នៅក្នុងរឿងភាគ ឬរឿងកុន ការរៀបការ ឬរៀបអាពាហ៍ពិពាហ៍ អាចជាឆាកល្ខោនបញ្ចប់សាច់រឿង ដែលតួទាំងពីរបានជួបគ្នា ក្លាយជាគូ ជាប្ដីប្រពន្ធនឹងគ្នា ទៅតាមអត្ថន័យនៃសាច់រឿងពីដើមដល់ចប់។ ហើយវាក៏អាចជាការបំពេញ និងតម្រូវទៅតាមបំណងរបស់អ្នកតាមដាន ឬទស្សនិកជនផងដែរ ដែលខំតាមដានខ្សែសាច់រឿងតាំងពីដើមដល់ចប់ គឺដើម្បីតែឱ្យតួទាំងពីរបានជួបគ្នា។
ប៉ុន្តែវាផ្ទុយស្រឡះពីជីវិតពិតរបស់មនុស្សយើងម្នាក់ៗ ដែលការពិតនៃការរៀបការ ឬរៀបអាពាហ៍ពិពាហ៍ វាគ្រាន់តែជាការចាប់ផ្ដើមថ្មីនៃផ្នែកមួយ ឬទំព័រថ្មីមួយស្រឡាងរបស់មនុស្សពីរនាក់ ដែលបានសម្រេចចិត្តចាប់ដៃគ្នាជាគូ ដើម្បីកសាងជីវិតជាមួយគ្នា ក៏ដូចជាចាប់ផ្ដើមចងក្រងនូវសាច់រឿងថ្មីនៃជីវិតរបស់អ្នកទាំងពីរច្របាច់បញ្ជូលគ្នាតែប៉ុណ្ណោះ។
លើសពីនេះ សាច់រឿងនៃខ្សែជីវិតគូមួយនេះ គឺអ្នកទាំងពីរនាក់ប្ដីប្រពន្ធនេះហើយ ជាអ្នកនិពន្ធ អ្នកនឹកនាំ អ្នកប្រែសម្រួល ហើយក៏ជាតួសម្ដែងផ្ទាល់ផងដែរ សាច់រឿងដែលអ្នកទាំងពីរចាប់ផ្ដើមលេង ល្អ ឬក៏អត់ មានន័យផ្អែមល្ហែម ប្រៃ ល្វីង ជូរ ចត់ ឬយ៉ាងណា គឺអាស្រ័យលើអ្នកទាំងពីរនេះហើយ។
តែសូមកុំភ្លេចថា សាច់រឿងរបស់អ្នកទាំងពីរ ក៏មានទស្សនិកជនចាំតាមដាន ចង់ដឹងចង់ឮរឿងរ៉ាវគូជីវិតរបស់អ្នកទាំងពីរផងដែរ ប៉ុន្តែបំណងដែលពួកគេចង់បាន មិនមែនដូចការដែលគេតាមដានរឿងភាគ ឬរឿងកុន ដែលបន់ឱ្យតួបានជួបគ្នាទេ គឺសាច់រឿងជីវិតពិតរបស់យើង ពួកគេចាំមើល ចាំតាមដាន គឺមានតែបន់ឱ្យយើងបែកគ្នា ពេលដែលមានបញ្ហាអ្វីមួយ មនុស្សមួយចំនួន គេចាំតែសើចចំអក ឡកលើយ ហើយនិយាយដើមពីមុខពីក្រោយ ជាពិសេសមនុស្សខ្លះ គឺចាំតែចាក់រក ឆ្កឹះឆ្កៀលបន្ថែមតែប៉ុណ្ណោះ។
ដូច្នេះហើយ ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នា អ្នកទាំងពីរត្រូវតែដឹងឱ្យច្បាស់ពីដំណើរនៃការចាប់ផ្ដើមរវាងជីវិតគូមួយនេះ ហើយត្រូវត្រៀមកាយ ត្រៀមចិត្ត និពន្ធ ដឹកនាំ និងសម្ដែងឱ្យបានល្អ ចងក្រងនូវសាច់រឿងនៃទំព័រជីវិតគូរបស់អ្នកទាំងពីរឱ្យមានន័យ ក្លាយជាសាច់រឿងដ៏ល្អ ដែលគ្រប់គ្នាស្ញប់ស្ញែង និងច្រណែនដែលរឿងជីវិតរបស់អ្នកទាំងពីរមិនមានរឿងអាក្រក់ណាមួយ ដែលអាចឱ្យពួកគេទាំងនោះ មកសើចចំអក ឬជាន់ពន្លិចបន្ថែមបានឱ្យសោះ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ