុវត្តតាមការណែនាំនូវវិធានការការពារជំងឺ COVID-19 ដែលកំពុងកើតមានក្នុងប្រទេសយើងសព្វថ្ងៃ៕