មនុស្សប្រុសភាគច្រើនតែងតែគិតថា ការផ្ញើសារ ឬកាយវិការមួយចំនួន វាហាក់ធម្មតា សាមញ្ញ ឬមិនមានសារៈសំខាន់អ្វី ដែលត្រូវទៅយកចិត្តទុកដាក់ ឬធ្វើជាចាំបាច់នោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ត្រឹមសារខ្លីៗ តែវាពិតជាមានអត្ថន័យជ្រាលជ្រៅយ៉ាងខ្លាំងសម្រាប់ស្អំដួងចិត្តមនុស្សស្រី អាចធ្វើឱ្យនាងមានក្ដីសុខយ៉ាងធំធេង និងមានសុភមង្គលយ៉ាងខ្លាំង ហើយវាក៏អាចធ្វើឱ្យមនុស្សស្រីញញឹមបិទមាត់មិនជិតថែមទៀតផង ប្រសិនបើនាងបានទទួលសារទាំងនោះ ពីមនុស្សដែលនាងស្រឡាញ់។
ខាងក្រោមនេះ ជាសារខ្លីៗមួយចំនួន ដែលអាចបន្ទន់អារម្មណ៍ សណ្ដំចិត្ត ធ្វើឱ្យស្រីៗសប្បាយចិត្តខ្លាំង!
១. អូននៅណា?
មិនដឹងថាសារមួយនេះ ជាសំណួរបែបណាក្នុងចិត្តមនុស្សប្រុសទេ តែបើវាជាការផ្ញើចេញពីចិត្ត វាពិតជាធ្វើឱ្យស្រីៗសប្បាយចិត្តខ្លាំង ព្រោះវាបង្ហាញពីក្ដីបារម្ភ នឹកនា និងចង់ដឹងសុខទុក្ខចំពោះមនុស្សដែលគេស្រឡាញ់។ សារមួយនេះដែរ វាក៏ជាសញ្ញាមួយបង្ហាញថា គេកំពុងតែបារម្ភពីយើង និងចង់ដឹងពីដំណើរនៃការប្រើពេលវេលាជាប្រចាំថ្ងៃរបស់យើងផងដែរ។
២. អូនកំពុងធ្វើអី?
អូនកំពុងធ្វើអី ឬអូនទំនេរអត់? សារមួយនេះបង្ហាញច្បាស់ណាស់ថា គេកំពុងតែចង់និយាយលេង ជជែកលេងជាមួយយើង គេចង់ឮសំឡេងយើង ក៏ចង់ដឹងថា យើងមាននឹកដល់គេវិញឬមួយក៏អត់?
៣. អូនញុំាបាយនៅ?
គេប្រាកដជាខ្លាចយើងរវល់ មមាញឹក ដល់ភ្លេចបាយភ្លេចទឹក ដូច្នេះ សំណួរនេះ ទោះគេសួរជាប្រចាំ ឬមួយថ្ងៃសួរ៣ដងក្នុងអំឡុងបាយ៣ពេល ក៏មនុស្សស្រីមិនធុញនឹងឆ្លើយដែរ ហើយនាងក៏រីករាយនឹងឆ្លើយទាំងម្ហូបដែលនាងបានញុំាថែមទៀតផង។
៤. Good Morning / Good Night
សារពីរឃ្លានេះ ជាអ្វីដែលមនុស្សស្រីចង់ឃើញជារៀងរាល់ព្រឹកពេលក្រោកពីគេង និងជារៀងរាល់យប់មុនពេលចូលគេង ព្រោះវាពិតជាធ្វឱ្យនាងមានអារម្មណ៍ស្រស់ថ្លា និងរីករាយជាខ្លាំងគ្រប់ពេលដែលនាងទទួលបានសារនេះពីមនុស្សជាទីស្រឡាញ់របស់នាង។
៥. ដល់ផ្ទះប្រាប់ផង
ជាភាសាចង់ដឹងពីសុខទុក្ខរបស់យើងរាល់ពេលដែលយើងចេញពីផ្ទះ ហើយត្រឡប់មកវិញ គេពិតជាបារម្ភពីការធ្វើដំណើររបស់យើងជាខ្លាំង ដូច្នេះសារមួយឃ្លានេះ នឹងធ្វើឱ្យមនុស្សស្រីចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការចេញចររបស់នាងយ៉ាងខ្លាំង ព្រោះនាងដឹងថា មានមនុស្សដែលកំពុងតែចាំមើលផ្លូវ និងបារម្ភនាងពីចម្ងាយ។
ក្រៅពីសារខ្លីៗទាំង៥ចំណុចនេះហើយ ក៏នៅមានសារមួយចំនួនដែលបន្ថែមចំពោះការសន្ទនាគ្នាដូចជា ... " I miss You... I Love You ... I need you ... ជាដើម វាសុទ្ធតែជាភាសាសាមញ្ញ តែវាពិតជាពោរពេញដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង តែសំខាន់ សម្រាប់អ្នកអត់មានស្នេហា ឬអត់មានដៃគូនិយាយពាក្យទាំងនេះជាមួយ ប្រហែលជាជ្រេញ ស្គេញគេណាស់ហើយ ដូច្នេះ មានតែអ្នកមានស្នេហា មានគូផ្អែមល្ហែមនឹងគ្នាទេ ទើបយល់អារម្មណ៍នេះ វាផ្អែមត្រជាក់ និងកក់ក្ដៅប៉ុនណា។
តែយ៉ាងណាក៏ដោយ ភាសាស្នេហាដែលពោរពេញដោយភាពផ្អែមល្ហែម យើងគួរតែរក្សា និងទុកមើលតែគ្នាយើងពីរនាក់ទៅបានហើយ ពុំចាំបាច់បង្ហោះបង្ហាញ បង្អតគេទេ នាំតែគេជ្រេញ អ្នកខ្លះអាចនឹងស្អប់យើងថែមទៀតផង។ លើសពីនេះ ស្នេហាពិត ក្ដីស្រឡាញ់ដ៏មានន័យ គឺអាស្រ័យលើអ្នកទាំងពីរដឹងឮ និងបង្ហាញចំពោះគ្នា មិនមែនស្ថិតលើការបង្ហោះ បង្អួតគេនោះឡើយ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ