មិនមែននៅសុខៗ មនុស្សម្នាក់ៗក៏ប្រែប្រួល ផ្លាស់ប្ដូរអត្តចរិតទាំងស្រុងនោះឡើយ ហើយក៏មិនមែនខ្ញុំ ប្រាថ្នាចង់ប្រួលប្រែ ឆ្ងាយពីអ្នកនោះដែរ តែអ្វីៗគ្រប់យ៉ាង សុទ្ធតែមានដើមហេតុ។ កុំនិយាយថា ស្ងាត់ៗក៏បែបហ្នឹង វាអាចមកពីភាពស្ងៀមស្ងាត់ ព្រងើយកន្តើយរបស់អ្នកហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំក្លាយទៅជាបែបហ្នឹង។
ព្រោះតែអ្នកជាអ្នកធ្វើឱ្យខ្ញុំផ្លាស់ប្ដូរ ក៏ព្រោះតែភាពព្រងើយកន្តើយរបស់អ្នក ដែលបង្រៀនឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំខ្លាំងពេក ខ្ញុំរឹងមាំរហូតអាចនៅម្នាក់ឯងបាន ខ្ញុំឯករាជ្យខ្លាំង រហូតដល់លែងត្រូវការ កម្លាំងចិត្ត ការយកចិត្តទុកដាក់ ការថ្នាក់ថ្នម និងមើលថែពីអ្នកទៀតហើយ។
កន្លងមកនេះ វាក៏គ្រប់គ្រាន់សមល្មម ដែលខ្ញុំអាចពិសោធន៍បានថា ខ្ញុំសំខាន់ និងមានតម្លៃប៉ុនណាសម្រាប់អ្នក អ្នកបានធ្វើឱ្យខ្ញុំបានដឹងច្បាស់ថា ការដែលមានអ្នក ឬអត់អ្នក គឺវាដូចតែគ្នាទេ មិនមានអ្វីដែលខុសប្លែកគ្នានោះឡើយ។
ភាពព្រងើយកន្តើយរបស់អ្នក បានបញ្ជាក់ឱ្យខ្ញុំបានភ្លឺភ្នែក ឆ្អែតចិត្តសមល្មម ខ្ញុំក៏ព្រម ហើយក៏បានត្រៀមចិត្តរស់នៅម្នាក់ឯង រស់នៅដោយគ្មានអ្នករួចជាស្រេចហើយ។
ជាចុងក្រោយ ខ្ញុំមានតែពាក្យថា អរគុណ មិនថាអំពើល្អ ឬក៏អាក្រក់ ការយកចិត្តទុកដាក់គ្រាដំបូង ជាពិសេសគឺ ភាពព្រងើយកន្តើយរបស់អ្នក ដែលបានបង្រៀនឱ្យខ្ញុំបានក្លាយជាមនុស្សរឹងមាំ អាចមើលថែខ្លួនឯងបានយ៉ាងល្អដូចពេលនេះ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ