នៅពេលដែលចាប់ផ្ដើមដំបូង ការស្រឡាញ់មិនមានហេតុផលអ្វីឡើយ ក្រៅតែពីការស្រឡាញ់ពេញចិត្ត ហើយក៏គិតមិនឃើញដែរថា ការដែលកំពុងតែស្រឡាញ់គ្នានេះ នឹងត្រូវបែកគ្នាដោយរបៀបណា។
ប៉ុន្តែស្នេហា ការស្រឡាញ់យូរៗទៅ ក៏ចាប់ផ្ដើមប្រែប្រួលលែងដូចមុន គ្រប់យ៉ាងបានផ្លាស់ប្ដូរអស់ហើយ ហើយវាក៏ដើរដល់ចំណុចមួយដែលគេហៅថា ការបែក ពេលនេះ ហេតុផលមិនដឹងមកពីណា អាចថាជាលេសក៏មាន ដើម្បីបង្កើតឡើងក្នុងការបែកគ្នា។ អ្វីដែលសំខាន់ ដល់ពេលបែកក៏ចាប់ផ្ដើមគិតថា តើដំបូងឡើយ យើងចាប់ផ្ដើមដោយរបៀបណាទៅ?
ខាងក្រោមនេះ គឺជាហេតុផលនៃការបែក ព្រោះតែចំណុចទាំងនេះហើយ ដែលធ្វើឱ្យស្នេហា ការស្រឡាញ់ដើរដល់ទីបញ្ចប់ ចែកផ្លូវគ្នាដើររៀងៗខ្លួន!
១. ហេតុផលចម្បងសាមញ្ញបំផុតគឺ ព្រោះតែ អស់ចិត្ត
ស្នេហាកំពុងតែដំណើរការ តែបែរជាឈានដល់ដំណាក់កាលនៃការបែកគ្នា វាមានតែហេតុផលមួយប៉ុណ្ណោះគឺ អស់ចិត្ត។ ដោយគិតថាមនុស្សម្នាក់ទៀតមិនសមនឹងអារម្មណ៍របស់យើងទៀតទេ ធ្វើឱ្យទំនាក់ទំនងកាន់តែមានបញ្ហាផ្ទុយគ្នា និងភាពចម្រូងចម្រាសកើតឡើង។
បន្ទាប់មកនៅពេលដែលអ្នកគិតអំពីអនាគត វាពិតជាអាប់អួរណាស់ ដូច្នេះតើអ្នកអាចបន្តបែបនេះបានយូរប៉ុនណា ចុងក្រោយ មានតែការបែកចែកផ្លូវគ្នា ព្រោះរវាងយើងទាំងពីរ គឺមានម្ខាងដែលអស់ចិត្ត ឬទាំងពីរនាក់លែងមានអារម្មណ៍ល្អចំពោះគ្នាទៀតហើយ។
២. ប្រហែលជាយើងបានធ្វើការជ្រើសរើសខុសកាលពីដំបូង
ពេលខ្លះ យើងបានចាប់ផ្ដើមសម្រេចចិត្ត ឬជ្រើសរើសខុសតាំងពីដំបូងមកម្ល៉េះ ព្រោះមានស្នេហា ដោយសារតែឃើញមនុស្សជុំវិញសុទ្ធតែមានគូ ចំណែកយើងវិញ យើងមិនមានអ្នកណា ប្រាកដជាមានអារម្មណ៍ថាឯក និងខ្មាសមនុស្សក្បែរខ្លួនយ៉ាងខ្លាំង ពេលនោះ យើងក៏បង្ខំចិត្តជ្រើសយកមនុស្សណាម្នាក់ដើម្បីបិទបាំងអារម្មណ៍ឯកាមួយពេលរបស់ខ្លួន។
ជួកកាលទៀត យើងសម្រេចចិត្តជ្រើសរើសមានស្នេហាដោយសារតែការបង្ខំ ឬទាមទារពីអ្នកក្បែរខ្លួន ជាពិសេសគឺ ក្រុមគ្រួសារ ឪពុកម្ដាយ ។ ការសម្រេចចិត្តបែបនេះហើយ ដែលជាចំណុចខុសយ៉ាងខ្លាំង ដែលយើងបានធ្វើខុសតាំងពីដំបូងមកម្ល៉េះ។
៣. បុព្វហេតុដែលរំខានខ្លះៗ
អាចថាការបែកនេះ ក៏ព្រោះតែមានការរំខានពីអ្វីម្យ៉ាងដែលនៅជុំវិញខ្លួនរបស់អ្នកទាំងពីរដូចជា វត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ឬអាចមកពីកត្តាដ៏ធំគឺ ក្រុមគ្រួសារមិនពេញចិត្ត មិនអនុញ្ញាតឱ្យទាក់ទងគ្នា ក៏ព្រោះតែបញ្ហាឋានៈគ្រួសារ មុខមាត់ កិត្តិយសមិនសក្តិសមនឹងគ្នាជាដើម។
យ៉ាងណាមិញ មនុស្សពីរនាក់ស្រឡាញ់គ្នា ប្រសិនបើបែកដោយសារតែមានម្ខាងណាមានចិត្តដោះដៃ លួចលាក់មានថ្មី វាក៏ឈឺចាប់មិនស្មើនឹងមនុស្សកំពុងតែស្រឡាញ់គ្នាស្ម័គ្រស្លាប់រស់ តែបែរជាត្រូវមកបែកគ្នាព្រោះតែគ្រួសារមិនពេញចិត្ត បែកគ្នាទាំងមិនបានអស់ចិត្ត វាគឺជារឿងដែលឈឺចាប់បំផុតហើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ