ប្រហែលជាមិនមានអ្នកណាចាប់អារម្មណ៍ប៉ុន្មានទេ ដែលថាអ្នកដែលអាយុច្រើនហើយនៅតែអត់មានសង្សារ នៅតែអត់មានគូនឹងគេ ជាកំពូលមនុស្សនោះ។ វាជាការពិត អ្នកដែលអត់ដែលមានស្នេហា អាយុច្រើនហើយនៅតែរកអ្នកណាម្នាក់នៅក្បែរយល់ចិត្ត បែបដៃគូមិនទាន់បាន ក៏ព្រោះតែគេជាមនុស្សម្នាក់ដែលល្អខ្លាំងពេក។
មនុស្សយើង បើកាលណាល្អខ្លាំងពេកហើយនោះ វាក៏ពិបាកនឹងរកមនុស្សឱ្យសក្តិសម ឬត្រូវនឹងចិត្តគេណាស់។ ព្រោះមនុស្សដែលល្អខ្លាំង ប្រាកដជាចង់បានមនុស្សដែលកាន់តែល្អមកធ្វើជាដៃគូ គឺមនុស្សដែលល្អជាងខ្លួន។ យ៉ាងណាមិញ វាពិបាកនឹងរកមនុស្សដែលល្អជាងយើង ទោះបើមាន ក៏គេនោះរកមើលអ្នកដែលល្អជាងគេដែរ មិនមែនយើងនោះឡើយ។
ដូច្នេះហើយ មិនបាច់ឆ្ងល់ទេថាហេតុអ្វីគេមានសង្សារគ្រប់គ្នា សូម្បីតែក្មេងៗប្អូនយើងច្រើនឆ្នាំក៏គេចេះមានស្នេហាដែរ តែចំណែកយើងវិញ ៣០ជាងអីហើយ នៅឡើយតែមិនទាន់រកបានមនុស្សដែលត្រូវចិត្ត ហេតុផលក៏ព្រោះតែអ្នកណាក៏យើងើលមិនចូលភ្នែក អ្នកណាក៏មិនត្រូវចិត្តយើងដែរ។
ម្យ៉ាងវិញទៀត មនុស្សដែលល្អខ្លាំងពេកហើយ ក៏មានន័យថា មិនចាំបាច់ត្រូវមានដៃគូណាចូលមកបំពេញចន្លោះខ្វះខាតរបស់ខ្លួនដែរ ព្រោះខ្លួនមានសឹងតែគ្រប់ចំណុច អាចបំពេញឱ្យខ្លួនឯងបានសឹងតែ៩០%ទៅហើយ ដូច្នេះ យកដៃគូមកនាំតែលំបាកសន្ដោងតាមទើសដៃទើសជើង។
រីឯអ្នកដែលមានគូស្នេហ៍ផ្អែមល្អែម ស្អិតរមួតវិញនោះ គឺសុទ្ធតែជាមនុស្សដែលមានចំណុចខ្វះចន្លោះច្រើនហើយ ទើបគេអាចរកបានមនុស្សម្នាក់មកធ្វើជាដៃគូដើម្បីជួយកែលំអ និងបំពេញនូវចំណុចខ្វះខាតដល់គ្នាទៅវិញទៅមក។
ដូចពាក្យចាស់ថា ដៃគូជីវិត ឬប្ដីប្រពន្ធ គេយកមកដើម្បីបំពេញរាល់ចំណុចដែលខ្វះខាតឱ្យគ្នា ជួយកែលំអ កែកុនឱ្យគ្នាទៅវិញទៅមក។ ដូច្នេះហើយ ក្នុងនាមជាគូជីវិត ឬប្ដីប្រពន្ធសូមកុំចាំតែចាប់កំហុស ឬស្ដីបន្ទោសឱ្យគ្នា ត្រូវចេះថែរក្សាគ្នាឱ្យបានល្អ ឃើញត្រង់ណាខុសជួយប្រាប់គ្នា ជួយកែលំអគ្នា ហើយបើបានមានអ្នកប្រាប់ពីចំណុចដែលខុស ឬមិនសមគួរ។
ត្រូវចេះកែប្រែឡើងវិញ កុំរឹងចចេស មានះមិនស្ដាប់ គិតតែអារម្មណ៍ខ្លួន ប្រយ័ត្នបានចូលក្នុងក្រុមកំពូលមនុស្សដែលទៅ គឺត្រូវរស់នៅម្នាក់ឯង ព្រោះតែ ល្អពេក ល្អគ្រប់ចំណុច ល្អជ្រុល៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ